ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សោ​ទៅ​ហូប​បាយ​ជាមួយ​សង្សារ តែ​ពេល​មក​វិញ​ឆេះ​ម៉ដ្ឋ​គ្មាន​សល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​លេប​ត្របាក់​អស់​ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ឈើ​លើ និង​ថ្ម​ក្រោម ខណៈ​ពេល​ដែល​​ម្ចាស់ផ្ទះ​នាំ​គ្នា​ទៅ​ហូប​បាយ​នៅ​ហាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​លេប​ត្របាក់​អស់​ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ឈើ​លើ និង​ថ្ម​ក្រោម ខណៈ​ពេល​ដែល​​ម្ចាស់ផ្ទះ​នាំ​គ្នា​ទៅ​ហូប​បាយ​នៅ​ហាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋ កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ផ្លូវ​24BT ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​៦ សង្កាត់​បឹង​ទំពុន​2 ខណ្ឌមានជ័យ ។

យោង​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ សៀង សុខ​លាង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខ​របរ​មន្ត្រី​ចូល​និវត្តន៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​ខាងលើ​នេះ មាន​ទំហំ​6​ម៉ែត្រ​គុណ​នឹង​11​ម៉ែត្រ ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ប្រក់​ក្បឿង ខាងក្រោម​ថ្ម ហើយ​គាត់​បាន​ជួល​​ទៅ​ឱ្យ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​រស់នៅ​ជាមួយ​សង្សារ​ជា​ជនជាតិ​បរទេស ប្រកប​របរ​បើកហាង​លក់​បាយ​នៅ​ផ្សា​របឹង​ទំពុន​។

បើ​តាម​សម្តី​នារី​ជនជាតិ​ខ្មែរ​ឈ្មោះ ជា សុភា​វី អាយុ​35​ឆ្នាំ មុខរបរ​បើកហាង​លក់​បាយ ដែល​មាន​សង្សារ​ជា​ជនជាតិ​បរទេស​ឈ្មោះ Robin Elcberg ជនជាតិ​ស៊ុ​យ​អែ​ត ហើយ​បាន​ជួល​ផ្ទះ​កើតហេតុ​ខាងលើ​នោះ​ស្នាក់​នៅ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​នាង​កំពុង​រវល់​លក់ដូរ​នៅ​ផ្សារ រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់ រូប​គាត់​ក៏​ទូរស័ព្ទ​ហៅ​សង្សារ​របស់​គាត់​ជា​ជនជាតិ​បរទេស​នោះ​ឱ្យទៅ​ញាំ​បាយ​នៅ​ហាង តែ​សង្សារ​គាត់​ប្រាប់​គាត់​ថា អត់​ស្រួលខ្លួន​ទេ ចង់​សម្រាក និង​បាន​ផ្តាំ​ឱ្យ​នាង​ខ្ចប់​បាយ​យក​មក​ឱ្យ​ញ៉ាំ​នៅផ្ទះ​ផង តែ​នាង​មិន​ព្រម ក៏​បាន​បង្ខំ​ឲ្យ​គាត់​ចេញ​ទៅ​ញ៉ាំ​បាយ​នៅ​ហាង ពេល​នោះ​សង្សារ​គាត់​ក៏​ព្រមទៅ និង​បាន​បិទទ្វារ​ផ្ទះ ចាក់សោរ​ចេញ​ទៅ​ញ៉ាំ​បាយ​បាត់​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក បន្ទាប់​ពី​សង្សារ​នាង​មក​ដល់​ហាង​បាយ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ​ជួល បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ផ្ទះ​នាង​រស់នៅ​កំពុង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ ដោយ​លឺ​ដូច្នេះ​នាង​ក៏​ប្រ​ញ៉ាប់​ប្រញាល់​ចេញ​មក​មើល​ទាំង​ភ័យ​ស្លន់ស្លោ តែ​ជា​ការ​សោកស្ដាយ អណ្តាតភ្លើង​បាន​ឆេះ​លេប​ត្របាក់​ផ្ទះ​របស់​គាត់​អស់ទាំង​ស្រុង​ទៅ​ហើយ រួម​នឹង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន​ទៀត​ដូច​ជា លុយ និង​គ្រឿងអលង្ការ​បាត់​អស់​ទៅ​ហើយ​។ ចំពោះ​​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆាបឆេះ ម្ចាស់ផ្ទះ​ដាក់​ការ​សង្ស័យ​ថា មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ហើយ​ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​ការិយា​ល័យ​​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ បាន​បញ្ជាក់​ថា ពិបាក​ក្នុង​ការ​គ្រប់គ្រង ព្រោះ​ជា​ប្រភេទ​ផ្ទះ​ឈើ​ស្ងួត​ងាយ​នឹង​ឆាបឆេះ​លឿន​ត្រឹម​រយៈពេល​ខ្លី ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​​ពន្លត់​អគ្គិភ័យ​អស់​រថយន្ត​ចំនួន​៩​គ្រឿង រួម​មាន​រថយន្ត​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង និង​រថយន្ត​ជំនួយ​ស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង​ផង​ដែរ ។ ទើប​អគ្គិភ័យ​ខាងលើ​នេះ មិន​បាន​​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឡើយ ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ