ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អាជ្ញាធរបានប្រើកណ្តាប់ដៃដែក ដោយដឹកនាំកម្លាំងសមត្ថកិច្ចនគបាល និងកងរាជអាវុធហត្ថ បានយកគ្រឿងចក្រចុះទៅរុះរើសំយាបផ្ទះ និងឈូសឆាយសំណង់ដែលសង់មកលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅតាមដងផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារប្រសូតិ ស្ថិតក្នុងភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
សេចក្តីរាយការណ៍បន្តថា ករណីអាជ្ញាធរប្រើធម៌ក្តៅនេះ កើតឡើងនៅម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ជាលទ្ធផលអាជ្ញាធរបានរុះរើ និងឈួសឆាយបានចំនួន៩ខ្នងផ្ទះមកហើយ។
បើតាមលោកអធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយទាប បានឲ្យដឹងថា ដោយប្រជាពលរដ្ឋ និងអាជីវករ បានសង់យ៉ាបផ្ទះ និងតូបលក់ដូរនៅលើចំណីផ្លូវជាតិលេខ១ ត្រង់ចំណុចទីប្រជុំជនផ្សារប្រសូតិ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ និងបង្កឱ្យមានការស្ទះចរាចរណ៍។
លោកអធិការបន្តថា កន្លងទៅនោះ អាជ្ញាធរស្រុកបានហៅប្រជាពលរដ្ឋ និងក្រុមអាជីវករ ដែលសង់សំណង់លើចំណីផ្លូវសាធារណៈនោះឲ្យរុះរើចេញដោយខ្លួនឯង ក៏ប៉ុន្តែពួកគាត់មិនព្រមរុះរើ និងសង់យ៉ាបផ្គើននឹងអាជ្ញាធរទៀត ទើបអាជ្ញាធរប្រើធម៌ក្តៅ ដោយដឹកនាំកម្លាំងនគរបាលស្រុកស្វាយទាប សហការជាមួយរដ្ឋបាលសាលាស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក និងប្រជាការពារ ដែលដឹកនាំដោយលោក អ៊ុង សា អភិបាលរងស្រុកស្វាយទាប បានចុះរុះរើសំយាបផ្ទះ និងយកគ្រឿងចក្រឈូសឆាយសំណង់ដែលសង់មកលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នៅទីប្រជុំជនផ្សារប្រសូតិ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបនោះតែម្តង ហើយជាលទ្ធផលរុះរើ និងឈូសឆាយបានចំនួន៩ខ្នង/ផ្ទះហើយ។
ប្រភពដដែលបន្តទៀតថា ចំណាត់ការនេះ គឺចុះរុះរើបន្តទៀតរហូតអស់ពីចិញ្ចើមផ្លូវ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងកែលំអរសោភណ្ឌភាពទីប្រជុំជនឲ្យបានល្អ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ