រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏បុកបុរសម្នាក់ទៀតកំពុងតែដើរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានម៉ូតូកង់បីដឹកយកទៅភ្លាមៗផងដែរ ចំណែកជនបង្ករងរបួសស្រាល រួចតេហៅប្រពន្ធមកយកម៉ូតូ ស្រាប់តែប្រពន្ធឃើញមនុស្សច្រើនក៏ដួលសន្លប់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងដើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង លុះដើរឆ្លងផ្លូវជិតផុតហាង ស្រាប់តែឃើញម៉ូតូបង្កម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P- 5877 បើកដោយបុរសម្នាក់ពីលិចទៅកើតជិះម្នាក់ឯងក្នុងល្បឿនយ៉ាងលឿន ក៏បានបុកជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅកង់បី ដឹកយកទៅសង្គ្រោះភ្លាមៗផងដរ នៅមន្ទីរពេទ្យឯកជន ។
ប្រភពដដែលបន្តថា ចំណែកឯជនបង្ករងរបួសស្រាល ហើយខណៈពេលបុកជនរងគ្រោះភ្លាមៗនោះក៏បានទាក់ទងហៅប្រពន្ធឱ្យមកយកម៉ូតូចេញពីកន្លែងកើតហេតុ ប៉ុន្តែពេលដែលប្រពន្ធរបស់ជនបង្កមកដល់បំរុងយកម៉ូតូចេញពីកន្លែងកើតហេតុ ស្រាប់តែប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាចាប់ឃាត់ម៉ូតូខាងលើទុក ដើម្បីរង់ចាំដោះស្រាយជាមួយជនរងគ្រោះសិន ចំណែកស្ត្រីជាប្រពន្ធរបស់បុរសជនបង្កដោយឃើញប្រជាពលរដ្ឋមកច្រើនពេកភ័យ ក៏សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុតែម្តង បន្ទាប់មកស្ត្រីរូបនេះក៏ត្រូវបានរថយន្តឯកជនសម្ភពសែនជ័យដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ ម៉ូតូជនបង្កត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចោមចៅទី១ យកទៅ រក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ