ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​សង្គម​សិល្បៈ ខាត់ សុ​ឃី​ម មិន​ពេញ​​ចិត្តការ​បែងចែក​រវាង​បុរាណ និង​សម័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​អ្នកសិល្បៈ​ទាំងអស់​កុំ​បែងចែក​រវាង​សិល្បៈ​បុរាណ និង​សិល្បៈ​សម័យ ខណៈ​ពេល​ដែល​ផ្នែក​ទាំង​ពីរ​នេះ​គឺ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ដូច​គ្នា​នៅ​ក្នុង​ការ​លើក​ស្ទួយ​សង្គម​និង​បម្រើ​អារម្មណ៍​ទស្សនិកជន​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ដូច​គ្នា ។ ខាត់ សុ​ឃី​ម ស្នើ​បែប​នេះ​បន្ទាប់​អ្នកសិល្បៈ​បុរាណ​ហាក់​មាន​គម្លាត​ឆ្ងាយ​ពី​អ្នកសិល្បៈ​សម័យ…

រាជធានី​ភ្នំពេញ ៖​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​អ្នកសិល្បៈ​ទាំងអស់​កុំ​បែងចែក​រវាង​សិល្បៈ​បុរាណ និង​សិល្បៈ​សម័យ ខណៈ​ពេល​ដែល​ផ្នែក​ទាំង​ពីរ​នេះ​គឺ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ដូច​គ្នា​នៅ​ក្នុង​ការ​លើក​ស្ទួយ​សង្គម​និង​បម្រើ​អារម្មណ៍​ទស្សនិកជន​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ដូច​គ្នា ។

ខាត់ សុ​ឃី​ម ស្នើ​បែប​នេះ​បន្ទាប់​អ្នកសិល្បៈ​បុរាណ​ហាក់​មាន​គម្លាត​ឆ្ងាយ​ពី​អ្នកសិល្បៈ​សម័យ ដោយសារ​សិល្បៈ​បុរាណ​ហាក់​មិនសូវ​មានការ​គាំទ្រ និង​មាន​ទីផ្សារ​ច្រើន​ដូច​សិល្បៈ​សម័យ ។
យ៉ាងណា​ក្ដី​ក្នុង​ពេល​ដែល​ខ្លួន​បាន​ផុស​ចេញពី​ផ្នែក​សិល្បៈ​បុរាណ​ម្នាក់​នោះ អ្នក​នាង​ខាត់ សុ​ឃី​ម តែងតែ​អំពាវនាវ​ជា​បន្តបន្ទាប់​ឲ្យ​មានការ​ចូលរួម​លើក​ស្ទួយ​សិល្បៈ​បុរាណ​ពី​មហាជន និង​បាន​ស្នើ​ឲ្យ​អ្នកសិល្បៈ​ដូច​គ្នា​កុំ​ឲ្យ​មានការ​បែក​ចែក​គ្នា​ចំពោះ​ផ្នែក​សិល្បៈ​ទាំង​ពីរ ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​ស្នើ​សុំ​តាម​រយៈ​សារ​ដែល​នាង​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កិច្ចការ​ជា​ប្រចាំ​ខ្ពស់​បំផុត​របស់​សិល្បករ​គ្រប់​វ័យ គឺ​មិន​ត្រូវ​បែងចែក​គ្នា រវាង​សិល្បករ​ផ្នែក​បុរាណ និង​សិល្បករ​ផ្នែក​សម័យ​នោះ​ទេ ថែម​ទាំង​មាន​តួនាទី​សំខាន់​ដូច​គ្នា ក្នុង​ការ​បម្រើ​អារម្មណ៍ និង​បម្រើ​សិល្បៈ​ឱ្យ​បាន​រុងរឿង​ក្នុង​សង្គម ។

យ៉ាងណា​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​នេះ​ពិតជា​បាន​សបញ្ជាក់​ថា នៅ​ក្នុង​រង្វង់​សិល្បៈ​ខ្មែរ​ពិតជា​មានការ​បែក​ចែក​រវាង​សិល្បៈ​បុរាណ និង​សម័យ ខណៈ​ពេល​ដែល​សិល្បៈ​ទាំង​ពីរ​នេះ​ហាក់​មិនសូវ​បាន​បង្ហាញ​វត្តមាន​សម្តែង​រួម​គ្នា​នៅ​ឆាក​តន្ត្រី​នានា​នោះ​ឡើយ​។ សិល្បៈ​ហាក់​ឃ្លាតឆ្ងាយ​យ៉ាង​ខ្លាំង​ពី​សិល្បៈ​សម័យ បើ​សូ​ម្បី​តែ​ទីផ្សារ និង​ការ​គាំទ្រ​ពី​មហាជន​នោះ​ក៏​នៅ​មាន​កម្រិត​ផង​ដែរ បើ​ទោះបីជា​អ្នកមាន​អាជីព​លើ​ផ្នែក​សិល្បៈ​បុរាណ​នេះ​បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ឲ្យ​មានការ​គាំទ្រ​យ៉ាងណា​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់​ក្នុង​ន័យ​ចង់​លើក​ស្ទួយ​សិល្បៈ​បុរាណ​នេះ​កន្លង​មក​អ្នក​នាង​ខាត់ សុ​ឃី​ម ក៏​ធ្លាប់​បាន​បង្ហាញ​នូវ​ឆន្ទៈ​ផ្ទេរ​ចំណេះដឹង​ផ្នែក​បុរាណ​របស់​ខ្លួន​ចេះ​ទៅ​ឲ្យ ក្មេង​ៗ​ជំនាន់​ក្រោយ ដែល​មាន​​បំណង​ចង់​ចាប់​អាជីព​សិល្បៈ​ផ្នែក​បុរាណ​នេះ ក្នុង​ន័យ​អភិរក្ស និង​រក្សា​កុំ​ឲ្យ​បាត់បង់ ។ នាង​ធ្លាប់​បាន​លើក​ឡើង​ថា នាង​ចង់​ធ្វើ​កិច្ចការ​មួយ​លើ​ជំនាញ​សិល្បៈ​ប្រពៃណី​នេះ គឺ​ការ​ចង់​ផ្ទេរ​ចំណេះដឹង​នេះ​ក៏​ព្រោះតែ​មើលឃើញ​ថា សិល្បៈ​ប្រពៃណី​បុរាណ​សឹង​គ្រប់​ទម្រង់​កំពុង​តែ​ធ្លាក់​ចុះ​នូវ​ចំណាប់អារម្មណ៍​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ ហើយ​នាង​ក៏​ជា​អតីត​អ្នកសិល្បៈ​មានការ​លូត​លាស់​មក​ដល់​សព្វថ្ងៃ​ដោយសារ​ចេះ​សិល្បៈ​ប្រពៃណី​បុរាណ​ត​ពី​ឪពុក និង​អាច​ជួយ​គ្រួសារ​ឲ្យ​បាន​រីក​ចម្រើន ដោយសារ​ចេះ​ជំនាញ​នេះ​ផង​ដែរ ។

ខាត់ សុ​ឃី​ម បញ្ជាក់​ថា នាង​នឹង​ធ្វើ​តាម​លទ្ធភាព ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន​ដោយ​ដាក់​ថ្ងៃ​បង្រៀន​២​ថ្ងៃ​ក្នុង ១​ស​ប្តា​ហ៍​គឺ​ថ្ងៃ​សៅរ៍ បង្រៀន ១​ម៉ោង និង​ថ្ងៃអាទិត្យ ១​ម៉ោង ។ យ៉ាងណា​ក្ដី​អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា គោលបំណង​មួយ​នេះ​អាច​នឹង​មានការ​ប៉ះពាល់​ដល់​ការ​បើក​បង្រៀន​​រក​ប្រាក់​កម្រៃ​រៀមច្បង​សិល្បៈ​ខ្លះ ប៉ុន្តែ​អ្វី​ដែល​អ្នក​នាង​ធ្វើ​គឺ​ចង់​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​សិល្បៈ​ប្រពៃណី​ដល់​ក្មេង​ៗ​ខ្វះ​លទ្ធភាព និង​ស្រឡាញ់​វិស័យ​នេះ​តែ​ប៉ុណ្ណោះ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ