ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីអគ្គិភ័យ​ឆាប​ឆេះស្ថានីយប្រេងយប់មិញ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មកដល់​ព្រឹកថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០២០ បាន​ឱ្យ​ដឹង​ថា ករណីអគ្គីភ័យ​ឆាបឆេះស្ថានីយប្រេង ឥន្ធនៈយីហោ​ តេ​លា សម្បត្តិ​មាន​ហេង…

រាជធានី​ភ្នំពេញ ៖ មកដល់​ព្រឹកថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០២០ បាន​ឱ្យ​ដឹង​ថា ករណីអគ្គីភ័យ​ឆាបឆេះស្ថានីយប្រេង ឥន្ធនៈយីហោ​ តេ​លា សម្បត្តិ​មាន​ហេង កាលពីយប់ថ្ងៃទី​​៤ កុម្ភៈ ឆ្នាំ​២០២០ គឺបណ្តាលមកពី​ស៊ីទែន​ហ្គា​ស​ចំណុះ​១២០០០​លី​ត្រ​ចំនួន​មួយ​ធុង​នៅ​ក្នុង​ស្ថានីយប្រេង​នោះ​មាន​បញ្ហា​ធ្លាយ​ហ្គា​ស ខណៈ​ក្រុម​ជាង​កំពុង​តែ​ផ្សារ ​ស្រាប់តែ​ខ្ទាតកម្ទេច​​ផ្កាភ្លើង​ប៉ះ​ចំ​កន្លែង​បិទ​បើក​ហ្គា​ស ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បណ្ដាល​ឲ្យ​មនុស្សចំនួន​​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល ។

គួររំលឹកថា ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះស្ថានីយប្រេង​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ស្ថា​នី​យ​ប្រេងឥន្ធនៈ​យីហោ តេ​លា​សម្បត្តិ​មាន​ហេង មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ក្រុម​៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ។

ម្ចាស់​ទីតាំង​កើតហេតុ​ខាងលើ​ឈ្មោះ ព្រុំ សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​បុគ្គលិក​និង​ជា​អ្នក​ស្នាក់​នៅ​កន្លែង​កើតហេតុ​ផ្ទាល់​បាន​ប្រាប់​អោយ​​ដឹង​ថា មុន​ពេល​កើតហេតុ ដោយសារ​តែ​ស៊ីទែន​ហ្គា​ស​ចំណុះ​១២០០០​លី​ត្រ​ចំនួន​មួយ​ធុង​មាន​បញ្ហា​ធ្លាយ​ហ្គា​ស​កន្លែង​បិទ​បើក​ហ្គា​សត្រូវ​ជួសជុល ខណៈ​ពេល​ដែល​ក្រុម​ជាង​កំពុង​នាំ​គ្នា​ផ្សារ​ដែក​ជួស​ជុស​ស្រាប់តែ​ខ្ទាត​កំទេច​ផ្កាភ្លើង​ប៉ះ​ចំ​កន្លែង​បញ្ចេញ​ហ្គា​ស​ដែល​មិន​ជិត​នោះ​ក៏​ធ្លាយ​ចំហាយ​ហ្គា​ស​ចេញ​មក​ក្រៅ​ប៉ះ​នឹង​កំទេច​ភ្លើង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​បណ្តាល​អោយ​បុរស​៣​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​រង​របួស​រលាក​ពេញ​ខ្លួនប្រាណ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​មាន​អគ្គិភ័យ​ខាងលើ​កើតឡើង ម្ចាស់​ស្ថានីយ​រង​គ្រោះ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​អស់​ជា​ច្រើន​គ្រឿង​ផង​ដែរ​។

ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ខាងលើ​នេះ​ដែរ កម្លាំង​អន្តរាគមន៍​បង្ការ​និង​ពន្លត់អគ្គីភ័យ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ រួម​មាន​រថយន្ត​កា​រិ​យា​ល័​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​​ចំនួន​១០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២០​រថយន្ត​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​ចំនួន​មួយ​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៣​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី​ប៉េង​ហួត​ចំនួន​មួយ​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខ័ណ្ឌ​ច្បារ​អំពៅ​ចំនួន​មួយ​គ្រឿង និង​រថយន្ត​ជំនួយ​ទីក្រុង​កោះ​ពេជ្រ​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១​គ្រឿង ។

អគ្គី​ភ័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ការ​និង​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ដោយ​ភ្លើង​មិន​បាន​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឡើយ ហើយ​ក៏​មិន​បាន​ឆេះ​រាលដាល​ដល់​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អ្វី​ផ្សេង​ទៀត​ឡើយ​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ​នេះ ប៉ុន្តែ​បណ្តាល​ឱ្យ​បុរស​៣​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ