ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា វេស​ឡាញ ចូលរួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​មក​ដល់​សិស្ស​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ករណី នៅ​ខេត្ត​ព្រះ​សីហ​នុ ប្រជាពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច និង​នាំ​គ្នា​ការពារ ដោយ​ពាក់​ម៉ាស និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ ដោយឡែក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ករណី នៅ​ខេត្ត​ព្រះ​សីហ​នុ ប្រជាពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច និង​នាំ​គ្នា​ការពារ ដោយ​ពាក់​ម៉ាស និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ដោយឡែក សាលា វេស​ឡាញ ដែល​ជា​ស្ថាប័ន​អប់រំ​ឯកជន​ធំ​មួយ​នៅ​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​នេះ​ដល់​សិស្សានុសិស្ស និង​សាធារណជន​ផង​ដែរ ខណៈ​មាន​មាតាបិតា និង​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​បាន​ស្នើ​សុំ​ផ្អាក​ការ​សិក្សា​របស់​កូន​មួយ​រយៈ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា វេស​ឡាញ បានឱ្យ​ដឹង​ថា សាលា​បាន​ដាក់​វិធានការ​មួយ​ចំនួន​នៅ​គ្រប់​សាខា ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​មក​ដល់​សិស្ស​របស់​ខ្លួន ក្នុង​នោះ​រួម​មាន ៖

១. តាមដាន​វាស់​ស្ទង់​កំ​ដៅ​សិស្ស​មុន​ពេល​ចូល​ថ្នាក់រៀន​គ្រប់​ថ្នាក់​គ្រប់​កម្រិត
២. អាណាព្យាបាល​គួរ​មាន​ម៉ាស​ការពារ និង​ដាក់​កន្សែង​ជូត​ដៃ​ផ្ទាល់ខ្លួន​ក្នុង​កាបូប​កូន​ជា​ប្រចាំ
៣. គ្រូ​ត្រូវ​កំណត់​ឱ្យ​សិស្ស​ត្រូវ​លាងដៃ​ជា​រៀង​រាល់ពេល​មុន​ចូល​ថ្នាក់រៀន និង​ញ៉ាំ​អាហារ ឬ​ពេល​ឃើញ​មាន​ដៃ​កខ្វក់

៤. បង្កើន​ការ​សម្អាត និង អនាម័យ​នៅ​ក្នុង​បរិវេណ​សាលា និង​ថ្នាក់រៀន
៥. ត្រូវ​ប្រ​ញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ ពិនិត្យ​តាមដាន ករណី​សង្ស័យ​ថា​មាន​ជំងឺ
៦. ត្រូវ​មាន​សាប៊ូ​លាងដៃ និង​ក្រដាសអនាម័យ​នៅ​គ្រប់​បន្ទប់ទឹក​សាលារៀន
៧. ត្រូវ​ជៀសវាង​ការ​ប៉ះពាល់​អ្នកជំងឺ​ដែល​មាន​អាកា​រៈ​គ្រុនក្ដៅ និង​ផ្ដាសាយ
៨. សូម​ក្រុម​គ្រួសារ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ចិន សូម​នៅផ្ទះ​តាមដាន​សុខភាព​១​ស​ប្ដា​ហ៍ សិន​មុន​អោយ​កូន​មក​សាលារៀន ឬ​ចូល​បម្រើ​ការងារ

៩. ក្នុង​ករណី​មានការ​សង្ស័យ ត្រូវ​រាយការណ៍​មក​ការិយាល័យ​កណ្ដាល និង​ទូរស័ព្ទ​បន្ទាន់​ទៅ​លេខ ១១៥ ។

បើ​តាម គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វេស ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ឱ្យ​ដឹ​ថា សាធារណជន​សូមកុំ​មានការ​ជ្រួលច្របល់ និង​ភ័យ​ហួសហេតុ​ពេក ព្រោះ​អ្នកជំនាញ​បាន​បញ្ជាក់​ថា វា​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា និង​មិន​អាច​ធន់​នឹង​អាកាស​ក្ដៅ​ដូច​នៅ​កម្ពុជា​នោះ​ទេ ។ តាម​ឯក​សារបាន​បញ្ជាក់​ថា វីរុស​នេះ គឺ​ធន់​នឹង​អាកាសធាតុ​ក្រោម​២០​អង្សា​សេ ចំណែក​នៅ​កម្ពុជា​គឺ​មាន​អាកាសធាតុ​ក្ដៅ​ជាង​នេះ ដូច្នេះ​នៅ​ពេល​ដែល​វា​ចេញពី​មនុស្ស​ម្នាក់​មក​ប៉ះ​បរិ​កាស​ខាងក្រៅ​វា​នឹង​ងាប់​ភ្លាម ។

លោក​បន្ត​ថា ឪពុក​ម្ដាយ​ដែល​បាន​ស្នើ​សុំ​ឱ្យ​ផ្អាក​ការ​សិក្សា​របស់​កូន សូម​ឈប់​បារម្ភ និង​បញ្ជូន​កូន​មក​រៀន​ធម្មតា​វិញ ដើម្បី​ឱ្យ​កូន​អាច​រៀន​បាន​ទាន់​កម្មវិធី​សិក្សា ពីព្រោះ​សាលា​បាន​ដាក់​វិធានការ​មួយ​ចំនួន​រួច​ហើយ ដើម្បី​ការពារ​ទប់ស្កាត់​នូវ​ការ​ឆ្លង​វីរុស​នេះ ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៩ មក​រា ២០២០​នេះ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​មាន​ចំនួន​ជាង​៦​ពាន់​នាក់ ក្នុង​នោះ​អ្នក​ស្លាប់មាន​ចំនួន​១៣២​នាក់ ដែល​អ្នក​ស្លាប់​ទាំងអស់ គឺ​នៅ​ប្រទេស​ចិន ដោ​យឡែក​កម្ពុជា ក៏​បាន​រក​ឃើញ​ករណី​អ្នក​ផ្ទុក​វីរុស​នេះ​១​នាក់​ជា​ជនជាតិ​ចិន​មក​ពី​ទីក្រុង​វូ​ហាន​ប្រទេស​​ចិន​ដែល​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ