ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ចោរលួច​ទ្រព្យ​អស់​ជាង​​៤​ម៉ឺន​ដុល្លារ​នៅ​ផ្ទះ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​​​ហើយ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ចោរ​ចូល​លួច​គាស់​ទ្វារ​​ផ្ទះ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង​កាលពី​ម៉ោង​២​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​២០២០​នោះ​ហើយ ក៏​ប៉ុន្តែ​ទ្រព្យសម្បត្តិ​លុយកាក់​ត្រូវ​ជនសង្ស័យ​យក​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ជិត​អស់​ទៅ​ហើយ​។ សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ស្ថានីយ​ប្រេង​ឈ្មោះ ទុំ…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ចោរ​ចូល​លួច​គាស់​ទ្វារ​​ផ្ទះ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង​កាលពី​ម៉ោង​២​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​២០២០​នោះ​ហើយ ក៏​ប៉ុន្តែ​ទ្រព្យសម្បត្តិ​លុយកាក់​ត្រូវ​ជនសង្ស័យ​យក​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ជិត​អស់​ទៅ​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ស្ថានីយ​ប្រេង​ឈ្មោះ ទុំ សា​រឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​កា​រ៉ា​ស់​សាំង មាន​ទីលំនៅ​ភូមិ​កៀន​សាំង​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ផា​ន ឌី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​។

បើ​តាម​លោក​វ​សេនីយ៍ ខឹ​ម ឡៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា​នោះ សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ថា នៅ​ក្នុងផ្ទះ (​កា​រ៉ា​ស់​សាំង​) របស់​ឈ្មោះ ទុំ សា​រឿ​ន មាន​ករណី​ចោរ​ចូល​លួច​យក​លុយ​គ្រឿងអលង្ការ និង​សម្ភារៈ​អស់​មួយ​ចំនួន​ទៀត ដូច​ជា ៖

១-​ចិញ្ចៀន​២​វង់ (​ផ្លា​ក​ទី​ន​មួយ​វង់ មាស​១​វង់​) មាន​តម្លៃ​៥,០០០​ដុល្លារ​, ២-​ចិញ្ចៀនមាស​១​វង់ ទម្ងន់​៥ ជី​, ៣-​កងដៃ​ផ្លា​ក​ទី​ន​មួយ​ខ្សៃ​តម្លៃ​ជាង​២,០០០​ដុល្លារ​, ៤-​ក្រវិល​មាស​មួយគូរ​ទម្ងន់​២​ជី​៥​ហ៊ុន​៥, ប្រាក់​ដុល្លារ​ចំនួន​១៣,០០០​ដុល្លារ​, ៦-​ប្រាក់​រៀល​ចំនួន​៩១​លាន​រៀល​, ៧-​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone X-11pro ពណ៌​ខ្មៅ តម្លៃ​ជាង​១,៥០០​ដុល្លារ​, ៨-​ចង្កឹះ​សោរ​រថយន្ត​ចំនួន​ពីរ​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​ផែន​ការងារ​នគរ​បាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ និង​ប្រមែប្រមូល​បាន​នូវ​ភស្តុ​តាង​សំខាន់​ៗ​មួយ​ចំនួន និង​បាន​ទំនាក់ទំនង​ទៅ​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​ឆែកឆេរ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ចោរលួច​យក​ទៅ​នោះ ឃើញ​ថា មុខសញ្ញា​បាន​រត់គេច​ខ្លួន​ទៅ​ដល់​រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ និង​បទបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ជំនាញ​បាន​បន្ត​ចុះ​ស្រាវជ្រាវ​ស៊ើប​អង្កេត លុះ​រហូត​ដល់​ថ្ងៃ​ទី​២៩ មក​រា សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ដែ​ល​ពាក់ព័ន្ធ​ករណី​ចោរលួច​លុយ និង​គ្រឿងអលង្ការ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ខាងលើ​។ ហើយ​ជន​សង្ស័យ​រូប​នេះ​ក៏​ជា​មុខសញ្ញា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX_330 ពណ៌​ស នៅ​តំបន់​ព្រែក​លៀប ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​មក​ផង​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ចូល​ទៅ​លួច​យក​គ្រឿងអលង្ការ​ជា​ច្រើន​ដូច​ជា ខ្សែ​.​ក​, កងដៃ​, ក្រវិល​, ចិញ្ចៀន​, ទូរស័ព្ទ និង​លុយកាក់ សរុប​ជា​ទឹកប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ​នៅ​ក្នុងផ្ទះ​កា​រ៉ា​ស់​សាំង​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​រៀង​នោះ​ពិតប្រាកដ​មែន តែ​បន្ទាប់​ពី​លួច​បាន​ហើយ ខ្លួន​ក៏​យក​ទៅ​ប្តូរ​នៅផ្ទះ​លី​ហួយ​ក​លុយ​ដុល្លារ រួច​ក៏​ចូល​ទៅ​លេងល្បែង​នៅ​កាស៊ីណូ រហូត​ដល់​ចាញ់​អស់ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ និង​យក​លុយ​ខ្លះ​ទៀត​ទៅ​ទិញ​ខ្សែ​.​ក​ប្លា​ក​ទី​ន ព្រមទាំង​សម្ភារ​ទាន់សម័យ​ជា​ច្រើន​ទៀត ហើយ​នៅ​សល់​ប្រាក់​ចំនួន​៥,០០០​ដុល្លារ​, លុយ​ខ្មែរ​១៨​ម៉ឺន​រៀល​, ចិ​ញ្ជៀ​ន​មាស​១​វង់ និង​ក្រវិល​មាស​១​គូ​តែ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ប្រាក់​ដែល​នៅ​សល់​មួយ​ចំនួន​ខាងលើ​ដែល​ដកហូត​ពី​ជនសង្ស័យ ប្រគល់​ទៅ​ឱ្យ​ជន​រង​គ្រោះ​វិញ​ហើយ រីឯ​ជន​សង្ស័យ​ត្រូវ​សមត្ថកិច្ច​ជំនាញ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំណែកឯ​សំណុំរឿង​ករណី​ចោរកម្ម​នៅ​ខេត្តស្វាយ​រៀង​​វិញ សមត្ថកិច្ច​យើង​និង​កសាង​ជា​សំណុំរឿង​ស៊ើបអង្កេត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយ​រៀង ដើម្បី​ចេញ​ដីកាចាប់ខ្លួន និង​ឃុំខ្លួន ដើម្បី​អនុវត្ត​ទោស​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ