ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​ពិនិត្យ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ ដើម្បី​បង្ការ​វីរុស​កូ​រ៉ូ​ណា​​ថ្មី​ឆ្លង​ចូល​កម្ពុជា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត អញ្ជើញ​ពិនិត្យ​ការងារ​នៃ​ក្រុម​ច​តា​ឡី​ស័ក…

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត អញ្ជើញ​ពិនិត្យ​ការងារ​នៃ​ក្រុម​ច​តា​ឡី​ស័ក ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​រក​ជំងឺ​ផ្លូវដង្ហើម (​រលាក​សួត​ធ្ងន់ធ្ងរ​) ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍ ដែល​អញ្ជើញ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​។

ការ​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​ធ្វើការ​ទប់ស្កាត់​កុំឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​នេះ ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ក្នុង​ការ​ស្វែងរក​ជំងឺ​ផ្លូវដង្ហើម (​រលាក​សួត​ធ្ងន់ធ្ងរ​) ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ តាម​រយៈ​ការ​ស្កេ​ន​ដោយ​ម៉ាស៊ីន​ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល ហើយ​បាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។

ដើម្បី​បង្ការ​ជំងឺ​ផ្លូវដង្ហើម (​រលាក​សួត​ធ្ងន់ធ្ងរ​) ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ៖ គួរតែ​ចៀសវាង​ការ​ចូល​ទៅ​កន្លែង​ចិញ្ចឹមសត្វ (​បើ​គ្មាន​ភារកិច្ច​) ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅ​តាម​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់​ដោយ​លាមក​សត្វ ប​សុ បក្សី ឬ​សត្វ​ដទៃ​ទៀត​។ ចៀសវាង​ប៉ះពាល់​ជិត​ស្និ​ទ្ធិ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា មាន​វីរុស​កំពុង​ចរាចរ​។

ហើយ​ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភព​ចម្លងរោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ និង​ចំណី​អាហារ​​ដែល​មាន​សុវត្ថិ​ភាពល្អ​។

ត្រូវ​ចង​ចាំ​ថា មិន​អាច​ឆ្លង​វីរុស​ផ្តាសាយ​បក្សី ឬ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ បើ​លោក​អ្នក​កាន់ ឬ​បរិភោគ​ប​សុ បក្សី និង​ស៊ុត ឬ​ម្ហូបអាហារ ដែល​ចម្អិន​បាន​ល្អ​ត្រឹមត្រូវ​។ ចៀសវាង​ប៉ះពាល់​ជិត ស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច​។ អ្នកមាន​រោគ​សញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ