ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​លា​​រៀន​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​សំបូរ​ព្រៃ​ឈើ​តែ​គួរ​ឱ្យ​​សង្វេគ

15 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ សាលាបឋមសិក្សា​ភ្នំ​ក្រហម​ មាន៣បន្ទប់ ស្ថិតនៅចំងាយ​ប្រហែល​៥០​គីឡូម៉ែត្រពីក្រុង​ស្ទឹងត្រែង ក្នុងភូមិសាស្រ្ត​ភូមិភ្នំក្រហម ឃុំស្រែ​ក្រសាំង ស្រុកសៀមបូក ​ជាសាលារៀនដែលមាន​​តែ​ដំបូលប្រក់ស្បូវ​គ្មាន​ជញ្ជាំ​ង​ទេ ​គឺ​កំពុងមានការខ្វះខាត​យ៉ាង​ខ្លាំងបើ​ប្រៀប​ធៀបជាមួយសាលាដទៃទៀតក្នុង​ខេត្ត ។ ទោះ​បី​​ជា​ខេត្ត​នេះ​សំបូរ​ធន​ធាន​ព្រៃ​​ឈើ​ក្តី​​ តែ​ទំនង​ជា​សំបូរ​​ តែ​អ្នក​កាប់​បំផ្លាញ​យក​​ឈើ​ទៅ​លក់​ប៉ុណ្ណោះ ។

​ស្ថាន​ភាព​សាលា​បែប​នេះ បានផ្តល់​នូវ​ការ​លំបាក​​ជា​ច្រើនដល់ប្អូនៗសិស្សានុ​សិស្ស​ដែល​កំពុង​​សិក្សា​នៅទី​នោះ ពីព្រោះ​ថា នៅពេល​ពន្លឺ​ថ្ងៃ​ជះ​មក​ម្តងៗ​ប្អូនៗ​មិនអាចអង្គុយរៀនបានទេ ដោយ​សារតែ​កំដៅ​ថ្ងៃបានធ្វើឱ្យប្អូនៗទាំងនោះ​ក្តៅស្ទើរ​ទ្រាំ​មិនបាន ហើយរត់ទៅជ្រកនៅ​ម្លប់​ឈើ​ដើម្បី​សិក្សាបន្ត ។ ​ស្រី្ត​ឈ្មោះ​សំ នី អាយុ​៤៥​ឆ្នាំ ជាអ្នកលក់នំ​ចំណី​​បន្តិច​បន្តួច​នៅទីនោះ​បាន​ឱ្យ​ដឹងថា សិស្ស​ទាំង​អស់អាចរៀនបានតែ​នៅ​ពេល​ព្រឹក ពីព្រោះ​ពន្លឺ​ថ្ងៃ​មិនសូវ​មានកំដៅ​ខ្លាំង ចំណែក​ពេល​រសៀល​វិញ​​មិនអាចរៀន​បានទេ ដោយសារថ្ងៃក្តៅពេក ។ ជា​មួយ​នេះ ​នៅ​​រដូវ​វស្សា​​សិស្សទាំងអស់ក៏មិនអាចរៀនបានដែរ ពី​ព្រោះ​ទឹកភ្លៀងសាចចូលដល់ក្នុង​ថ្នាក់រៀន ​ដែល​ធ្វើឱ្យក្មួយៗជាសិស្សានុសិស្សមិន​អាច​អង្គុយ​រៀន ក្រោមតំណក់ទឹកភ្លៀងបាន ។

លោកគ្រូឆេង ឌិន បង្រៀនថ្នាក់ទី៣ នៅ​​សាលាបឋមសិក្សាភ្នំក្រហមនេះបានឱ្យដឹងថា គាត់​បង្រៀនតាំងពីឆ្នាំ១៩៩៣ ដែល​ដំបូង​បង្រៀន​​នៅ​ភូមិកោះក្រូច ក្រោយមកក៏ប្តូរមក​បង្រៀន​នៅ​ភូមិ​ដំរីផុង ហើយ​ពេលបច្ចុប្បន្ន​ប្តូរ​មក​​បង្រៀន​នៅសាលាភ្នំក្រហមនេះ ។ សាលា​នេះ​បង្កើត​ឡើង​តាំងពីឆ្នាំ២០០៧ តែមានការខ្វះ​ខាត​​ច្រើន​ណាស់ទាំងសំភារ​សិក្សា និងអគារ​សិក្សា តែទោះជាមានការលំបាក​យ៉ាងណា ​ក៏​គាត់​នៅ​តែ​ខិត​ខំ​​តស៊ូ​​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ទាំងអស់​ដែលមានការព្យាយាម​មក​ក្រេប​យក​ចំណេះ​ដឹង ដើម្បីអនាគត​របស់​​ពួក​គេ​ដែរ ។

ចំណែក​អ្នកគ្រូ មឿន វណ្ណារ៉ា បង្រៀនថ្នាក់​ទី​៤ បានឱ្យដឹង​ដែរថា ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ​សិស្ស​ដែលសិក្សានៅទីនេះ​មាន​ការ​កើន​ឡើង​រហូត ហើយ​ពេលបច្ចុប្បន្នមានសិស្សចំនួន​១៤០​នាក់ ក្នុង​​នោះសិស្សស្រីចំនួន៧៣នាក់ ភាគ​ច្រើន​ជា​កូន​របស់ប្រជាកសិករមកពី​ភូមិភ្នំ​ក្រហម​ ភូមិ អ៊ុំ​ ឃួង ឃុំស្រែក្រសាំង និងមកពី​ខេត្ត​នានា ដែល​ប្រជា​កសិករទាំងនោះបាន​តាំង​ទី​លំនៅថ្មី​ដើម្បី​ធ្វើចំការនៅ​ភូមិនេះ ។ អ្នកគ្រូបានបន្តថា សាលា​មាន​ការខ្វះខាត​ច្រើន​ណាស់ ទាំង​សំភារ​សិក្សា​ និង​បន្ទប់សិក្សា ដើម្បីបំពេញតំរូវការ​របស់​ក្មួយៗដែលកំពុងតែសិក្សា ។ បើអាចស្នើ​សុំ​បាន​ អ្នកគ្រូ​សុំឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងអប់រំ យុវជន និងកីឡា ​ជា​សេនា​ធិការ​ ធ្វើ​គម្រោង​សាង​សង់ឱ្យបាន​ឆាប់ ដើម្បី​ក្មួយៗ​​សិក្សា​នៅ​ទី​នេះ​ទទួលបាន​អគារសិក្សា​មានលក្ខណៈ​ស្តង់ដា​ត្រឹម​ត្រូវ ។ ​ជា​មួយ​នេះ ​អ្នក​គ្រូបាន​ស្នើសុំ​អណ្តូង​ទឹក​នៅក្នុងសាលាផង​ដែរ ដើម្បីបំរើផល​ប្រយោជន៍​ដល់​ក្មួយ​ៗ​សិស្សានុសិស្សក៏ដូចជា ប្រជា​ពលរដ្ឋក្នុងភូមិ ។
មន្រ្តីមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​ ​កាល​ពីថ្ងៃទី១៨ ខែមីនា បាន​និយាយ​ថា សាលាបឋម​សិក្សា​ភ្នំក្រហមនេះ វាគ្រាន់​តែ​ជារោង​សិក្សា​មួយ​ប៉ុណ្ណោះ ហើយពេលកន្លងទៅថ្មីៗនេះ ក្រសួង​បាន​មក​សិក្សារួចហើយលើគម្រោងសាង​សង់​អគារ​​មិនមែនតែមួយកន្លែងទេ គឺមាន៥​ទៅ​៦​កន្លែងឯណោះ ​ដូច្នេះ​មន្ទីររង់ចាំតែគម្រោង​ធ្លាក់​មក​គឺចាប់ផ្តើមសាង​សង់​ ៕