ម្ចាស់ដីចោទអាជ្ញាធរឃុំថា មិនបញ្ជាក់ប្រវត្តិដីឱ្យគាត់ និងមិនព្រមធ្វើប្លង់ដីឱ្យ (មានវីដេអូ)
- កណ្តាល
ខេត្តកណ្តាល ៖ ពលរដ្ធមួយគ្រួសារដែលមានប្តីឈ្មោះ ឡឹក ធន អាយុ៧២ឆ្នាំ និងប្រពន្ធ ឈ្មោះ ពាំង សុខ…
ខេត្តកណ្តាល ៖ ពលរដ្ធមួយគ្រួសារដែលមានប្តីឈ្មោះ ឡឹក ធន អាយុ៧២ឆ្នាំ និងប្រពន្ធ ឈ្មោះ ពាំង សុខ…
ខេត្តកណ្តាល ៖ ពលរដ្ធមួយគ្រួសារដែលមានប្តីឈ្មោះ ឡឹក ធន អាយុ៧២ឆ្នាំ និងប្រពន្ធ ឈ្មោះ ពាំង សុខ អាយុប្រហាក់ប្រហែលគ្នា ព្រមទាំងកូនចៅ រស់នៅក្នុងភូមិពពាលខែ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើការចោទប្រកាន់ទៅលើលោក ស៊ុត តូ មេឃុំដីឥដ្ឋថា មិនព្រមបញ្ជាក់ប្រវត្តិដីជូនគ្រួសាររបស់គាត់ ស្របពេលមន្ត្រីជំនាញសុរិយោដីចុះមកពិនិត្យបញ្ជីប្រវត្តិដី ដើម្បីវាស់វែងចេញប្លង់ប្រព័ន្ធកម្មសិទ្ធិអោយពលរដ្ធទូទាំងឃុំដីឥដ្ឋ។
បើតាមគ្រួសារលោកតាឡឹក ធន បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ដីរបស់គាត់នៅចំណុចមាត់បឹងតូច ស្ថិតក្នុងភូមិពពាលខែ ឃុំដីឥដ្ធនេះមានទំហំ១០ហិកតាដែលគ្រួសារគាត់អាស្រ័យផលដាំដំណាំឈូកចិញ្ចឹមជីវិតកូនចៅតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ។ ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៧ គ្រួសារគាត់ក៏បានព្រមព្រៀងគ្នាលក់ដីទំហំ១០ហិកតានេះទៅអោយឈ្មួញឈ្មោះ បាន ប្រាក់ រស់នៅភូមិ ឃុំជាមួយគ្នា ក្នុងតម្លៃ៣៥០០០ដុល្លារសហរដ្ធអាមេរិក ដោយឈ្មោះ បាន ប្រាក់ បានកក់លុយមុនចំនួន៩០០ដុល្លារ ចំណែកលុយនៅសល់ចំនួន៣៤១០០ដុល្លារទៀត ឈ្មោះ បាន ប្រាក់ សន្យាយកមកប្រគល់អោយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៨ ។ លុះដល់ថ្ងៃខែឆ្នាំកំណត់ ឈ្មោះ បាន ប្រាក់ មិនបានយកលុយមកប្រគល់អោយលោកតាឡើយ ។ ដោយសារដាច់ប្រាក់កក់ ហើយឈ្មោះ បាន ប្រាក់ បានធ្វើលិខិតប្រគល់ដីមកអោយគ្រួសារលោកតាវិញ មិនទាមទារអ្វីទាំងអស់។
គ្រួសារលោកតាបានបន្តថា ដល់ពេលថ្មីៗនេះ គ្រួសាររបស់លោកតាបានទៅជួបលោក ស៊ុត តូ មេឃុំដីឥដ្ធ អោយគាត់ជួយបញ្ជាក់ពីប្រវត្តិដី ដើម្បីគាត់សុំធ្វើប្លង់ប្រព័ន្ធកម្មសិទ្ធិនឹងគេ បែរជាលោកមេឃុំរូបនោះមិនបញ្ជាក់អោយទេ ដោយប្រាប់ថា ដីនេះគឺជាដីរបស់ ទេស សុផា ខណៈគ្រួសារលោតាមិនដែលស្គាល់មុខឈ្មោះទេស សុផា នេះប្រុសឬក៏ស្រីផង។
ហេតុដូច្នេះទើបលោកតា លោកយាយ នាំកូនចៅមកឈរនៅកន្លែងដីកាន់រូបថតសម្តេចទាំងពីរ សូមធ្វើការអំពាវនាវសំណូមពរតាមរយៈប្រព័ន្ធផ្សព្វផ្សាយអោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់គ្រួសារលោកតាលោកយាយផង។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ លោក ស៊ុត តូ មេឃុំដីឥដ្ធ បាននិយាយតាមទូរស័ព្ទអោយដឹងនៅរសៀលថ្ងៃទី៣១ ខែមករា ២០២០ នេះថា រូបលោកមិនបាននិយាយដូច្នេះទេ តែលោកអភិបាលស្រុកប្រាប់ថា ដីនឹងជាប់ចូលក្នុងចំណុច០៧៥ ស.ជ.ណ របស់ខេត្ត អញ្ចឹងសូមទាក់ទងសួរខាងស្រុកទៅឃុំមិនហ៊ានលូកទេ។
លោក កេត សុផល ប្រធានការិយាល័យភូមិបាលស្រុក ក៍បានអោយដឹងថា នៅក្នុងឃុំដីឥដ្ធមន្ត្រី ជំនាញរបស់លោក ទើបតែចុះភូមិពពាលខែ ភូមិពពាលខែ២ ភូមិដីឥដ្ធកោះផុស ភូមិដីឥដ្ធកោះផុស២ និងភូមិដីឥដ្ធកោះផុស៣ ។ ហើយការចុះនេះគឺចុះតែដីណាមិនជាប់នៅក្នុងអនុក្រឹត្យរបស់ទីស្តីការដែលមានទំហំ១៥០០ហិកតា ។ ហើយរឿងអាជ្ញាធរមិនបញ្ជាក់អោយនេះ ក្រែងលោដីគាត់ជាប់នៅក្នុងអនុក្រឹត្យ ។ តែបើចង់ដឹងច្បាស់ទៅសួរមន្ត្រីជំនាញដែលកំពុងចុះធ្វើការនោះទៅ ។ ចំណែកលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកលើក៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ