ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ រតនា ប្តេជ្ញា​បង្វឹក​កូនសិស្ស​ឱ្យ​ស្ទាត់​គុន​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ​ចាស់វស្សា ចាន់ រតនា កំពុង​តែ​សកម្ម​ក្នុង​ការ​បង្ហាត់​សិស្ស ដោយ​លោក​ស្ទើរតែ​ប្រើ​ពេល​ជាមួយ​គ្រួសារ​មក​នៅ​ជាមួយ​ក្លិប ដោយសារ​តែ​លោក​ស្រឡាញ់​ក្លិប និង​កូនសិស្ស…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ​ចាស់វស្សា ចាន់ រតនា កំពុង​តែ​សកម្ម​ក្នុង​ការ​បង្ហាត់​សិស្ស ដោយ​លោក​ស្ទើរតែ​ប្រើ​ពេល​ជាមួយ​គ្រួសារ​មក​នៅ​ជាមួយ​ក្លិប ដោយសារ​តែ​លោក​ស្រឡាញ់​ក្លិប និង​កូនសិស្ស ។ លោក​បាន​ប្រកាស​ជា​ចំហ​ថា នឹង​តស៊ូ​បង្ហាត់​សិស្ស​រហូត​ទាល់តែ​ក្លិប និង​កូនសិស្ស​លែង​ត្រូវការ​ដើម្បី​បាន​រួមចំណែក​ឱ្យ​អស់​លទ្ធភាព​ជួយ​ដល់​ក្មេង​ៗ​មួយ​ចំនួន​ឱ្យ​ក្លាយជា​កីឡាករ​ប្រដាល់​ដាក់​ទ្រុង​អាជីព និង​ជា​អ្នក​ប្រដាល់សេរី​ដែល​មាន​ជំនាញ​ពិតប្រាកដ​។

ការ​លើក​ឡើង​របស់​លោក គឺជា​ការ​ប្រកាស​ជំហរ​មួយ​ថ្មី បន្ទាប់​ពី​មួយ​រយៈពេល​មុន លោក​បាន​ប្រកាស​ផែនការ​ដល់​ទៅ​២​សម្រាប់​ឆ្នាំ​២០២០​នេះ ។ លោក​នឹង​ទទួល​ប្រកួត​ឱ្យ​បាន​៤​លើក​នៅ​សង្វៀន ONE Championship ក្នុង​ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​កាលពី​ឆ្នាំ​២០១៩ លោក​មាន​ឱកាស​ឡើង​ប្រកួត​បាន​តែ​២​លើក ។

លោក​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ប្រកួត​ច្រើន​តែ​ទទួល​តែ​២​ប្រកួត​ដោយសារ​តែ​ក្នុង​ពេល​នោះ​រវល់ និង​បណ្ដាល​មក​ពី​ហ្វឹកហាត់​មិន​គ្រប់គ្រាន់​។

លោក​ថា ចង់​ប្រកួត​ឱ្យ​បាន​៤​ដង ទី​១​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ និង​ទី​២ ចង់​ដឹង​ថា​ក្រោយ​ពី​មាន​បទពិសោធន៍​លើ​រេញ​ប្រដាល់​ដាក់​ទ្រុង និង ក្រោយ​ហ្វឹកហាត់​បាន​ស្ទាត់ តើ​លទ្ធផល​នឹង​បាន​កម្រិត​ណា ។ ជំហរ​នេះ​ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា លោក​នៅ​តែ​មាន​ឆន្ទៈ​ស្រឡាញ់​កីឡា​ខុស​ពី​អ្នកខ្លះ​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​ដូច​លោក គឺ​នឹង​បោះបង់ ។ ម្ចាស់​ក្លិប​សិល្បៈ​រូប​នេះ​ធ្លាប់​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​៖«​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ គឺ​ដាក់​គោលដៅ​ប្រកួត​ឲ្យ​បាន​៤​ដង​នៅ​ឆ្នាំ​២០២០ ។ នេះ​ជា​ការ​គិត​របស់ខ្ញុំ​បើសិន​មិន​មាន​បញ្ហា​រាំងស្ទះ​នោះ​ទេ ។ ប៉ុន្តែ​បំណង​ទាំងនេះ ត្រូវ​រង់ចាំ​ចម្លើយ​អំពី​អ្នកចាត់ការ​របស់ខ្ញុំ​ឬ​អ្នក​ផ្គូផ្គង​របស់ខ្ញុំ​ដែរ​ » ។​

កីឡាករ ចាន់ រតនា បញ្ជាក់​ជា​ថ្មី​ថា លោក​កំពុង​ដាក់ចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់ គឺ​ដោយ​សារ​តែ​លោក​យល់​ថា​ខ្លួន​មិន​ក្មេង និង មិន​ខ្លាំង​បាន​យូរ​នោះ​ទេ​ទើប​ក្នុង​ឆ្នាំ​២០២០​នេះ ត្រូវ​តែ​ប្រកាស​ជំហរ​ឱ្យ​ខ្លាំង​លើ​ការ​ហ្វឹកហាត់​ដើម្បី​ខ្លួនឯង និង​ខំ​បង្វឹក​សិស្ស​ស្ទើរ​មិន​មាន​ពេល​សម្រាក​ផង ទាន់​លោក​នៅ​មាន​កម្លាំង ដែល​ត្រូវ​តែ​ប្រឹង​ដើម្បី​កីឡា​។ លោក​រំលឹក​ថា បទ​ពិសោធន៍​១០​លើក​នៅ​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង ដោយ​មាន​ប្រវត្តិ​ឈ្នះ​៧​ដង​និង​ចាញ់​៣​ដង គឺ​រឹតតែ​ជា​អ្វី​ដែល​លោក​ចង់ឱ្យ​កូនសិស្ស​របស់​លោក ពោល​គឺ​កូន​ខ្មែរ​បាន​ឈរ​លើ​ឆាក​អន្តរជាតិ​នៅ​លើ​សង្វៀន One FC នេះ​ដូច​លោក នៅ​ពេល​លោក​មាន​វ័យ​កាន់តែ​ជ្រេ និង​លែង​មាន​សមត្ថភាព​ឡើង​ប្រកួត ។

លោក​ថា​ចង់​ឃើញ​កីឡាករ​កម្ពុជា កាន់តែ​ល្បី​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង ទើប​លោក​ក្រៅពី​ប្រឹង​បង្ហាត់​សិស្ស ក៏​ប្រឹង​ហ្វឹកហាត់​ខ្លួនឯង និង​ស្វែង​យល់​ក្បាច់គុន​ជា​ច្រើន​ទៀត ដើម្បី​យក​ចំណេះ​ជំនាញ​ទាំងអស់​ចែករំលែក​ដល់​សិស្ស​។

កីឡាករ​ចាន់ រតនា បន្ត​ថា លោក​នឹង​តស៊ូ​ពង្រឹងគុណភាព​នៅ​ក្លិប​ដើម្បី​លើក​ស្ទួយ​អ្នក​ជំនាន់​ក្រោយ ដែល​នេះ​គឺជា​ការ​លះបង់​ដ៏​ប្រសើរ​របស់​លោក ។ លោក​ថា ក្លិប​ប្រដាល់​«​សិល្បៈ​»​គឺជា​កម្មសិទ្ធិ​របស់​លោក​ដែល​បាន​ប្ដូរ​ទៅ​កាន់​ទីតាំង​ថ្មី​មក​ផ្ទះ​លេខ​១០៩ ផ្លូវ​១៣BT សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ទល់មុខ​នឹង Phnom Penh Sports Club ផ្លូវ​លេខ​២៧១) កាល​ដើមខែ​កញ្ញា កន្លង​ទៅ ។

ចំណែក​ទីតាំង​ជួល​ក្លិប​ចាស់​ស្ថិត​នៅ​ក្បែរ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង នោះ​បាន​ផុត​កិច្ចសន្យា​ត្រឹម​ខែសីហា​បន្ទាប់​ពី​ដំណើរការ​ឲ្យ​ហ្វឹកហាត់​និង​រស់នៅ​រយៈពេល​៣​ឆ្នាំ ។ ការ​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នេះ លោក​ថា កូនសិស្ស​មិន​ថមថយ​នោះ​ទេ​ពោល​នៅ​ថេរ​ត្រឹម​ចន្លោះ​ពី​៤០​ទៅ​៥០​នាក់​ជា​ប្រចាំ​ថ្ងៃ​ទើប​លោក​ចំណាយពេល​កាន់តែ​ច្រើន​ដើម្បី​កូនសិស្ស ម្នាក់​ៗ ។ លោក​ថា កូនសិស្ស​ភាគច្រើន​ជា​អ្នក​មក​ហ្វឹកហាត់​ដើម្បី​សុខភាព ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ និយាយ​ថា​៖«​មក​ពី​ខ្ញុំ​ផ្ដោត​លើ​គុណភាព​បន្ថែម​ទៀត​ដល់​កូនសិស្ស​ដើម្បី​ឲ្យ​ពួក​គាត់​ពេញចិត្ត​សេវាកម្ម​របស់​ពួក​ខ្ញុំ​ទើប​ខ្ញុំ​ត្រូវ​ចំណាយពេល​ច្រើន​ជាមួយ​ក្លិប​។​»​ការ​លើក​ឡើង​របស់​លោក​សូ​ម្បី​តែ​ម្ចាស់​ក្លិប​ភាគច្រើន​ក៏​លាន់មាត់​ដែរ ដោយសារ​តែ​ការ​បើក​ក្លិប គឺ​គេ​ដឹង​ហើយ​ថា​ពិបាក​ដើរ​ព្រោះតែ​ខ្វះ​ការ​គាំទ្រ តែ​លោក​នៅ​តែ​តាំងចិត្ត​ថា​នឹង​បង្វឹក​កូនសិស្ស​ឱ្យ​ក្លាយជា​អ្នកជំនាញ​ទុកជា​ស្នាដៃ ទោះបី​របរ​នេះ​ពិបាក​ដើរ​ក្ដី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ