រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញប្រកាសបញ្ឈប់ការផ្សាយផលិតផលថាំ្នជក់គ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមធ្វើឱ្យរាជធានីភ្នំពេញគ្មានផ្សែងបារី និងថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងលែងឲ្យមានការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះដែលបានធ្វើឡើងដោយសារក្រុមហ៊ុនថ្នាំជក់មួយចំនួនបានផ្សព្វផ្សាយលក់បារីក្នុងទំហំទ្រង់ទ្រាយធំ ហួសពីការពិត ក្នុងគោលបំណងអូសទាញអ្នកលក់បារីទូទាំងប្រទេសឲ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដាក់តាំងបារី ដើម្បីបានទទួលរង្វាន់ពីក្រុមហ៊ុន ពិសេសការអូសទាញអ្នកជក់បារីជាដើម ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គ្រប់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ ត្រូវបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសកម្មវិធីប្រកួតប្រជែង ការតាំងកញ្ចប់បារីដែលល្មើសទៅនឹងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយក្រុមហ៊ុនត្រូវប្រមូលយកចេញអោយអស់ នូវសម្ភារផ្សាយពាណិជ្ជកម្មបារីដែលបានផ្សព្វផ្សាយកន្លងមករួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នៅក្នុងវេបសាយរបស់ក្រុមហ៊ុន និងតាមបណ្ដាញព័ត៌មានសង្គម ។
សកម្មភាពរបស់ក្រុមហ៊ុនទាំងនេះបានបង្ហាញនូវចេតនា មិនត្រឹមតែប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ថែមទាំងបានអូសទាញអ្នកលក់បារីឱ្យរួមចំណែកបទល្មើសរួចខ្លួនដែរ ។
សេចក្តីជូនដំណឹងបានអោយដឹងទៀតថា ការប្រើប្រាស់ផលិតផលថ្នាំជក់គ្រប់ប្រភេទនឹងបណ្តាឲ្យកើតជំងឺជាច្រើន រួមមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់។ ជាងនេះទៅទៀត ការប្រើប្រាស់ថ្នាំជក់បានបណ្ដាលឲ្យម្នាក់ខាតបង់ថវិការហូតដល់៦៤៩ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ។
គួររំលឹកថា អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនិងអង្គការសុខភាពពិភពលោកបានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយក្នុងមួយថ្ងៃៗ មានអ្នកស្លាប់ប្រមាណលើសពី៤០នាក់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ