ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ណា​វីរុស : បន្ថយ​ការ​ភ័យ​ខ្លាច​បង្កើន​ការ​យល់​ដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ដែល​កូ​រ៉ូ​ណា​វីរុស​កំពុង​តែ​វាយលុក​ចូល​ដល់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ដោយ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​អោយ​មានការ​យកចិត្តទុកដាក់​ថែទាំ​សុខភាព តាម​រយៈ​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​កុំអោយ​ឆ្លង​មេរោគ​នេះ ។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​អំពាវនាវ​អោយ​បន្ថយ​ការ​ភ័យ​ខ្លាច​ដែល​មិន​សម​ហេតុផល ខណៈ​ដែល​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស ឬ​ក៏​បាន​ស្លាប់​នោះ​ឡើយ…

ខណៈ​ដែល​កូ​រ៉ូ​ណា​វីរុស​កំពុង​តែ​វាយលុក​ចូល​ដល់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ដោយ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​អោយ​មានការ​យកចិត្តទុកដាក់​ថែទាំ​សុខភាព តាម​រយៈ​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​កុំអោយ​ឆ្លង​មេរោគ​នេះ ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​អំពាវនាវ​អោយ​បន្ថយ​ការ​ភ័យ​ខ្លាច​ដែល​មិន​សម​ហេតុផល ខណៈ​ដែល​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស ឬ​ក៏​បាន​ស្លាប់​នោះ​ឡើយ ។

ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ដោយ​បាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់ និង​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៦០០០​នាក់​ក្នុង​ពិភពលោក ។ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​គេ​បាន​រក​ឃើញ​មួយ​ករណី​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ការ​រក​ឃើញ​ករណី​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ បាន​ចាប់ផ្តើម​អោយ​មានការ​ភ័យ​ខ្លាច​ខ្លាំង​ក្នុង​ចំណោម​សាធារណជន ។ ការ​ភ័យ​ខ្លាច​នោះ​កាន់តែ​មាន​កម្រិត​ខ្លាំង​ឡើង​ដោយសារ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​មាន​ចរិត​បំពុលបរិយាកាស​ផង​ដែរ ។

ម៉ាស​មុខ​ត្រូវ​បាន​គេ​លក់​បង្កើន​តម្លៃ​ច្រើន​ហួសហេតុ ខណៈ​ដែល​មនុស្ស​ម្នា​ភ័យ​ខ្លាច​កើត​ជំងឺ​នេះ​ហើយ​នាំ​គ្នា​សម្រុក​ទិញ​តាម​ឪ​ស​ថ​ស្ថាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិសេស​នៅ​ភ្នំពេញ ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​ដ៏​កម្រ​មួយ ដើម្បី​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​កុំអោយ​មានការ​ភ័យ​ខ្លាច​ជ្រុល​ហួសហេតុ​ទៅ​លើ​ការ​ឆ្លង​មេរោគ​នេះ ។ ទន្ទឹម​ជាមួយ​គ្នា​នោះ​សម្តេច​ក៏​បាន​អំពាវនាវ​អោយ​សាលារៀន ក្រុមហ៊ុន វត្ត​អារាម និង​ស្ថាប័ន​នានា​ដំណើរការ​ដូច​ធម្មតា​ជាមួយនឹង​ការ​បង្កើន​ការ​ថែរក្សា​អនាម័យ ដើម្បី​បង្ការ​ការ​ឆ្លង​កូ​រ៉ូ​ណា​វីរុស ។ កូ​រ៉ូ​ណា​វីរុស​មក​ដល់​ពេល​នេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៣០​នាក់ និង​បាន​ឆ្លង​ដល់​មនុស្ស​ចំនួន​ជាង​៦០០០​នាក់ ។

អ្នកជំនាញ​និយាយ​ថា ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ភាគច្រើន​បំផុត​អាច​នឹង​ជា​សះស្បើយ​ឡើង​វិញ ហើយ​អត្រា​មរណៈ​ដោយសារ​ជំងឺ​នេះ​មាន​ប្រហែលជា​បី​ភាគរយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​អោយ​មានការ​ចាត់វិធានការ​ទូ​ទាំង​ពិភពលោក​ប្រឆាំង​នឹង​កូ​រ៉ូ​ណា​វីរុស ហើយ​កំពុង​ពិចារណា​ថា ត្រូវ​ប្រកាស​ស្ថានភាព​អាសន្ន​ទូ​ទាំង​ពិភពលោក ឬទេ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន BBC របស់​អង់គ្លេស ។ នៅ​ប្រទេស​កម្ពុជា​សេចក្តី​ភ័យ​ខ្លាច​បាន​គ្របដណ្តប់​ខ្លាំង ខណៈ​ដែល​ព័ត៌មាន​យ៉ាងច្រើន​ដោយ​រួម​ទាំង​ព័ត៌មាន​មិន​ពិត​ផង បាន​ជន់​លិច​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ជំនួស​អោយ​ការ​ភ័យ​ខ្លាច​ទាំងនោះ ប្រជាជន​កម្ពុជា​គប្បី​បង្កើត​ការ​យល់​ដឹង​អំពី​កូ​រ៉ូ​ណា​វីរុស និង វិធានការ​នានា​ដើម្បី​បង្ការ​ជំងឺ​នេះ ។ ការ​ភ័យ​ខ្លាច​ស្លន់ស្លោ​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​អ្វី​បាន​ឡើយ ប៉ុន្តែ​វា​គ្រាន់តែ​ធ្វើ​អោយ​សភាពការណ៍​កាន់តែ​អាក្រក់​ប៉ុណ្ណោះ ។ ជំនួស​អោយ​ការ​ភ័យ​ខ្លាច​ប្រជាជន​ត្រូវ​បង្កើន​ការ​យល់​ដឹង​អំពី​មេរោគ និង​វិធានការ​បង្ការ​មេរោគ​នេះ​តាម​រយ​យៈ​ការ​តាមដាន​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន ហើយ​ទន្ទឹម​នោះ​ចៀសវាង​ការ​នាំ​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​កូ​រ៉ូ​ណា​វីរុស ដើម្បី​កុំអោយ​បង្កើន​ការ​ភ័យ​ខ្លាច​ជ្រុល​នៅ​ក្នុង​ចំណោម​សាធារណជន ។

វិធានការ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​នេះ​រួម​មានការ​ពាក់​ម៉ាស​នៅ​ទីកន្លែង​ចាំបាច់​ការ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អាកុល​យ៉ាងតិច​២០​វិនាទី​អោយ​បាន​ញឹកញាប់ ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​អ្នក​កើត​ជំងឺ​នេះ​ចៀសវាង​ការ​យកដៃ​មិន​បាន​លាង​សម្អាត​ទៅ​ប៉ះពាល់​មាត់ ភ្នែក និង​ច្រមុះ ប្រើ​ក្រដាស​ឬ​កន្សែង​ខ្ទប់​ពេល កណ្តាស ឬ​ក្អក សម្រាក​នៅផ្ទះ​នៅ​ពេល​ដែល​អ្នក​ឈឺ​ជាដើម ។

ជាមួយនឹង​ការ​យល់​ដឹង​កាន់តែ​ច្បាស់លាស់​អំពី​កូ​រ៉ូ​ណា​វីរុស ប្រជាជន​កម្ពុជា​នឹង​កាន់តែ​អាច​កាត់ បន្ថយ​ការ​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ដែល​កំពុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ