ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​រឹត​​បន្តឹង​សុវត្ថិភាព​ចរាច​ណ៍​ផ្លូវគោក​ខ្លាំងជាងឆ្នាំមុន​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​បាន​អះអាងថា​ នៅ​ឆ្នាំ​២០២០​នេះ​នឹង​ធ្វើការ​រឹត​​បន្តឹង​ពី​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​ខ្លាំង​ជាង​ឆ្នាំ​មុន​ទៀត ដើម្បី​កាត់​​បន្ថយ​ការ​គ្រោះថ្នាក់​ចរា​ចរណ៍​​នៅ​កម្ពុជា​។ ​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​សាធារណការ​នេះ​បន្ទាប់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង​ ឧប​នាយក​រដ្ឋមន្ត្រី…

​រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​បាន​អះអាងថា​ នៅ​ឆ្នាំ​២០២០​នេះ​នឹង​ធ្វើការ​រឹត​​បន្តឹង​ពី​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​ខ្លាំង​ជាង​ឆ្នាំ​មុន​ទៀត ដើម្បី​កាត់​​បន្ថយ​ការ​គ្រោះថ្នាក់​ចរា​ចរណ៍​​នៅ​កម្ពុជា​។

​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​សាធារណការ​នេះ​បន្ទាប់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង​ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​អាសន្ន​នៃ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កាល​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​។

​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរា​ចរណ៍​នៅ​ថ្ងៃ​ទី​២៣ ខែ មក​រា ឆ្នាំ​២០២០​ នេះ​ថា​៖«ក្រៅពី​ការ​អប់រំ​ យើង​មានការ​រឹត​​បន្តឹង​​ខ្លាំង​ហើយ​ឆ្នាំ​នេះ បើ​មិន​អញ្ចឹង​ទេ​ គាត់​មិន​ខ្លាច​សោះ​។ យើង​រឹត​​បន្តឹង​​ខ្លាំង ​មិន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ​ទេ​ គឺ​យើង​ធ្វើ​យ៉ាងណា​ម៉េច​​សង្កត់​ឲ្យ​គាត់​យក​ចិត្ត​ទុកដាក់​ក្នុង​ការពារ​អាយុជីវិត​ក្នុង​ពេល​បើកបរ​លើដងផ្លូវ​»​។

លោកស្រី​បាន​បន្ត​ថា​ ឆ្នាំ​នេះ​យើង​ត្រូវ​តែ​បង្ខំ​គាត់​ពាក់​មួយ​សុវត្ថិភាព​ពេល​ជិះ​ម៉ូតូ ទាំង​អ្នកបើកបរ​រួម​ទាំង​ក្មេង​ផង​ដែរ​។ ក្នុង​នោះ​ក៏​រឹត​បណ្តឹង​លើ​ល្បឿន​យ៉ាង​ខ្លាំង​ដែរ ​ព្រោះ​ចំ​ណុ​ចនេះ​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។

​លោកស្រី​ក៏​បាន​លើក​ឡើង​ថា ក្រសួង​សាធារណការ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​អាទិ​ភាព​នៅ​ពេល​បើកបរ ដោយ​ផ្សាយ​តាម​វិទ្យុជាតិ និង​ផ្សាយ​បន្ត​ទៅ​កាន់​វិទ្យុរបស់​ក្រសួងមហាផ្ទៃ​ផង​ដែរ ​ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួមស្តាប់ និង​​អនុវត្ត​តាម​។

​លោកស្រី​បន្ថែម​ថា​ ក្រសួង​ក៏​នឹង​ធ្វើការ​រិះរក​មធ្យោបាយ​ដើម្បី​អប់រំ​ណែនាំ​ពី​សិទ្ធិ​អាទិភាព​ឲ្យ​បាន​ ​ព្រោះថា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ពី​ការ​មិន​គោរព​សិទ្ធិ​អាទិភាព​មាន​ជាង​២៣​ភាគរយ, ល្បឿន​៣៨​ភាគ​រយ និង​បត់​ឆ្វេង បត់​ស្តាំ​ង វ៉ា​ជែង​ផង​ដែរ​។ ​

​ជាមួយ​គ្នា​​នេះដែរ សម្រាប់​ឱកាស​ចូល​​ឆ្នាំ​ចិន​ខាង​នេះ ​ក្រសួង​បាន​អំពាវ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​តែងតែ​ជួប​គ្នា​ពិសេស​នោះ​ពិសារ​គ្រឿង​ស្រវឹង​ សូមកុំ​ផឹក​ច្រើន​ពេក​ បើ​ពិសារ​កុំ​បើក​បរ​ឲ្យ​សោះ ។ ហើយ​មុន​ពេល​ចេញដំណើរ​ត្រូវ​មើល​យាន្ត​ឲ្យ​បាន​សព្វគ្រប់​ ព្រោះថា​ពួក​​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​កន្លែង​កម្សាន្ត​នានា​ជា​មិន​ខាន ។

​លោកស្រី​រដ្ឋលេខាធិការ​ក៏​បាន​អំពាវនាវ​ដល់​បើកបរ​ទាំង​សូម​ប្រុង​ប្រយ័ត្ន​​បំផុត​​ក្នុង​ការ​បើកបរ​នៅ​ពេល​ធ្វើ​ដំណើរ ​​កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ហើយ​មុន​វ៉ា​ជែង​ត្រូ​វ​មើល​មុខ​មើល​។

​សូម​បញ្ជាក់​ថា ​ការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃនេះ​មាន​ការ​សហ​ការ​ពី​មន្ទី​សាធារណៈការ​ខេត្តកណ្តាល និង​ស្នងការ​ខេត្តកណ្តាល ព្រមទាំង​ក្រសួង​ពា​ក់​ព័ន្ធ​ជា​ច្រើន​ដែល​ក្នុង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ។ ​ក្រសួង​នឹង​ធ្វើការ​យុទ្ធនាការ​ផ្សព្វផ្សាយ​សុ​ុ​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​នៅ​បណ្តា​ផ្លូវជាតិ​នានា​ផង​ដែរ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ