ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ​ត្រៀម​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ​២០២០ ខណៈ​កំណើនសេដ្ឋកិច្ច​អាច​នឹង​ធ្លាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​កម្ពុជា​កំពុង​មាន​បញ្ហា​ប្រឈម​មួយ​ចំនូ​ន​ដូច​ជា​ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប ដោយសារ​ការ​គំរាមកំហែង​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា «EBA» និង​ការ​ផ្ទុះ​ជំងឺ​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ។ ដោយឡែក​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​ត្រូវ​បាន​ព្យាករណ៍​ថា​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​កម្ពុជា​កំពុង​មាន​បញ្ហា​ប្រឈម​មួយ​ចំនូ​ន​ដូច​ជា​ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប ដោយសារ​ការ​គំរាមកំហែង​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា «EBA» និង​ការ​ផ្ទុះ​ជំងឺ​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ។ ដោយឡែក​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​ត្រូវ​បាន​ព្យាករណ៍​ថា​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ក៏​ប៉ុន្តែ​មិនជា​ធ្ងន់ធ្ងរ ។

បើ​តាម​លោក​គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​ផ្ដោត​ទៅ​លើ​វិស័យ​កសិកម្ម បើ​ទោះបីជា​វិស័យ​កសិកម្ម​បាន​ថមថយ​បន្តិច​ក្ដី ដោយសារ​តែ​មាន​វិស័យ​ផ្សេង​មក​ជំនួស​ដូច​ជា​កាត់ដេរ និង​វិស័យ​សំណង់ ។​លោក​បាន​បន្ត​ថា​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​ទំលាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​មក​នៅ​ទាប​ជាង​ឆ្នាំ​មុន ដោយ​កត្តា​មួយ​ចំនួន​នោះ ផល​ប៉ះពាល់​មក​លើ​វិស័យមីក្រូហិរញ្ញវត្ថុ​វា​ប្រាកដជា​មាន ដូច្នេះ​ហើយ​ទើប​សមាគម​ត្រូវការ​ត្រៀម​យុទ្ធសាស្ត្រ​ក្នុង​ការ​ទប់ទល់​នឹង​ជំរុញ​អោយ​វិស័យ​នេះ នៅ​តែ​មានដំណើរ​ការ​ល្អ ។

​លោក​គា បូរាណ បាន​បន្ត​ថា «​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូ​រ៉ូ​ណា នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត រួម​ទាំង​កម្ពុជា​ផង​ដែរ ដូច្នេះ​កត្តា​ប្រឈមវិស័យសេដ្ឋកិច្ច​កម្ពុជា​នឹង​កើតឡើង ហើយ​វិស័យ​ហិរញ្ញវត្ថុ​ចង់​មិន​ចង់​គឺ​ត្រូវ​តែ​មាន​ផល​ប៉ះពាល់​ដែរ​ហើយ ។ មួយទៀត​បញ្ហា​ប្រឈម​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ របស់​អឺរ៉ុប​ក៏​អាច​នឹង​ផល​ប៉ះពាល់​ខ្លះ​ដែរ ក៏​ប៉ុន្តែ​ដោយសារ​តែ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​ផ្ដោត​លើ​វិស័យ​កសិកម្ម ដូច្នេះ​ផល​ប៉ះពាល់​គឺ​មិន​ផ្ទាល់​ប៉ុន្មាន​ទេ គឺ​តាម​ប្រយោល​ៗ​ប៉ុណ្ណោះ » ។ ​លោក​បាន​បន្ថែម​ថា ដោយសារ​តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​ដើមឆ្នាំ​២០២០​នេះ​ទៅ​វិស័យសេដ្ឋកិច្ច ដូច្នេះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក៏​មិន​រំពឹង​ថា​មាន​កំណើន​ខ្ពស់​ដូច​កាលពី​ឆ្នាំ ២០១៩​ដែរ ។ រហូត​មក​ដល់​ពេល​នេះ​ទំហំ​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​មាន​ទឹកប្រាក់​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​អ្នក​ប្រើប្រាស់​ឥណទាន​ក្នុង​វិស័យ​នេះ​មាន​ចំនួន​ជាង​២​លាន​នាក់ ។ ដោយឡែក​សម្រាប់​ទំហំ​ទឹកប្រាក់​បញ្ញើ​របស់​អតិថិជន​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ​ដែរ នៅ​មាន​តិច​ជាង​ឥណទាន​ដែល​ផ្ដល់​ជូន​ទៅ​អតិថិជន ដោយសារ​តែ​ចំនួន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​មាន​តែ​៧​ប៉ុណ្ណោះ ដូច្នេះ​គឺ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ។

លោក​បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ ២០២០​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ទិស​ដៅ​ធំ​បី​ដើម្បី​ជំរុញ​ការ​លូតលាស់​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ក្នុង​នោះ មានការ​ពង្រីក​វិសាលភាព​ទាក់ទង​នឹង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដូច​ជា​ការ​បង្កើត​នូវ​វគ្គ​បណ្ដុះបណ្ដាល​នានា ។ មួយទៀត​នោះ បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​បង្កើន​ការ​ទំនាក់ទំនង​រវាង​សមាជិក​ក្នុង​សមាគម និង​ទិស​ដៅ​សំខាន់​មួយទៀត គឺ​ការ​ផ្សព្វផ្សាយ​ពី​ចំណេះដឹង​និង​ព័ត៌មាន​ហិរញ្ញវត្ថុ​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​បន្ថែម ដើម្បី​អោយ​ពលរដ្ឋ​យល់​ដឹង​កាន់តែ​ខ្លាំង និង​អាច​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ដោយឡែក​សម្រាប់​គ្រឹះ​ស្ថានភាព​មួយ​ៗ​ក៏​មាន​ផែនការ​និង​យុទ្ធសាស្ត្រ​រៀងខ្លួន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ដែល​នឹង​កើតឡើង​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ ។

​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​វ​ង្សី វិស្សុត បាន​ថ្លែង​ថា ឆ្នាំ ២០២០​នេះ កម្ពុជា​កំណើនសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​សម្រេច​កំណើន​ប្រមាណ​តែ​ជាង​៦​ភាគរយ តិច​ជាង​កាលពី​ឆ្នាំ ២០១៩ ដែល​សម្រេច​បាន​ជាង​៧​ភាគរយ ។ ការ​ទំលាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ឆ្នាំ​នេះ ដោយ​មើលឃើញ​មាន​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន​ដូច​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ករណី​វីរុស​កូ​រ៉ូ​ណា​ពី​ប្រទេស​ចិន ដែល​ធ្វើ​អោយ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ និង​ការ​មាន​ហានិភ័យ​ចំពោះ​វិស័យ​សំណង់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ