ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ដែលបែកគំនិតលួចទូរស័ព្ទនៅចំណុចក្នុងហាងកាហ្វេ កាលពីថ្ងៃទី៨ ខែកុម្ភៈ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅនោះ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «អំពើលួច» តាមមាត្រា៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ ។
សេចក្តីរាយការណ៍បន្តថា ជនត្រូវចោទខាងលើមានឈ្មោះ ភីម សុវណ្ណធឿន ភេទប្រុសអាយុ៣៨ឆ្នាំ សញ្ជាតិអាមេរិក មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ (ចល័ត) ក្នុងក្រុងតាខ្មៅ ។ ចំណែកជនរងគ្រោះឈ្មោះ គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
នគរបាលខេត្តកណ្តាលបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះបានចូលផឹកកាហ្វេដោយយកទូរស័ព្ទរបស់ខ្លួនអស់ថ្មទៅទុកក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអី រួចចូលទៅបន្ទប់ទឹក ។ ខណៈដែលជនរងគ្រោះចូលបន្ទប់ទឹក ស្រាប់តែបុរសជាគ្រូបង្រៀនដែលអង្គុយក្បែរគ្នាបានបន្លំលួចយកទូរស័ព្ទ រួចក៏គេចខ្លួនបាត់ទៅ។
ប្រភពដដែលបន្តថា ដោយមានការសង្ស័យជនរងគ្រោះក៏សុំបើកកាមេរ៉ាសុវត្ថិភាពពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យឆែកមើលឃើញ ស្រាប់តែឃើញគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ ដែលជាជនសង្ស័យអង្គុយក្បែរគ្នានោះធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យ រួចក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយផឹកកាហ្វេនៅហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏ហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុងហោប៉ៅខោ បន្ទាប់មកក៏ឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍តាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពដដែលបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទពីជនរងគ្រោះប្រាកដមែន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ