ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីពេទ្យសត្វឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ជិត១.០០០ក្បាល ដែលឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់ តាមច្រករបៀង កាលពីម៉ោង១០យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅចំណុចច្រករបៀងខុសច្បាប់ព្រៃចាន់ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ ដើម្បីពង្រឹងផលិតកម្ម និងបសុព្យាបាល ហើយមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានឃាត់រថយន្ត១គ្រឿង ពាក់ស្លាកលេខបាត់ដំបង 2A.4893 ដែលដឹកមាន់រស់ចំនួន៩១២ក្បាលដោយខុសច្បាប់ និងព្រួយបារម្ភមានជំងឺឆ្លង។
លោកបានបញ្ជាក់ថា ក្រោយឃាត់រថយន្តដែលដឹកមាន់រស់ និងម្ចាស់ជាអ្នកបើកបរមានឈ្មោះ ឆោម ដាវ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបាននាំយកមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីធ្វើការសាកសួរ ។ ហើយបុរសរូបនេះបានប្រាប់ថា មាន់រស់ជិត១,០០០ក្បាលនោះនាំចូលតាមច្រករបៀងខុសច្បាប់ព្រៃចាន់ រួចនាំចូលទៅទីរួមខេត្តដើម្បីលក់ឱ្យឈ្មួញសម្រាប់ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា ចំពោះមាន់រស់ដែលឃាត់បាន គឺឈ្មួញនាំចូលពីប្រទេសថៃដោយគ្មានច្បាប់ ហើយជាការព្រួយបារម្ភនោះ គឺខ្លាចមានជំងឺឆ្លង ក្រោយពេលឃាត់ហើយមន្ត្រីជំនាញបានយកសំណាកវិភាពទៅពិនិត្យនៅក្រសួងជំនាញ បើសិនជាគ្មានមេរោគទេ និងធ្វើកិច្ចសន្យា រួចផាកវិន័យតាមច្បាប់កំណត់។
លោកបានសំណូមពរដល់សមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីទប់ស្កាត់រាល់ផលិតផលដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង ដូចជាមាន់ ជ្រូករស់ និងសត្វពាហនៈផ្សេងៗ ដែលជាការព្រួយបារម្ភមានជំងឺឆ្លង ត្រូវទប់ស្កាត់ឱ្យបាន នេះជាការណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម អភិបាលខេត្តបន្ទាយមានជ័យ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ