ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2020​នេះ ​ធនាគារជាតិ​នៃ​កម្ពុជា​ជ្រើស​រើស​យក​ខេត្តមណ្ឌលគិរី បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» សម្រាប់​ឆ្នាំ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ដោះស្រាយ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ខេត្តមណ្ឌលគិរី បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​«​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រើ ប្រាស់​កម្ចី​ក្នុង​ខេត្តមណ្ឌលគិរី​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ ។…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ដោះស្រាយ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ខេត្តមណ្ឌលគិរី បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​«​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រើ
ប្រាស់​កម្ចី​ក្នុង​ខេត្តមណ្ឌលគិរី​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ ។

ជាមួយ​នេះ​ដែរ ក៏​ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មាន គុណ​ភាព និង​មានការ​គ្រប់គ្រង​ពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ច្បាស់លាស់ ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​ពុំ​ទទួល​បាន​ឬ​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវការ ឲ្យ​ងាក​មក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្នុង ប្រព័ន្ធ ដែល​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ធនា​គារ​ជាតិ​នៃ​កម្ពុជា ។

សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​ពេជ្រ​ដា នា​ថ្ងៃ​ទី​៤ ខែកុម្ភៈ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ទេសាភិបាល លោក ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាល​ស្ដីទី​ខេត្តមណ្ឌលគិរី និង​ភាគី​ពាក់ព័ន្ធ ។

លោក ស៊ុំ ស​ន្និ​សិទ្ធ បាន​ថ្លែង​ថា កិច្ច​សហការ​ពី​គ្រប់​ផ្នែក​ពាក់​ព​ន្ធ័​របស់​ខេត្ត​នៅ​ក្នុង​សិក្ខា សាលា​នា​ពេល​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​និង​ចាំ​បាច់​បំផុត នៅ​ក្នុង​ការ​រួមចំណែក​ដល់​កិច្ចការ​អភិ វឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​រយៈពេល​វែង ស្រប​តាម យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ។

លោក​បាន​បញ្ជាក់​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ដើរតួ​នាទី​ជា​សារ​វ័​ន្ត​ក្នុង​ការ​រួម ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ជា​ពិសេស​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តាម តំបន់​ជនបទ ។ ប៉ុន្តែ​ទោះបីជា​បច្ចុប្បន្ន វិស័យ​នេះ​ទទួល​បានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ក៏​ពិតមែន ក៏​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​ពុំ ទទួលស្គាល់ និង​មួយ​ចំនួន​ទៀត​បាន​យក​វិស័យ នេះ​ជា​ឧបករណ៍​ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ផលប្រយោជន៍​ហិរញ្ញវត្ថុ និង​នយោ​បាយ។

ប្រការ​នេះ​ហើយ​បានជា​កន្លង​មកនេះ ធ្វើ​ឲ្យ​កូនបំណុល​ធ្លាក់​ក្នុង​គ្រោះអាសន្ន​រើ​មិន​រួច ហើយ ធ្វើ​ឲ្យ​គ្រួសារ​ខ្លះ​ព្រាត់ប្រាស​និង​ហិនហោច​ទ្រព្យ​សម្បត្តិ ។ ដូចនេះ អាជ្ញាធរ​មូលដ្ឋាន​ចាំបាច់​ត្រូវ​ចូលរួម​សហការ​គ្នា​អនុវត្ត​ច្បាប់ និង​ចាត់​វិធានការ​ចំពោះ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន ដែល ប្រើ​រូបភាព​ឲ្យ​ខ្ចីប្រាក់​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ។ ជាមួយ​នេះ ក៏​ត្រូវ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ពី​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់​សេវា​ហិ រញ្ញ​វត្ថុ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក ស៊ុំ ស​ន្និ​សិទ្ធ បាន​បញ្ជាក់​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មានច្បាប់ ត្រូវ​តែ​មាន​កាតព្វកិច្ច​សង​ប្រាក់​ឲ្យ​គ្រឹះស្ថាន​វិញ ដើម្បី​ឲ្យ​វិស័យ​នេះ​បន្ត​បម្រើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ការ​បង្កើន​និង​ពង្រីក​អាជីវកម្ម និង​សកម្មភាព​នានា តាម​រយៈ​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ខ្នាត​តូច​នៅ​តាម​ជនបទ ។

លោក រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា រាជរ​ដ្ឋា ភិ​បាល​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើន​លទ្ធ
​ភាព​​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​សម​ស្រប និង​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ តាម​រយៈ​ការ​កំណត់​គោលដៅ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ សំដៅ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទទួល​បាន​និង​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​ទាន់​ពេលវេលា សម​ស្រប​តាម​តម្រូវការ មាន​តម្លៃ​សមរម្យ និង​មាន​កិច្ច​ការពារ​តាម​ផ្លូវច្បាប់ ។

លោក​បន្ត​ទៀត​ថា បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ កិច្ច ការ​កាត់​បន្ថយ​វិសមភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ។ បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ពេញវ័យ​នៅ​កម្ពុជា​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​មាន​កម្រិត​ប្រមាណ​៥៩% ដែល​ក្នុង
នោះ​១៧%​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ ៤២% ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដូច​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ។

ប៉ុន្តែ​នៅ​ក្នុង​បញ្ហា​នេះ លោក រ័​ត្ន សុវណ្ណ​នរៈ​បាន​លើក​ឡើង​ថា ដោយសារ​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត បូក​ផ្សំ​នឹង​កត្តា​ប្រាក់​ចំណូល និង​ទីកន្លែង​ស្នាក់​នៅ​ដាច់​ស្រយាល ប្រជាពលរដ្ឋ​ពេញវ័យ​ដែល​ពុំ​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ ឬ​កំពុង​ប្រើប្រាស់​សេវា​ហិ រញ្ញ​វត្ថុ​ក្រៅផ្លូវការ នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ ឡើយ ដែល​មាន​រហូត​៤១% ។ នេះ​ជា​ក្ដី​កង្វល់ មួយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​គិតគូរ​ដោះ ស្រាយ តាម​រយៈ​ការ​អប់រំ​តាម​គ្រប់​រូបភាព រួម​ទាំង​សិក្ខាសាលា​ដូច​ជា​ពេល​នេះ​ផង​ដែរ ក្នុង​ប្រយោជន៍​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​គេច​ចាក​ផុត​ពី​បំណុល​វ័ណ្ឌក​ពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​៧៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​៧ និង​គ្រឹះស្ថាន​ឥណទាន​ជន​ បទ​មាន​ចំនួន​២៤៨ ដែល​មាន​បណ្តាញ​ប្រ​តិ​ប​ត្តិ​ការ​ចំនួន​១.៤៤៨​សាខា​នៅ​ទូ​ទាំង​ប្រទេស​។

ឯ​ទំហំ​ទ្រព្យសកម្ម​សរុប​មាន​ប្រមាណ​៣៤,៨​ទ្រី​លាន​រៀល​(​ស្មើនឹង​៨,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​)
ក្នុង​នោះ​ប្រាក់​កម្ចី​សរុប​មាន​ប្រមាណ​២៩,៤​ទ្រី​លាន​រៀល​(​ស្មើនឹង​៧,២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​)
បាន​ផ្តល់​ដល់​អតិថិជន​ខ្ចីប្រាក់​មាន​ចំនួន​ជាង ២,១​លាន​នាក់ ។

ជា​ការ​កត់សម្គាល់ នៅ​ក្នុង​សិក្ខាសាលា​នេះ​ក៏​បាន​ធ្វើការ​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​បាន​ជួប​កន្លង​មក​ដូច​ជា បញ្ហា​ផ្ដល់​ឥណទាន​ជា​ក្រុម បញ្ហា​កូនបំណុល​ដែល​បាត់​បង់ជីវិត​ទាំង​គ្រួសារ​ដោយ​គ្រោះថ្នាក់​ផ្សេង​ៗ និង​បញ្ហា​ជួប​គ្រោះ​ធម្មជាតិ​ក្នុង​អាជីវកម្ម​កសិកម្ម​ជាដើម ។ ជាមួយ​នេះ ក៏​មានការ​ស្នើ​សុំ​ឲ្យ​មាន​កិច្ចសហការ​ពី​មន្ត្រី​ឥណទាន​ជាមួយ​អាជ្ញាធរ​ផង​ដែរ មុន​នឹង​ឲ្យ​ប្រជាជន​ខ្ចីប្រាក់​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ជាប់បំណុល​វ័ណ្ឌក​នៅ​ថ្ងៃក្រោយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ