ខេត្តបាត់ដំបង ៖ សេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ១ ស្ថិតនៅភូមិកំពង់ក្របី ភូមិកម្មករ សង្កាត់ស្វាយប៉ោ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ១៥៩D ស្ថតិនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីចំណុចស្ពានសម្តេចក្រឡាហោម ស ខេង រហូតមកដល់ស្ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមេត្តាកុំចេញពីផ្ទះ ឬធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើខ្លាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ។ នេះបើយោងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបងដែលចេញថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងនោះផងដែរ មូលហេតុដែលអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំចេញពីផ្ទះឬធ្វើដំណើរផ្តេសផ្តាសលើទីតាំងខាងលើ ខ្លាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុនោះ ដោយសារតែរដ្ឋបាលខេត្តបាត់ដំបងមានការរៀបចំកែលម្អរហេដ្ឋារថនាសម្ព័ន្ធ និងបានស្នើសុំក្រុមការងារអង្គភាពកំចាត់មីនចុះធ្វើការត្រួតពិនិត្យបានឃើញថា មានគ្រាប់មិនទាន់ផ្ទុះជាច្រើន ដោយមួយចំនួនក្រុមការងារបានធ្វើការបោសសំអាត និងប្រមូលចេញបាន ដោយឡែកមួយចំនួនទៀត តម្រូវឱ្យធ្វើការបំផ្ទុះនៅនឹងកន្លែង ។
ដូចនេះរដ្ឋបាលក្រុងបាត់ដំបងជូនដំណឹងដល់បងប្អូនដែលរស់នៅទីតាំងខាងលើ និងបងប្អូនប្រជាពលរដ្ឋទូទៅជ្រាបថា ក្រុមការងារនឹងអនុវត្តការងារនេះនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង០០ព្រឹក សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន និងសហការ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ