រាជធានីភ្នំពេញ ៖ បុរសជាម្ចាស់ម៉ូតូ២នាក់បានបង្ខំចិត្តលោតចុះពីលើម៉ូតូរបស់ខ្លួនគេចរួចផុតពីគ្រោះថ្នាក់ខណៈដែលជិះម៉ូតូឈប់ស្តុប ហើយរថយន្តដឹកដីបើកបោះពួយបុកពីក្រោយនឹងកិនម៉ូតូមួយគ្រឿងជាប់ក្រោមរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចស្តុបវិថីឧកញ៉ា ម៉ុង ឬទ្ធី កែងផ្លូវលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រថយន្តដែលកើតមានគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A-0194 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។ ចំណែកម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ ភ្នំពេញ 1HN-1125 បានរងការខូចខាតបែកស្តុបក្រោយ និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាកផ្លាកលេខ ភ្នំពេញ 1BN-1939 ត្រូវរថយន្តកិនខ្ទេចផ្នែកខាងស្រុងខូចខាតស្ទើរតែស្រុង ។
តាមនគរបាលឱ្យដឹងថា ម៉ូតូ២គ្រឿងបានរងការខូចខាត ខណៈឈប់ស្តុបហើយត្រូវរថយន្តដឹកដីមកបុកពីក្រោយហើយកិនជាប់ម៉ូតូមួយគ្រឿង ។ ចំណែកម្ចាស់២នាក់បានគេចផុតពីគ្រោះថ្នាក់ ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូ២គ្រឿងបានធ្វើដំណើរតាមបណ្តាយវិថីឧកញ៉ា ម៉ុង ឬទ្ធី ក្នុងទិសដៅពីកើតទៅលិច ។ នៅពេលមកដល់កន្លែងកើតហេតុឈប់ស្តុបត្រូវរថយន្តដឹកដីមកបុកពីក្រោយ និងកិនជាប់ម៉ូតូ១គ្រឿងតែម្តង ។ ចំណែកម្ចាស់ម៉ូតូបានលោតចុះគេចខ្លួនរួចផុតពីគ្រោះថ្នាក់ ។ តាមអ្នកបើកបរបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់ដោយសាតែរថយន្តជាន់ហ្វ្រាំងមិនស៊ីក៏បានចង្កូតគេចរថយន្តទៅបុក និងកិនម៉ូតូតែម្តង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ