ប្រសិនបើអ្នកមិនទាន់មានបរិញ្ញាប័ត្រ អ្នកក៏នៅតែអាចធ្វើការឲ្យក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំជាងគេលើលោកដែរ ។ យោងទៅតាមលោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ដែលបានចែករំលែកលើ Twitter របស់លោកកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកកំពុងតែរកបុគ្គលិកឲ្យចូលរួមក្រុម Artificial Intelligence របស់ Tesla ។
ប៉ុន្តែលោកបានបន្តថា បេក្ខជនមិនចាំបាច់មាន PhD ឬត្រូវរៀនឲ្យចប់វិទ្យាល័យទេ ។ ផ្ទុយមកវិញ លោកកំពុងតែរកមនុស្សដែលមានការយល់ដឹងជ្រៅជ្រះនៃបច្ចេកវិទ្យា Artificial Intelligence ហើយបេក្ខជនទាំងអស់ត្រូវតែឆ្លងកាត់ការសាកល្បងសរសេរកូដដ៏ពិបាកមួយ ។
វាមិនមែនជាលើកទីមួយដែលលោក ម៉ាស់ បង្ហាញថាការអប់រំមិនមែនជាផ្លូវតែមួយដែលមនុស្សអាចចូលធ្វើការក្នុងក្រុមហ៊ុនធំៗបានឡើយ ។
ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៤ លោកបាននិយាយថា «ប្រសិនបើមនុស្សម្នាក់បានរៀនចប់ពីសាកលវិទ្យាល័យល្អមួយ វាអាចបង្ហាញថាពួកគេអាចមានសមត្ថភាពធ្វើអ្វីល្អៗច្រើន ប៉ុន្តែវាមិនតែងតែដូច្នេះទេ ។ ប្រសិនបើអ្នកមើលទៅកាន់លោក ប៊ីល ហ្គេតស៍ (Bill Gates) ឬ ឡារី អេលីសាន់ (Larry Ellison) ស្ទីវ ចបស៍ (Steve Jobs) វិញ ពួកគេមិនបានរៀនចប់សាកលវិទ្យាល័យទេ ប៉ុន្តែប្រសិនបើអ្នកមានឱកាសទទួលបានពួកគេជាបុគ្គលិក នោះវាពិតជារឿងល្អណាស់» ។
លោក ម៉ាស បានបន្ថែមថា លោកចង់បានភស្តុតាងបង្ហាញពីសមត្ថភាពខ្ពង់ខ្ពស់របស់បេក្ខជនផងដែរ ។ ក្រុមការងារខាងលើនឹងធ្វើការលើផ្នែករថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla។ យោងទៅតាមគេហទំព័ររបស់ក្រុមហ៊ុនបានឲ្យដឹងថា រថយន្តរបស់ Tesla មានបំពាក់ដោយ Hardware ចាំបាច់សម្រាប់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនៅថ្ងៃអនាគត ។ ប៉ុន្តែ Hardware ទាំងនោះនឹងត្រូវការការ Update ផ្នែក Software ដើម្បីពិតជាអាចបើកបរដោយស្វ័យប្រវត្តិទាំងស្រុងពិតមែននៅថ្ងៃណាមួយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ