ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០១៩ ការ​នាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ទឹកប្រាក់​ជាង ២,៦៧​ពាន់​លាន​ដុល្លារអា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​កំណើន​ប្រមាណ ២៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កន្លង​ទៅ…

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​កំណើន​ប្រមាណ ២៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ កន្លង​ទៅ បើ​គិត​ជា​ទឹកប្រាក់ មាន​ប្រមាណ ២.៦៨៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៥៤​តំបន់ ក្នុង​នោះ​មាន ១៨​តំបន់​ដែល​មាន​សកម្មភាព​ការងារ​ជា​អចិន្ត្រៃយ៍ ដោយ​មាន ក្រុមហ៊ុន​កំពុង​បំពេញការងារ​វិនិយោគ​របស់​ខ្លួន​ចំនួន ៤៦៥​ក្រុមហ៊ុន ។ ក្នុង​ចំណោម​តំបន់ សេដ្ឋកិច្ច​ពិសេស​ទាំង ១៨ និង​ក្រុមហ៊ុន ៤៦៥​ក្រុមហ៊ុន បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ ក្នុងស្រុក​ប្រមាណ ១២​ម៉ឺន ៥​ពាន់​នាក់ ។

តាម​របាយការណ៍​នេះ បាន​បញ្ជាក់​ផង​ដែរ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ជា​តំបន់​សេដ្ឋ កិច្ច​ដែល​មាន​សកម្មភាព​ខ្លាំង​ជាងគេ ដែល​បច្ចុប្បន្ន​នេះ បាន​ពង្រីក​ផ្ទៃដី​ដល់​ទៅ ៣៥៣ ហិច​តា មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ១២១​ក្រុមហ៊ុន និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ ជាង ២​ម៉ឺន​នាក់ ១​ពាន់​នាក់ ។ ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ភ្នំពេញ មាន​ប្រភព​មក​ពី​ថៃ វៀតណាម ចិន ជប៉ុន ប៊ែ​ល​ហ្សិ​ក ហុងកុង ម៉ា​ឡេ​ស៊ី សិង្ហ​បុរី សហរដ្ឋអាមេរិក និង​ហ្វី​លី​ពី​ន​ជាដើម ។

ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ​ដែរ​ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សម្រេច បាន​ទឹកប្រាក់​ប្រមាណ ៥១៨​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ទឹកប្រាក់​មួយ​ច្រើន​ជាង​តំបន់ សេដ្ឋកិច្ច​ពិសេស​ផ្សេង​ៗ ។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ដែល​កំពុង​ដំណើរការ​ក្នុង​តំបន់​សេដ្ឋកិច្ច​នានា​បន្ត​ជំរុញ​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ក៏​បាន​សម្របសម្រួល ដល់​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី ដើម្បី ទាក់ទាញ​បន្ថែម​មក​បណ្ដាក់ទុន​វិនិយោគ ។

សូម​រំឭក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​សារព័ត៌មាន​បរទេស​របស់​ជប៉ុន​មួយ​បាន​ចុះ​ផ្សាយ​ថា កម្ពុជា​ជាទី​តាំង​ដែល​ទាក់ទាញ​បំផុត​សម្រាប់​ការ​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ពី​ប្រទេស​ថៃ​ក្នុង​នោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​កន្លែង​ដែល​ទាក់ទាញ​ជាងគេ ដោយសារ​តែ​កម្លាំង​ពលកម្ម​នៅ​ក្នុង ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ទាប​ជាង​ប្រទេស​ជិតខាង​ជា​ពិសេស​ប្រទេស​ថៃ ដូច្នេះ វិនិយោគិន​ក៏​ដូច​ជា​អ្នក​ផលិត​ត្រូវការ​រក​ប្រទេស​ណា​ដែល​មាន​តម្លៃ​ពលកម្ម​នៅ​ទាប ដើម្បី ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ ។

ម្យ៉ាងវិញទៀត ទំនាស់​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក ក៏​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិត ទំនិញ​នាំ​ចេញ​ទៅ​កាន់​អា​មេ​រិ​ក​ក៏​បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​ចិន មក​កម្ពុ​ជាមួយ​ចំនួន​ផង​ដែរ ដើម្បី​គេច​ចេញពី​ខ្សែ​ជំ​លោះ​ពាណិជ្ជកម្ម និង​ខណៈ​ពេល​កម្ពុជា​ទទួល​បានការ​អនុគ្រោះ ពន្ធ​នូវ​ទំនិញ​មួយ​ចំនួន​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ នៃ កម្ពុជា បាន​បង្ហាញ​ផង​ដែរ​ថា កំណើន សេដ្ឋកិច្ច​កម្ពុជា ក្នុងឆ្នាំនេះ​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​ជា​វិជ្ជមាន​ក្នុង​កម្រិត​ប្រមាណ ៧​ភាគរយ ក្នុង​នោះ​វិស័យ ៣ ដែល​នៅ​តែ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ វិស័យ​នាំ​ចេញ​ជា​វិស័យ​សំខាន់​ជាង​ក្នុង​ការ​គាំទ្រ បន្ទាប់​មក​ទៀត គឺ​វិស័យ​សំណង់ និង​ទេសចរណ៍ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ