រាជធានីភ្នំពេញ ៖ ក្មេងស្រីជំទង់ពីរនាក់បាននាំគ្នាជិះម៉ូតូដោយអត់ពាក់មួកសុវត្ថិភាព និងអត់កញ្ចក់មើលក្រោយ លួចចេញពីផ្ទះឯខេត្តកំពង់ចាមមកភ្នំពេញ ដែលត្រូវគេសង្ស័យថា មានគេល្បួងប្រុងនាំយកទៅលក់ ប៉ុន្តែសំណាងល្អពេលទៅដល់ចំណុចគោលដៅប៉ូលិសខណ្ឌដង្កោឈរជើង ប៉ូលិសក៏បានឃាត់ដើម្បីសួរនាំ ។ ពេលនោះពួកគេបាននិយាយកុហកប៉ូលិសថា ពួកគេចាកចេញពីស្រុកកំណើតមកភ្នំពេញដើម្បីរកការងារធ្វើដោយឪពុកម្តាយដឹងឮទាំងអស់ លុះក្រោយពេលប៉ូលិសឃាត់បានប៉ុន្មានម៉ោងស្រាប់តែលេចមុខបុរសម្នាក់ និងស្ត្រីម្នាក់ជិះម៉ូតូកង់៣មួយគ្រឿងទៅសួររកដោយអះអាងថា ពួកគេបានលួចចាកចេញពីផ្ទះរយៈពេល១យប់១ថ្ងៃមកហើយ ។
បុរស-ស្ត្រីទាំងពីរនាក់ គឺជាឪពុកម្តាយរបស់ក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់នោះ ហើយបន្ទាប់ពីរកកូនឃើញពួកគាត់ក៏បានជួលម៉ូតូកង់៣ដឹកត្រឡប់ទៅផ្ទះវិញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ មីនា ឆ្នាំ២០១១ នៅលើមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវលេខ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ។ ក្មេងស្រីជំទង់ទាំងពីរនាក់នេះ ម្នាក់ឈ្មោះសុទំ ប៉ាត់ទីម៉ា អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៨ វិទ្យាល័យបែកអន្លូង ឪពុកឈ្មោះសែន សុទំ អាយុ៤៩ឆ្នាំ ម្តាយឈ្មោះកែវ គឹមលន អាយុ៤៤ឆ្នាំ មានទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែកឯក្មេងស្រីម្នាក់ទៀតឈ្មោះត្រេង ធី អាយុ១៥ឆ្នាំដែរ តែបានលាក់លៀមមិនប្រាប់ឈ្មោះឪពុកម្តាយទេ និងមានទីលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលមានការឃាត់សួរនាំគេបានឃើញក្មេងស្រីជំទង់២នាក់នេះ ជិះម៉ូតូម៉ាកវ៉េវ១គ្រឿងពណ៌ខ្មៅ អត់ស្លាកលេខ និងអត់ពាក់មួកសុវត្ថិភាព ប្រឡាក់ដីក្រហមស្រមក ។ ពួកនាងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចគោលដៅប៉ូលិសខាងលើ ប៉ូលិសក៏បានឃាត់ដើម្បីធ្វើការសាកសួរ ។ មុនដំបូងពួកនាងបានភូតកុហកថា ដើររកការងារធ្វើ ប៉ុន្តែបន្ទាប់ពីមើលទៅមិនគួរឱ្យទុកចិត្ត ទើបប៉ូលិសនាំទៅកាន់ប៉ុស្តិ៍កាកាប ដើម្បីសួរនាំបន្តទៀត ។ ក្រោយពេលប៉ូលិសសួរនាំតាមជំនាញ ទើបធ្លាយរឿងមានបុរសម្នាក់ទិញទូរស័ព្ទ១គ្រឿង ឱ្យពួកនាងប្រើ ប៉ុន្តែទូរស័ព្ទនោះបុរសខាងលើបានឱ្យមិត្តភក្តិរបស់នាងយកទៅឱ្យគឺ មិនបានយកទៅឱ្យផ្ទាល់ដៃទេ ហើយបុរសនោះបានផ្តាំថា ពេលដែលរូបគេហៅចូលនិយាយគ្នារួច សុំឱ្យពួកនាងលុបលេខរបស់ខ្លួនចោលទៀតផង ។
ប្រភពដដែលបន្តថា លុះនៅថ្ងៃទី១០ មីនា ពួកនាងទាំងពីរនាក់បាននាំគ្នាចាកចេញពីស្រុកកំណើត ដើម្បីទៅជួបបុរសអ្នកទិញទូរស័ព្ទឱ្យនោះ ហើយនៅព្រឹកថ្ងៃទី១១ មីនា ខណៈទៅដល់ខាងលិចផ្សារពោធិចិនតុងក៏ត្រូវប៉ូលិសឃាត់តែម្តង ។ ទោះបីជាបែបណា ក្មេងស្រីជំទង់ទាំងពីរនាក់នោះនិយាយកុហកច្រើនណាស់ ហើយបានព្យាយាមលាក់លៀមអត្តសញ្ញាណបុរសដែលទិញទូរស័ព្ទឱ្យទៀតផង ។ ប៉ូលិសសង្ស័យថា ក្មេងស្រីទាំងពីរនាក់នេះត្រូវបុរសអ្នកទិញទូរស័ព្ទឱ្យនោះល្បួងនាំយកទៅលក់ដោយកុហកពួកនាងថា នាំមកធ្វើការនៅភ្នំពេញ។ ម្យ៉ាងទៀតតាមការសាកសួរពួកនាងចេញពីស្រុកមកមានគ្នា៤នាក់ ដោយមិនឱ្យឪពុកម្តាយក្រុមគ្រួសារដឹងទេ ដែលនេះគឺជាការរៀបចំរបស់ជនម្នាក់នោះ ហើយពេលមកដល់ភ្នំពេញ ក្មេងស្រី២នាក់ទៀត បានបែកទៅកន្លែងផ្សេងនៅសល់ពួកនាង២នាក់ ក៏នាំគ្នាជិះម៉ូតូគ្មានទិសដៅ ហើយក៏ត្រូវឃាត់សួរនាំតែម្តង ។
ចំណែកឪពុកម្តាយក្មេងស្រីនោះបាននិយាយថា ពួកគាត់បានចាកចេញមកភ្នំពេញ ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រយៈពេល៣ខែមកហើយ ដោយទុកកូនស្រីឱ្យនៅជាមួយបងប្អូនឯស្រុក ។ ពួកគាត់មិនដែលដឹងថា កូនស្រីប្រើទូរស័ព្ទទេ ព្រោះកន្លងមកកូនស្រីគ្មានទូរស័ព្ទឡើយ ហើយនៅថ្ងៃកើតហេតុបងរបស់ពួកគាត់បានទូរស័ព្ទប្រាប់ថា កូនរបស់គាត់បានបាត់ពីផ្ទះ១យប់ហើយមិនដឹងទៅណា ។ ប្រភពដដែលបានបន្តទៀតថា ពេលនោះពួកគាត់មានការខ្វល់ខ្វាយយ៉ាងខ្លាំង លុះក្រោយមកទើបទទួលដំណឹងថា កូនស្រីត្រូវប៉ូលិសខណ្ឌដង្កោ ចាប់ឃាត់ទើបនាំគ្នាមកសុំយកកូនត្រឡប់ទៅផ្ទះវិញ ។ ចំណែកឯបុរសជាឪពុកខឹងកូនស្រីខ្លាំងណាស់ និងបានយកទូរស័ព្ទដែលជនមិនស្គាល់មុខទិញឱ្យកូនស្រីនោះទៅបោកកំទេចចោលទៀតផង ៕
ចែករំលែកព័តមាននេះ