រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យជិះម៉ូតូលឿនឆ្លងផ្លូវរថភ្លើង បណ្តាលឲ្យកង់ម៉ូតូចូលប្រលោះរ៉ៃរថភ្លើងដួលរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ទល់មុខប៉ុស្តិ៍នគរបាលកាកាបទី២ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះម្នាក់ខាងលើមិនបានស្គាល់អត្តសញ្ញាណនោះទេ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកស្មាសរីវ៉ូ ពណ៌ខ្មៅ លាយពណ៌ក្រហម ពាក់ស្លាកលេខ ក្រុងព្រះសីហនុ ១B-២៨៩២ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើជាផ្លូវងងឹតផងនោះ ស្រាប់តែជនរងគ្រោះជិះម៉ូតូធ្លាក់ចូលប្រលោះរ៉ៃផ្លូវរថភ្លើង បណ្តាលឱ្យដួលបោកនឹងដែករ៉ៃរថភ្លើងរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្ត របស់គ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍យកទៅរក្សាទុក ដើម្បីរង់ចាំប្រគល់អោយជនរងគ្រោះវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ