ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សិស្សានុសិស្សនៅអនុវិទ្យាល័យខ្ជាយ និងវិទ្យាល័យហ៊ុនសែនប្រសូត្រ បានដួលសន្លប់ជាបន្តបន្ទាប់ ហើយមូលហេតុមកពីសិស្សរងគ្រោះមានសម្ពាធឈាមទាប ខ្សោយ ខ្វះអាហារូបត្ថម្ភ ថែមទាំងមានការបម្រែបម្រួលអាកាសធាតុឡើងកំដៅខ្លាំង ទើបធ្វើឲ្យសិស្សរងគ្រោះមានសភាពវិលមុខ ណែនទ្រូង និងពិបាកដកដង្ហើម បណ្តាលឱ្យដួលសន្លប់ជាបន្តបន្ទាប់តែម្តង។
សេចក្តីរាយការណ៍បន្តថា ករណីសិស្សដួលសន្លប់ខាងលើនេះ កើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង៣និង០៥នាទីរសៀល នៅសាលាអនុវិទ្យាល័យខ្ជាយ ស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប សិស្សដួលសន្លប់ចំនួន៧នាក់ ។ ចំណែក នៅវិទ្យាល័យហ៊ុនសែនប្រសូតិ មានចំនួន៤នាក់ ។
បើតាមលោក សរ សុខចំរើន ប្រធានមន្ទីរពេទ្យបង្អែកស្រុក បានឲ្យដឹងថា ក្នុងនោះសិស្សអនុវិទ្យាល័យខ្ជាយ ដួលសន្លប់ចំនួន៧នាក់ ក្នុងនោះស្រីទាំង៧នាក់ និងសិស្សវិទ្យាល័យហ៊ុនសែនប្រសូតិ ចំនួន៤នាក់ ក្នុងនោះស្រី៤នាក់។ ហើយជនរងគ្រោះមានអាការៈមិនស្រួលខ្លួនវិលមុខ ណែនទ្រូង ពិបាកក្នុងការដកដង្ហើម ទើបបណ្តាលឲ្យដួលសន្លប់ជាបន្តបន្ទាប់បែបនេះ។
ក្រោយពីក្រុមគ្រូពេទ្យយករថយន្តទៅដឹក និងបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ធ្វើការសង្គ្រោះនោះ សិស្សទាំងអស់បានធូរស្រាលបន្តិចហើយ ប៉ុន្តែលោកគ្រូពេទ្យកំពុងតាមដានបន្តទៀតថា តើបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ?
បើតាមការបំភ្លឺពីលោកវ៉ា វុទ្ធី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយទាប បានប្រាប់នៅព្រឹកថ្ងៃទី២១ មករានេះថា ពេលនេះមន្ត្រីការិយាល័យអប់រំ លោកនាយកសាលា និងក្រុមគ្រូពេទ្យកំពុងធ្វើការស្រាវជ្រាវរកមូលហេតុដែលសិស្សដួលសន្លប់នេះហើយ។
បើតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានឲ្យដឹងថា ករណីសិស្សដួលសន្លប់នេះ ដោយឆ្លងកាត់តាមការចុះពិនិត្យជាក់ស្តែងបានធ្វើការសន្និដ្ឋានជាបឋមថា បញ្ហាដួលសន្លប់អាចបណ្ដាលមកពីអាកាសធាតុហួតហែងក្តៅខ្លាំង ជាកត្តាបរិស្ថានជុំវិញសាលា ឬសាលារៀនពុំមានកង្ហាល់ប្រើប្រាស់ ហើយថែមទាំងសិស្សតមចំណីអាហារ ដើម្បីសម្រក់ទម្ងន់ ទើបធ្វើឱ្យសិស្សមានសុខភាពខ្សោយ ខ្វះអាហារូបត្ថម្ភ។
ចំណែកលោកតូច ប៉ូលីវ៉ា បានបញ្ជាក់ថា កាលពីល្ងាចមិញនេះ ដោយមានការណែនាំដោយផ្ទាល់ពីលោកម៉ែន វិបុល អភិបាលខេត្តស្វា លោកក៏បានចុះទៅផ្ទាល់ដើម្បីសួរសុខទុក្ខសិស្សានុសិស្សចំនួន១១នាក់នេះ ដើម្បីឲ្យក្រុមការងារគ្រូពេទ្យបន្តរកមូលហេតុឲ្យច្បាស់លាស់។ ហើយនៅថ្ងៃទី២១ ខមករា នេះ ជនរងគ្រោះទាំង១១នាក់នៅសង្គ្រោះនៅឡើយ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ