ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង និង​លី ភា ប្រកាស​បំបាក់​ថៃ​ព្រម​គ្នា​លើ​សង្វៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​គូ​ខ្មែរ និង​បរទេស​ទាក់ទាញ សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២ កុម្ភៈ ឆ្នាំ​២០២០​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​គូ​ខ្មែរ និង​បរទេស​ទាក់ទាញ សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២ កុម្ភៈ ឆ្នាំ​២០២០​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ដោយ​មាន​វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា​ផង​ដែរ ។ កីឡាករ​ម្ចាស់ផ្ទះ​២​រូប​គឺ​ឡុ​ង សំណាង និង​លី ភា ដែល​ជា​កីឡាករ​ទើបតែ​ឡើង​កូដ​បាន​ប្រកាស​ស្វាគមន៍​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​មាន​អ្នក​ទស្សនា​ច្រើន​ស្រាប់​ព្រោះតែ​ស្ថានភាព​ទីតាំង ស្របគ្នា​ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ត្រូវ​ចំ​ល្ងាច​ថ្ងៃ​សម្រាក​ផង​កាន់តែ​មាន​អ្នក​ទស្សនា​កកកុញ​ជា​ប្រចាំ ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ ឡុ​ង សំណាង គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន ដ្បិតថា​មិន​ទាន់​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កង ណា​ផា ក្នុង​នាម​ជា​គូ​ឯក​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​ល្ងាច ថ្ងៃអាទិត្យ​ស្អែក​នេះ ។

លោក​យល់​ថា ភាគី​ទាំង ពីរ​ពិតជា​ចង់​ឈ្នះ​ដាច់ខាត​ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម ។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។ លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​គូ​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ។ អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា ជំនួប​រវាង​ជើង​ខ្លាំង​ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។

យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​៩៧​លើក ឈ្នះ​៨៣​លើក ចាញ់​១១​លើក និង​ស្មើ​៣​លើក ឯ​កីឡាករ​ថៃ​ប្រកួត​បាន​៧៥​ដង ឈ្នះ​៦២​ដង ចាញ់​១២​ដង និង​ស្មើ​១​ដង ។

សម្រាប់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​កីឡាករ​លី ភា ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ភេ​ត ម៉ា​ឡា​កត់ ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។

លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់​ប្រហែល​គ្នា ។ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៨៧​លើក ឈ្នះ​៧២​លើក ចាញ់​១៥​លើក និង​​ស្មើ​០ ក្នុង​ពេល​កីឡាករ​ថៃ​ប្រកួត​បាន​ដល់​៦០​លើក ឈ្នះ​៥២​លើក ចាញ់​៨​លើក និង​មិន​ធ្លាប់​ស្មើ ៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ