ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ព្រោះតែខឹងបងថ្លៃស្រីស្តីបន្ទោសរឿងជេរបញ្ចោរប្តីក៏ប៉ុនប៉ងធ្វើអត្តឃាតដោយចង.កកាលពីព្រឹកថ្ងៃទី១ មីនា ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត ប៉ុន្តែមិនបានសំរេចទេត្រូវអ្នកស្រុកជួយសង្គ្រោះទាន់ពេលវេលាដោយយកកាំបិតកាត់ផ្តាច់កន្សែងដែលចងនោះ។ ស្ត្រីនោះឈ្មោះឈាន សុត អាយុ២៤ឆ្នាំ ចង.កដោយកន្សែងពោះគោដែលហែកច្រៀកតូចៗចងបន្តគ្នានៅទ្វារបន្ទប់ទឹក ខណៈគ្មានមនុស្សនៅ ។ ការប៉ុនប៉ងនោះមិនបានសម្រេចទេ ព្រោះត្រូវអ្នកស្រុកម្នាក់ចូលទៅកាត់កន្សែងចង.កនោះទាន់ពេល។
តាមការឱ្យដឹងពីឈ្មោះណាន់ បូរ៉ាណាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅក្បែរផ្ទះកើតហេតុ និងជាអ្នកចូលទៅជួយប្រាប់ថា គាត់ត្រូវស្ត្រីជាបងថ្លៃរបស់នាងឈាន សុត ប្រាប់ឱ្យចូលទៅតាមមើល ព្រោះឃើញប្អូនថ្លៃស្រីកាន់កូនកាំបិតតូចមួយដើរចូលបន្ទប់ទឹកក្នុងលក្ខណៈខឹងមួហ្មង។ ពេលគាត់ចូលទៅដល់ឃើញនាងចង.ករួចទៅហើយក៏កាត់ផ្តាច់ខ្សែភ្លាម។ នាងបានសន្លប់ស្តូកស្តឹង ហើយត្រូវប៉ូលិសព្រំដែនគោកវរសេនាតូចលេខ៩១១ហៅម៉ូតូកង់បីដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពប៉ោយប៉ែត១ ។
ជុំវិញរឿងចង.កធ្វើអត្តឃាតនេះលោកអៀង វ៉ា នាយរងប៉ុស្តិ៍បឹងសាគូនៃអង្គភាពប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៩១១ប្រាប់ថា យោងតាមការស្រាវជ្រាវគឺស្ត្រីនោះចង.កដោយសារខឹងបងថ្លៃស្តីបន្ទោសរឿងជេរប្តីដៀមដាមប៉ះពាល់ដល់ឪពុកម្តាយក្មេក។បងថ្លៃស្រីបន្ទោសនាងថា បើជេរប្តីគឺជេរតែប្តីបានហើយកុំជេរដល់ឪពុកម្តាយ ។
ទោះបីជាបែបណាក្តីមានមតិជាច្រើនលើកឡើងថា បើត្រឹមតែការស្តីបន្ទោសតិចតួចពីសំណាក់បងថ្លៃស្រីមិនអាចឈានដល់ចង.កទេ ទំនងជាស្ត្រីនោះមានមូលហេតុអ្វីផ្សេងទៀត។ បើតាមប្រភពព័ត៌មានថា បុរសជាប្តីឈ្មោះស៊ីន សំណាង ជាកម្មករបំរើការងារនៅហាងមួយនៅក្រុងប៉ោយប៉ែតយីហោ Good Luck។ នាងឈាន សុត អាចសង្ស័យប្តីក្នុងករណីផ្សេង ព្រោះឮថាព្យាយាមចុចទូរស័ព្ទទៅប្តីមិនចូល។
នៅវេលាម៉ោង១១ ព្រឹកថ្ងៃដដែលបើតាមប៉ូលិសព្រំដែនគោក៩១១ប្រាប់ថា ស្ត្រីនោះបានដឹងខ្លួនវិញ ហើយនៅក្នុងមណ្ឌលសុខភាពប៉ោយប៉ែត១ ប៉ុន្តែភ្នាក់ងារកោះសន្តិភាពពុំអាចសាកសួរផ្ទាល់មាត់បានទេពីមូលហេតុដែលស្ត្រីនោះធ្វើអត្តឃាត ព្រោះក្រុមគ្រូេពទ្យមិនអនុញ្ញាតឱ្យចូលយកព័ត៌មាន ៕


ចែករំលែកព័តមាននេះ