ខេត្តបន្ទាយមានជ័យ ៖ មានករណីចៅប្រុសអាយុ៣ឆ្នាំម្នាក់លេងដែកកេះនៅផ្ទះបាយ ស្រាប់តែបង្កជាអគ្គិភ័យឆាបឆេះផ្ទះបាយដែលមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្ររងការខូចខាតអស់ទាំងស្រុង និងប្រាក់ចំនួន២លានរៀលក៏ត្រូវភ្លើងឆេះផងដែរ ខណៈលោកតា និងលោកយាយរវល់អង្គុយនៅខាងមុខផ្ទះ មិនបានដឹង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែងក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពេលគ្រោះថ្នាក់អគ្គីភ័យខាងលើកើតឡើង គេសង្កេតឃើញវត្តមានលោកឧត្តមសេនីយ៍ត្រីរ៉ែម វីរៈ ស្នងការរង ទទួលការងារសេនាធិការ និងលោកវរសេនីយ៍ទោងែង សុជា ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកងកម្លាំងប្រចាំបញ្ជា សហការជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចុះជួយអន្តរាគមន៍ ។
បើតាមការឲ្យដឹងពីមន្ត្រីនគរបាលបង្ការពន្លត់អគ្គីភ័យឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន១គ្រឿងផងដែរ ។ នៅក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គីភ័យនេះ គឺបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត និងចំណាយពេលពន្លត់២០នាទី ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនបង្កឲ្យឆាបឆេះដល់ផ្ទះធំ និងផ្ទះរបស់អ្នកជិតខាងនោះទេ ។
តាមប្រភពពីមន្ត្រីនគរបាលបង្ការពន្លត់អគ្គីភ័យបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ កែវ វណ្ណា ភេទប្រុស អាយុ៦៩ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ កែវ ដាវ៉ាន់ អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការរៀបរាប់របស់ម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ចៅប្រុសរបស់ពួកគាត់អាយុ៣ឆ្នាំបានលេងដែកកេះនៅផ្ទះបាយខាងក្រោយ ចំណែកពួកគាត់នៅខាងមុខផ្ទះមិនបានដឹងនោះទេ នៅពេលភ្លើងឆេះតិចៗ ចៅរបស់ពួកគាត់ក៏មិនទាន់ប្រាប់ដែរ លុះពេលភ្លើងឆេះខ្លាំង ទើបបានប្រាប់ ប៉ុន្តែសំណាងល្អ បានរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា ទើបភ្លើងមិនឆាបឆេះដល់ផ្ទះធំ ។ រីឯផ្ទះបាយដែលមានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ព្រមទាំងលុយចំនួន២លានរៀលដែលទុកនៅកន្លែងពួកគាត់ដេកក្នុងផ្ទះបាយនោះ ក៏ត្រូវភ្លើងឆេះអស់ទាំងស្រុង ។
ទាក់ទងនឹងអគ្គីភ័យខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រីរ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការដ្ឋាន ដែលបានចុះទៅដល់កន្លែងកើតហេតុ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យ បានខ្ពស់ចំពោះគ្រោះអគ្គីភ័យ ជាពិសេសគឺភ្លើងចង្ក្រាន, ធ្យូង, ចង្ក្រានហ្គាស និងហាមដាច់ខាតមិនឱ្យក្មេងលេងភ្លើង ឬលេងដែកកេះ ជាក់ស្តែងដូចករណីខាងលើនេះ បណ្តាលមកពីចៅប្រុសលេងដែកកេះ ហើយលោកតានិងលោកយាយខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាអគ្គីភ័យបែបនេះកើតឡើង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ