ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីភ្លើងព្រៃ​ឆេះ​ភ្នំ​ដោះ​ក្រមុំ​ ​សំណាងល្អ​មិន​ប៉ះ​ដល់លំនៅ​ឋាន​អ្នក​ភូមិឡើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ភ្លើងព្រៃ​ដែល​បាន​ឆេះ​រាលដាល​ពេញ«​ភ្នំ​ដោះ​ក្រមុំ​»ស្ទើរ​ទាំងស្រុង ​នៅ​ក្នុង​ឃុំ​តា​សាញ ស្រុក​សំឡូត ដែល​នៅ​ជាប់​ខាងក្រោយ​របង​សាលាស្រុក​នេះ កាលពី​យប់​ថ្ងៃ​ទី​២៨ មក​រា គឺមិន​បាន​បង្ក​ផល​ប៉ះ​ពាល់​ផលដំណាំ​ ឬ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ទេ ​។…

ខេត្តបាត់ដំបង​៖ ភ្លើងព្រៃ​ដែល​បាន​ឆេះ​រាលដាល​ពេញ«​ភ្នំ​ដោះ​ក្រមុំ​»ស្ទើរ​ទាំងស្រុង ​នៅ​ក្នុង​ឃុំ​តា​សាញ ស្រុក​សំឡូត ដែល​នៅ​ជាប់​ខាងក្រោយ​របង​សាលាស្រុក​នេះ កាលពី​យប់​ថ្ងៃ​ទី​២៨ មក​រា គឺមិន​បាន​បង្ក​ផល​ប៉ះ​ពាល់​ផលដំណាំ​ ឬ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ទេ ​។ នេះ​បើ​តាម​មន្ត្រី​សាលាស្រុក បាន​ផ្ដល់​ព័ត៌​មាន​ក្រោយ​ពេល​អគ្គី​ភ័យ​នោះ​ត្រូវ​បាន​ពន្លត់​ទាំងស្រុង ​។

មន្ត្រី​រដ្ឋបាល​ស្រុក​បាន​និយាយ​ថា អគ្គិភ័យ​នោះ ​បាន​ឆេះ​រាលដាល​អស់​ស្ទើរ​ទាំងស្រុង​នូវ​កូនភ្នំ​ដោះ​ក្រមុំ ដែល​ស្ថិត​នៅ​ខាងក្រោយ ​និង​យ៉ាង​កៀក​សាលាស្រុក​សំឡូត​ ។ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អគារ​សាលា​ស្រុង លំនៅ​ឋាន​ប្រជាពលរដ្ឋ ឬផលដំណាំ​ដែល​នៅ​តំបន់​នោះ​ទេ ដោយសារ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ទប់ស្កាត់​ទាន់​ពេល តែ​ទូរ​កូនភ្នំ​ទាំងមូល​សល់​តែ​ដើមឈើ​រាង​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​អគ្គី​ភ័យ​ ដែល​គេ​មិនដឹង​ពី​ប្រភព​នេះ បើ​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា អគ្គី​ភ័យ​នោះ​បាន​ចាប់ផ្ដើម​ពី​ដំបូង​បន្តិច​ប​ន្ទូ​ច​នៅ​ប៉ែក​ខាងលិច នៃ«ភ្នំ​ដោះ​ក្រមុំ​នេះ» ដែល​តាម​ការ​ប៉ាន់ស្មាន​ចាប់តាំងពី​វេលា​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ​នេះ តែ​គេ​មិនឃើញ​មានការ​អើពើ​ពី​អាជ្ញាធរ ​ឬ​សមត្ថកិច្ច​ឡើយ រហូត​ធ្វើ​ឱ្យ​អគ្គិភ័យ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នេះ ​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ពាសពេញ​តំបន់​ភ្នំ​ទាំងមូល​។

ភ្នំ​ដោះ​ក្រមុំនេះ​ ស្ថិត​នៅ​ជាប់​ពី​ខាងក្រោយនៃ​អគារ​សាលាស្រុក​សំឡូត​តែ​ម្ដង ហើយ​នៅ​ពេល​នេះ​អណ្ដាត​ភ្លើង​យ៉ាង​ក្រហមច្រាល​កំពុង​រំកិល​កាន់តែ​កៀក​មក​ក្បែរ​របង​សាលាស្រុក​ប៉ែក​ខាងក្រោយ ​។ អ្នក​ភូមិ​និយាយ​ថា ការ​ជួយ​អន្តរា​គម​ន៍ពី​សមត្ថកិច្ច​និង​អាជ្ញាធរ ហាក់​មាន​ភាព​យឺត​យ៉ាវ ព្រោះ​ភ្លើង​បាន​ឆេះ​រាល​ដាល​អស់​ជា​ច្រើន​ម៉ោង​ទៅ​ហើយ គេ​នៅ​តែ​មិនឃើញ​មានការ​អើពើ​ពី​សមត្ថកិច្ច​ឡើយ ​។

មន្ត្រី​សាលាស្រុក​ម្នាក់​ក៏​បាន​និយាយ​ដែរ​ថា ភ្លើងព្រៃ​បាន​ឆេះ​រាលដាល​ស្ទើរ​ពេញ​ភ្នំ រហូត​ដល់​ម៉ោង​ប្រហែល​ជាង​៦​ល្ងាចថ្ងៃ​ដដែល ​ទើប​គេ​ឃើញ​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ភ្ញាក់ផ្អើល​យក​រថយន្ត​ទឹក​
ទៅ​បាញ់​ទប់ស្កាត់​ត្រង់​ចំណុច​ក្បែរ​សាលាស្រុក តែ​ភ្លើង​បាន​ឆេះ​រាលដាល​ស្ទើរ​ពាសពេញ​តំបន់​ភ្នំ​ទាំងមូល ហើយ​​បើ​មានផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ក៏​អាច​ក្លាយជា​ផេះ​ដែរ ដោយ​ភាព​ស្ពឹក​ស្រពន់​របស់​អាជ្ញាធរ​ស្រុក​នេះ។

គេ​នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ភ្នំ​កណ្ដាល​ស្រុក​សំឡូត​នេះ​ទេ ​។ ប៉ុន្តែ​បើ​តាម​ប្រភព​នានា គឺ​គេ​សង្ស័យ​មាន​មនុស្ស​លួច​ដុត ឬមាន​អ្នក​ដុត​ព្រៃ​ចំការ​ដែល​ស្ថិត​នៅ​ចំណុច​ឆ្កែ​លូ ប៉ែក​ខាង​លិច​នៃ​កូនភ្នំ​នេះ ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា បើ​មានការ​ទប់ស្កាត់​តាំងពី​គេ​ពិនិត្យ​ឃើញ​ផ្សែងហុយ​ទ្រលោម​តាំងពី​ដំបូង​ប្រហែល​ភ្លើងព្រៃ​នេះ​មិន​អាច​ឆេះ​រាលដាល​ពាសពេញ​ភ្នំ​រហូត​ចង់​យាយី​ដល់​អគារ​សាលាស្រុក​បែប​នេះ​ទេ តែ​គេ​សង្ស័យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វេស​ប្រហែល​មិន​ព្រម​ទប់ស្កាត់​ពី​ដំបូង​ទើប​បានជា​ធ្ងន់ធ្ងរ​បែប​នេះ​។

ប៉ុន្តែ​យ៉ាងណា បើ​តាម​មន្ត្រី​រដ្ឋបាល​ស្រុក​សំឡូត​បាន​បញ្ជាក់​ថា អគ្គី​ភ័យ​ដែល​គេ​មិនដឹង​ពី​ប្រភព​នេះ បាន​លេប​ត្របាក់​អស់​ព្រៃតូច​ៗ​ដែល​ដុះ​នៅ​លើ​ទូរ​ភ្នំ​ដោះ​ក្រមុំ​ទាំងមូល​តែ​ប៉ុណ្ណោះ តែ​មិន​ប៉ះពាល់​ដល់​អគារ​រដ្ឋបាល​ស្រុក លំនៅ​ឋាន ឬ ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ប៉ុន្តែ​អាជ្ញាធរ និង សមត្ថ​កិ​ច្ខ​ស្រុក ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​ភ្នំ​មួយ​នេះ​មិន​គួរ​ធ្វេស​ប្រហែល ឬ ធ្វើ​ប្រ​ងើយ​កន្តើយ​ជាមួយនឹង​អគ្គី​ភ័យ​នេះ​ដែរ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត ព្រោះ​នេះ​ជា​រដូវក្ដៅ ដែល​ងាយ​នឹង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​លឿន​បំផុត​៕​

អត្ថបទសរសេរ ដោយ