ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ត្រៀម​បន្ទប់​សម្រាប់​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ប្រសិនបើ​មាន

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​មានការ​ណែនាំ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏​ដូច​ជា​លោក​អភិបាលខេត្ត​អំពី​ករណី​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) រួច​មក មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ត្រៀម​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន​៥​ដែល​រៀបចំ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ដល់​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ប្រសិនបើ​មាន ។…

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​មានការ​ណែនាំ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏​ដូច​ជា​លោក​អភិបាលខេត្ត​អំពី​ករណី​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) រួច​មក មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ត្រៀម​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន​៥​ដែល​រៀបចំ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ដល់​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ប្រសិនបើ​មាន ។ ជាមួយ​នោះ​ដែរ មន្ត្រី​ជំនាញ​សុខាភិបាល​ក៏​បាន​បោះពុម្ព​ខិត្តប័ណ្ណ​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​បាន​យល់​ដឹង​និង​ប្រុង​ប្រយ័ត្ន​កុំអោយ​ឆ្លង​ជំងឺ​ប្រភេទ​នេះ​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត​គី​ម សួរ​ភិ​រុណ ប្រធាន​បន្ទាយ​សុខាភិបាល​ខេត្តកំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ពី​សំណាក់​លោក​សាស្ត្រាចារ្យ​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ពេល​មានការ​ភ្ញាក់ផ្អើល​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​នោះ ខាង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ធ្វើការ​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ចំនួន​២៥​នាក់ ឲ្យ​ទទួល​បាន​ចំណេះដឹង​និង​ជំនាញ​ក្នុង​ការ​ព្យាបាល​ជំងឺ​ប្រភេទ​នេះ​។

លោក​វេជ្ជបណ្ឌិត​គី​ម សួ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា​ទោះបីជា​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែទាំ​របស់​មន្ត្រី​ជំនាញ​នៅ​ទីនោះ​យ៉ាង​យកចិត្តទុកដាក់​ ។ ​ដោយឡែក​នៅ​ខេត្តកំពង់ចាម​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២០ មិន​ទាន់​រក​ឃើញ​ជំងឺ​ប្រភេទ​នេះ​នៅ​លើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅឡើយ​ទេ​។

លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក្នុង​នោះ​មន្ទីរពេទ្យ​ខេត្ត​បាន​រៀបចំ​បន្ទប់​រួចរាល់​ជា​ស្រេច​ចំនួន​៥​បន្ទប់ ដែល​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ត្រៀម​ទទួល​និង​ព្យាបាល​ជំងឺ​ប្រភេទ​នេះ ក្នុង​ករណី​ប្រសិនបើ​រក​ឃើញ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ជំងឺ​ប្រភេទ​នោះ ។

លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា រូប​លោក​បាន​កោះហៅ​ប្រធាន​មន្ទីរពេទ្យ​ចំនួន​៩ ព្រមទាំង​អ្នកគ្រប់គ្រង​មណ្ឌល​សុខភាព​ចំនួន​៩១ មក​ទទួល​ការ​ណែនាំ​បន្ថែម ក្នុង​នោះ​មានការ​បោះពុម្ព​ខិត្តប័ណ្ណ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​នៅ​តាម​សហគមន៍​នីមួយ​នីមួយ​ៗ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​និង​ចេះ​ការពារ​កុំអោយ​ឆ្លង​ជំងឺ​ប្រភេទ​នេះ​។ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម​បាន​នាំ​គ្នា​ទិញ​ម៉ាស់​ពាក់​ការពារ ដើម្បី​ចៀសវាង​កុំអោយ​ឆ្លង​ជំងឺ​ប្រភេទ​នេះ ត្រូវ​ចេះ​អនាម័យ និង​ឧស្សាហ៍​លាងដៃ​ជាមួយនឹង​សាប៊ូ​ឱ្យ​បាន​ស្អាត​មុន​នឹង​ទទួលទាន​អាហារ ។ លោក​ក៏​បាន​ចេញ​លិខិត​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន​នានា​កុំ​ឲ្យ​មានការ​ដំឡើង​ថ្លៃ​ម៉ាស់​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ស្រុក​ក្រុង​ទាំង​១០​ក្នុង​ខេត្តកំពង់ចាម បើ​មាន​ជំងឺ​ផ្ដាសាយ​ដែល​សង្ស័យ​ដោយ​ប្រការ​ណាមួយ​នោះ​សូម​ប្រញាប់​មក​រក​គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ។ រូប​លោក​សង្ឃឹម​យ៉ាង​មុតមាំ​លើ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សិស្សានុសិស្ស​ត្រូវ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺ «​ផឹក​ស្អាត ហូប​ស្អាត និង​រស់នៅ​ស្អាត​» ។

ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) នេះ​ដែរ ស្ត្រី​ឈ្មោះ​ហេង ណា​ក់ អាយុ​៦១​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ មក​រា ២០២០ នេះ​ថា មក​ដល់​ចុង​ខែមករា ឆ្នាំ​២០២០ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) នេះ​មក នៅ​ផ្សា​របឹង​កុក ក្នុង​ក្រុង​កំពង់ចាម​ មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​នាំ​គ្នា​មក​ផ្សារ​ទិញ​ម្ហូបអាហារ ក្នុង​នោះ​គាត់​សង្កេត​ឃើញ​មាន​អ្នកខ្លះ​ពាក់​ម៉ាស់​ការពារ​កុំអោយ​ឆ្លង​ជំងឺ ចំណែក​អ្នកខ្លះ​ទៀត​មិន​ពាក់​ក៏​មាន​ដែរ ។ ចំណែក​គាត់​វិញ​មិន​បាន​ពាក់​ម៉ាស់​នោះ​ទេ ដោយ​មាន​ក្រមា​មួយ​នៅ​ក្នុង​ដៃ​ពេល​ណា​ដែល​មាន​មនុស្ស​ច្រើន​ដើរ​ចូល​មក​ផ្សារ​ឆ្លងកាត់​កន្លែង​លក់ដូរ​របស់​គាត់​គឺ​យក​ក្រមា​មក​ខ្ទប់​ច្រមុះ​ពេល​ណា​មនុស្ស​រាង​ស្បើយ គាត់​នឹង​យក​ក្រមា​ចេញ​។

ចំណែក​ម្ចាស់​ឱ​សថ​ស្ថាន​មួយ​កន្លែង​នៅ​ជិត​ផ្សា​របឹង​កុក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) គឺ​មាន​ប្រជាពលរដ្ឋ​មិន​ថា​ចាស់ ឬ​ក្មេង​នោះ​ទេ​បាន​នាំ​គ្នា​សម្រុក​មក​ទិញ​ម៉ាស់​យក​ទៅ​ពាក់​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​ប្រភេទ​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ