ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ពលរដ្ឋ​សម្រុកចូល​ផ្សារ​ទិញ​ផ្កា​អង្គាសីល និង​គ្រឿង​សែន​គ្រប់​ប្រភេទ​ស្ទើរ​ដើរ​ចៀស​គ្នា​ពុំ​រួច(វីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ និង​រថយន្ត ចូល​ទៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ និង​រថយន្ត ចូល​ទៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន វៀតណាម ឈាន​ចូល​មក​ដល់​ថ្ងៃស្អែក​នេះ​ដោយ​អ្នកខ្លះ​ទិញ​ដើម​ផ្កា​អង្គាសីល ខ្លះ​ទិញ​ចេក នំ​ចិន ផ្លែ​ឈើ ព្រមទាំង​ផ្កា​ភ្ញី​យក​ទៅ​សែន​ថ្វាយ​ព្រះ​របស់​គេ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​យុវជន​ម្នាក់ ឈ្មោះ សុខ គឹ​ម​សាន អាយុ​២០​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា គាត់​បាន​លើក​ដើម​ផ្កា​អង្គាសីល​ពី​គេ​យក​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទិញ​យក​ទៅ​ដាក់​នៅ​ក្នុង​មុខ​ផ្ទះ​របស់​គេ​ព្រោះ​គេ​ជឿ​ថា នៅ​រដូវ​ចូល​ឆ្នាំ​ចិន​បើ​ផ្ទះ​ណា​ទិញ​ដើម​ផ្កា​នេះ​យក​ទៅ​ហើយ ស្រាប់តែ​ចេញ​ផ្កា​ព្រោងព្រាត​នោះ​នៅ​ក្នុង​គ្រួសារ​របស់​គេ​នឹង​ប្រកប​របរ​រកស៊ី​កាន់តែ​ធូរធា​កាក់កប​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា ដើម​ផ្កា​អង្គាសីល​ដែល​គេ​លក់​នេះ គឺ​កាប់​នៅ​ក្នុង​ព្រៃ​តំបន់​ភ្នំ​ខៀវ ហើយ​ការ​លក់ដូរ​ផ្កា​១​ដើម​មាន​តម្លៃ​ចាប់ពី​៣៥០០០​រៀល រហូត​ដល់​១០០០០០​រៀល ព្រោះ​ទិញ​ពី​គេ​មក​ក្នុង​តម្លៃ​ខ្ពស់ បើសិនជា​លក់​ទាប​មិន​ចំណេញ​នោះ​ឡើយ ។

គួរ​ឱ្យ​កត់​សម្គាល់ថា មុន​បុណ្យចូលឆ្នាំ​ចិន​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ការ​លក់ដូរ​ផ្កា​អង្គាសីល និង​គ្រឿង​សែន​ផ្សេង​ៗ មានការ​ដាច់​ច្រើន​រួម​ទាំង​សម្លៀក​បំពាក់​ថែម​ទៀត​ផង ។ លើស​ពី​នេះ​ប្រជាពលរដ្ឋ​ដែល​កាត់​ខ្សែស្រឡាយ​ចិន ឬ​អ្នក​ធ្លាប់​សែនព្រេន គេ​នាំ​គ្នា​ទិញ​សាច់​ជ្រូក និង​ក្បាល​ជ្រូក​ដោយ​អាជីវករ បន្ថែម​ការ​កាប់​ជ្រូក​ជា​ច្រើន​ក្បាល​ទៀត​ក៏​នៅ​តែ​លក់ដាច់ ព្រោះ​មាន​មនុស្ស​ចូល​ទៅ​ទិញ​ច្រើន​ខុស​ពី​ថ្ងៃ​ធម្មតា ។ ចំណែក​ផ្លូវ​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់​វិញ​ស្ទើរតែ​ដើរ​ចៀស​គ្នា​មិន​រួច ព្រោះ​អតិថិជន​ដែល​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់ មានការ​កើនឡើង រីឯ​ទំនិញ​មិន​មានការ​ឡើងថ្លៃ​ខុស​ពី​ថ្ងៃមុន​ៗ​ប៉ុន្មាន​ទេ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ អូន ជា​ម្ចាស់​ផ្សារ​ត្រី បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​កៀក​នឹង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​១​ថ្ងៃ មាន​មនុស្ស​ច្រើន​ណាស់​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់​ក្នុង​ផ្សារ​របស់​លោក​ដែល​ធ្វើ​ឱ្យ​អាជីវករ​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​អ្នកខ្លះ​លក់ដាច់​តាំងពី​ព្រលឹម ហើយ​ខ្លះ​ទៀត​កំពុង​តែ​លក់ដាច់​ជា​បណ្តើរ​ៗ ជា​ពិសេស​សាច់​ជ្រូក​តែ​ម្តង ។

ចំណែក​សន្តិសុខ​ផ្សារ​ម្នាក់​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មានការ​មមាញឹក​នឹង​ការ​យាមកាម​ម៉ូតូ និង​រថយន្ត​របស់​ប្រជាពលរដ្ឋ ព្រោះ​ខ្លាច​មាន​ជនខិលខូច​បន្លំ​លួច​យក​ទៅ​ដែល​នាំ​ឱ្យ​មានការ​ខាតបង់ និង​លំបាក​ដល់​ជន​រង​គ្រោះ ។ លើស​ពី​នេះ​សន្តិសុខ​ធ្វើ​យ៉ាងណា​ឱ្យ​ស្រប​តាម​ភូមិ​ឃុំ​សុវត្ថិភាព ហើយ​ក៏​មាន​ភ្ញៀវ​មក​លេង​ពី​តាម​បណ្តា​ខេត្ត​នានា និង​ភ្ញៀវ​មក​ពី​ភ្នំពេញ​ចូល​ទៅ​លេង​ក្នុង​ផ្សារ​សាមគ្គី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ