រាជធានីភ្នំពេញ ៖ បុរសជាកម្មករចំនួន៦នាក់ទៅស៊ីឈ្នួលដកដំឡូងមីនៅជាយដែន ក្នុងនោះ២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះអ្នកថ្មើរជើងនៅចំណុចកើតហេតុមួយកន្លែង បើតាមសំដីអ្នកស្រុកថា ចំណុចនោះដូចមានជើងកបបង្កគ្រោះថ្នាក់ជាញឹកញាប់ ។ ប៉ុន្តែបើតាមមន្ត្រីនគរបាលថា នៅចំណុចកើតហេតុនោះជាផ្លូវកោងងាយគ្រោះថ្នាក់ ហើយសង្ស័យអ្នកបើកបរធ្វេសប្រហែស ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែននៅភូមិក្តឹបថ្មនៃវរសេនាតូច៨០៧ ថ្មពួកបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងបើកបរលើផ្លូវលេខ៥៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរ៉េចង្កូតទៅបុករះបុរសជាអ្នកដំណើរចំនួន៦នាក់ កំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យបាត់បង់ជីវិតចំនួន២នាក់ រងរបួសធ្ងន់ម្នាក់ និង៣នាក់ទៀតរងរបួសស្រាល បន្ទាប់មករថយន្តបង្កបានបន្តជ្រុលធ្លាក់ពីលើផ្លូវទៅបុកដើមឈើ។
តាមប្រភពដដែលបានបន្តថា ជនរងគ្រោះទាំង៦នាក់ខាងលើរួមមាន ១-ឈ្មោះ អូ ទិត្យ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅខេត្តកណ្ដាល (បាត់បង់ជីវិត) ២-ឈ្មោះ សឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្ដៀង ស្រុកបាគង ខេត្តសៀមរាប (បាត់បង់ជីវិត) ៣-ឈ្មោះ ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅប៉ោយប៉ែត (រងរបួសធ្ងន់) ៤-ឈ្មោះ រី លៀប ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឡែម ឃុំកំរៀង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (រងរបួសស្រាល) ៥-ឈ្មោះឈន ចាន់ដេត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្ដៀង ស្រុកបាគង ខេត្តសៀម (រងរបួសស្រាល) និង៦-ឈ្មោះឃឹម រឹទ្ធ ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិរាំងដែក ។ ជនរងគ្រោះទាំង៦នាក់នេះ គឺជាកម្មករទៅស៊ីឈ្នួលដកដំឡូងមីនៅជាយដែន ។ ចំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណនោះទេ បានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះចំនួន២នាក់ដែលបាត់បង់ជីវតត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ដើម្បីរកម្ចាស់មកដោះស្រាយតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ