ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា រិះគន់​លើ​វី​ដេ​អូ​​នារី​១​ក្រុម​​គ្រង​ឈុត​អប្សរា តែ​រាំ​បទ​សម័យ (វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ចាស់វស្សា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​ធ្វើការ​រិះគន់​ទៅ​វី​អូ​ឃ្លី​ប​មួយ​ដែល​បង្ហាញ​ពី​ស្ត្រី​មួយ​ក្រុម​គ្រង​ឈុត​អប្សរា តែ​បែ​ជា​រាំ​បទ​សម័យ​។ វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​មួយ​ក្រុម​ដែល​កំពុង​រស់នៅ​ទី​ក្រុងប៉ារីស…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ចាស់វស្សា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​ធ្វើការ​រិះគន់​ទៅ​វី​អូ​ឃ្លី​ប​មួយ​ដែល​បង្ហាញ​ពី​ស្ត្រី​មួយ​ក្រុម​គ្រង​ឈុត​អប្សរា តែ​បែ​ជា​រាំ​បទ​សម័យ​។

វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​មួយ​ក្រុម​ដែល​កំពុង​រស់នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង បាន​នាំ​គ្នា​គ្រង​ឈុត​អប្សរា​ខ្មែរ​ជាមួយនឹង​ការ​រាំ​យ៉ាងរ​ឃើ​ន​ជាមួយ​បទ «​មោនភាព​ជាតិខ្មែរ​» ។ បើ​ទោះបីជា​ក្នុង​កម្មវិធី​នោះ ពួក​គេ​ហាក់​មាន​បំណង​ចង់​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​សកម្មភាព​ដែល​ពួក​គេ​បាន​ធ្វើ​នោះ វា​បាន​ប្រាស់ចាក​ទាំងស្រុង​ពី​ធាតុ​ដើម​នៃ​តួអង្គ​អប្សរា​។

វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ បើ​ទោះបីជា​បាន​ទទួល​ការ​ចូល​មើល​ជា​ច្រើន​ម៉ឺន​នាក់ គ្រោង​បង្ហោះ​ក្តី ប៉ុន្តែ​វា​ក៏​បាន​ទទួល​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ​ពី​សំណាក់​មហាជន​ខ្មែរ ក្នុង​ពេល​ដែល​សកម្មភាព​នេះ បាន​ធ្វើ​អាប់ឱន​ដល់​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ តារាចម្រៀង​ដ៏​ល្បី​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​បាន​ចូលរួម​នូវ​ការ​រិះគន់ និង​បាន​ចាត់​ទុក​សកម្មភាព​ខាងលើ​នេះ​ថា មិន​មានការ​សមរម្យ មិន​ចំណេញ និង​គួរ​ឱ្យ​ខ្មាស់​អៀន​។ អ្នក​នាង​បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ថា ខ្មែរ​ខ្លួនឯង​មិន​ស្គាល់​វប្បធម៌​ខ្លួនឯង​ច្បាស់ គឺ​អ​ញ្ចឹ​ង ។ មិន​បាន​បន្ទោស​ទេ គ្រាន់តែ​ក្រើនរំលឹក !​។

អ្នក​នាង​បញ្ជាក់​ថា ការ​ស្លៀកពាក់ និង​តុបតែង​ខ្លួន​ជា​តួអង្គ​អប្សរា​របស់​នារី​មួយ​ក្រុម​នេះ ទោះជា​មិន​ត្រូវ​តាម​ទំរង់​ថា ជា​តួអង្គ​អប្សរា​ខ្មែរ​សោះ​ក៏​ពិតមែន តែ​តាម​រយៈ​ការ​លើក​បង្ហាញ​ផ្ទាំង​អក្សរ ក៏​គ្រប់​គ្នា​អាច​យល់​បាន​ថា ពួក​គាត់​ចង់​សំដៅលើ​តួ​នាង​អប្សរា​ខ្មែរ​ហើយ ។ មិនដឹង​ថា ពួក​គាត់​ហាត់រៀន ឬ​ធ្វើ​តាម​ខាង​ណា​ទេ តែ​ពេល​ឃើញ​គាត់​រាំ​ញ័រញាក់​ក្នុង​សម្លៀក​បំពាក់​គ្រឿង​ម្កុដ​បែប​នេះ ពិតជា​មិន​សមរម្យ​ទាល់តែ​សោះ មិន​ចំណេញ​អ្វី​ឡើយ និង​ពិតជា​គួរ​ឱ្យ​ខ្មាស់​អៀន​ណាស់ ។

តែបើ​គិត​ក្នុង​ផ្លូវ​ល្អ តាម​មើល​ប្រហែលជា​ពួក​គាត់​ចង់​លើក​ស្ទួយ​មុខមាត់​ខ្មែរ​ទេ ទើប​ខំ​លើក​អក្សរ​ជា​ខ្មែរ ប៉ុន្តែ​ដោយសារ​ការ​យល់​ដឹង​អំពី​វប្បធម៌ និង​គំនិត​នៃ​ការ​អភិវឌ្ឍន៍​សិល្បៈ​បុរាណ​ខ្មែរ​របស់​ពួក​គាត់​នៅ​មាន​កំរិត ហើយ​មួយ​ផ្នែក​ធំ​ទៀត​ពួក​គាត់​អាច​យល់​ច្រឡំ​ដោយ​ឃើញ​ជនជាតិ​ផ្សេង​ក៏​អាច​យក​ទំរង់​របាំ​បុរាណ​មក Update ជា​លក្ខណៈ​សម័យនិយម​បាន ទើប​ពួក​គាត់​ក៏​ធ្វើ​តាម​គេ​ដែរ​ទៅ​… ពិតជា​គួរ​ឱ្យ​ស្តាយ !​។

បើ​តាម​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បន្ត​ថា ខ្ញុំ​ដឹង​ថា​មាន​បងប្អូន​ខ្មែរ​ផ្សេង​ទៀត​មិន​តិច​ទេ​ដែល​កំពុង​ព្រួយ​ចិត្តនឹង​រឿង​វប្បធម៌​នេះ តាំងពី​រឿង​ពិធីកាត់សក់​បង្កក់​សិរី តែ​បែរជា​តួអង្គ​ប្រុស​ស្រី​តំណាង​ទេវតា និង​ទេពធីតា​ប្រើស​ម្តី និង​កាយវិការ​អា មឹង អាសអាភាស , ហើយ​ពិធីហែជំនូន អ្នកខ្លះ​លែងយក​បទ​ភ្លេង​ការ ចៅ​ព្រា​ហ្ម​មក​ហែរ តែ​បែរជា​ចាក់​ភ្លេង​ធុងបាស់​ហើយ​នាំ​គ្នា​ដើរ​រាំ​ឡក​អា​ឡិ​ក​អា​ឡក់​ទាំង​ខាង​ស្រី​ទាំង​ខាង​ប្រុស បាត់បង់​អស់​ភាព​ជា​ខ្មែរ​ជា​ចាស់ទុំ​ត្រឹមត្រូវ​ថ្លៃថ្នូរ គឺ​នាំ​គ្នា​ធ្វើ​តាម​គេ​តែ​ម្តង ។

ថ្ងៃនេះ​មិត្ត​ជា​ច្រើន​ក៏​បាន​ចោទសួរ​មក​ខ្ញុំ និង​បាន​សំណូមពរ​ឱ្យ​ខ្ញុំ​ជួយ​ជា​មតិ​ក្នុង​រឿង​នេះ​ផង ។ ពិត​ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ និង​ជា​សរសៃឈាម​នៃ​វប្បធម៌​មួយ​រូប​ដែរ ខ្ញុំ​ក៏​តែង​មានការ​ព្រួយបារម្ភ និង​ឈឺឆ្អាល​រាល់​លើក បើ​ទោះជា​គ្មាន​សំណូមពរ ក៏​គង់តែ​ខ្ញុំ​នៅ​មិន​ស្ងៀម​ដែរ ។

តប​តាម​សំណើរ ពេល​នេះ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ជូន​បងប្អូន សូមកុំ​យល់​ច្រឡំ​ថា ឱ្យ​តែ​បាន​ស្លៀកពាក់​ជា​ខ្មែរ និង​ពាក់​ផ្លា​ក​អក្សរ​ជា​ខ្មែរ នោះ​សុទ្ធតែ​ជា​ការ​លើក​ស្ទួយ​ខ្មែរ​ឱ្យ​សោះ ព្រោះ​បើ​ទ​ង្វើ​រ និង​អ​កប្ប​កិរិយា​មិន​សមរម្យ រួម​ទាំង​ការ​ចេះ​តែ​ធ្វើ​តាម​គេ​ដោយ​ខ្វះ​ការ​សិក្សា​ពិចារណា និង​មិន​ស្គាល់​វប្បធម៌​ខ្លួនឯង ដូច្នេះ​គឺ​ប្រៀប​បាន​នឹង​បំផ្លាញ​ទៅ​វិញ​ទេ ។

តាម​អី​ស្រុក​គេ​( ប្រទេស​ជិតខាង​យើង ) ដែល​គេ​ពុំ​មាន​ឫសគល់​វប្បធម៌​ច្បាស់លាស់ គ្មាន​ទំរង់​សិល្បៈ​ពិតប្រាកដ និង​មិន​សំបូរ​បែប​តាម​ពិធី តាម​ផ្នែក​ដូច​ខ្មែរ​យើង ដូច្នេះ​ការ​ច្នៃប្រឌិត​ផ្សេង​ៗ​ក្នុង​សិល្បៈ​របស់​គេ វា​ពិតជា​មិន​ចម្លែក ឬ​ប៉ះពាល់​ដល់​វប្បធម៌​អ្វី​ឡើយ ។

ផ្ទុយ​ទៅ​វិញ ស្រុក​ខ្មែរ​យើង​ដែល​នរណា​ៗ​ក៏​ដឹង​ថា រវាង​ប្រទេស​យើង និង​ប្រទេស​ជិតខាង (ខាងលិច ) គឺ​ខ្មែរ​យើង​ជា​រៀមច្បង​នៃ​គ្រឹះ​វប្បធម៌​សិល្បៈ​បុរាណ ដូច្នេះ​យើង​មិន​អាច​ចេះ​តែ​យក​គ្រឹះ​សិល្បៈ​វប្បធម៌​ដ៏​ចំណាស់​នេះ​មក​កែ​ច្នៃ​លេងសើច​តែ​ផ្តាស​តាម​គេ​បាន​នុះ​ទេ ! ព្រោះ ៖ ទី​មួយ អាច​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​ក្នុង​ភ្នែក​អន្តរជាតិ​ក៏​ដូច​ជា​ក្មេង​ជំនាន់​ក្រោយ​ៗ​ដោយ​ចែក​មិន​ដាច់​ថា ណា​ជា​ខ្មែរ ណា​ជា​គេ​។ ទី​ពីរ មិនយូរ​ទេ​វប្បធម៌​សិល្បៈ​ដ៏​ចំណាស់​មួយ​នេះ ក៏​ត្រូវ​សាប​រលាប​បាត់​ភាព​ដើម​ជា​របស់​ខ្មែរ ហើយនឹង​ដួលរ​លំនៅ​ថ្ងៃ​ណាមួយ​ដោយ​ឥត​ដឹងខ្លួន ។

សូម​បងប្អូន​មេត្តា​គិត ។ បើ​អាណិត និង​ចង់​ចូលរួម​តម្កើង​វប្បធម៌​ជាតិ សូម​បងប្អូន​យល់​ឱ្យ​បាន​ច្បាស់​ថា ដើម្បី​ចូលរួម​ថែទាំ លើក​ស្ទួយ និង​ការពារ​វប្បធម៌​ឱ្យ​គង់វង្ស​តើ​គួរ​ធ្វើ​បែប​ណា ។ ត្រូវ​សិក្សា​ជាមួយ​មន្ត្រី​វប្បធម៌ មន្ត្រី​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​បញ្ចេញស្នាដៃ​អ្វីមួយ ចៀស​វាង​រឿង​អាក្រក់​កើតឡើង ព្រោះ​គ្មាន​បរទេស​ណា​មក​ចូលរួម​ខាតបង់​ជាមួយ​យើង​ទេ ។ នេះ​ជា​មតិ​តិចតួច​ក្នុង​បំណង​ល្អ​តាម​ការ​យល់​ដឹង​ដ៏​ស្តួចស្តើង​របស់ខ្ញុំ​ប៉ុណ្ណោះ សូមកុំ​គិត​ថា ជា​ការ​រាំង​ខ្ទប់ ឬ​ជាន់ពន្លិច​អ្វី​ឱ្យ​សោះ​។ សូម​បងប្អូន និង​មិត្ត​ជួយ​ជា​មតិ​ល្អ​ៗ​បន្ថែម ដើម្បី​វប្បធម៌​ខ្មែរ​យើង​ទាំងអស់​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ​ពី ៖ Meng Keo Pichenda – ពេជ្ជតា)

https://www.facebook.com/1478924762405909/videos/182987819616213/?t=11

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ