ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ត្បាញ​ពិតាន​សម្រាប់​វត្ត​នឹង​បាត់​បង់​​ ព្រោះ​គ្មាន​ទីផ្សារ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មុខរបរ​ត្បាញ​ពិតាន​នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ប្រឈម​នឹង​ការ​ឈាន​ទៅ​បាត់បង់​បន្តិច​ម្តង​ៗ​ហើយដោយសារ​គ្មាន​ទីផ្សារតម្រូវការ​ឡើយ ម្យ៉ាងវិញទៀត​ការ​ត្បាញ​ពិតាន​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់ ។ ហើយ​ការ​ត្បាញ​នេះ ទាល់តែ​អ្នកមាន​ភាព​ឧស្សាហ៍​ព្យាយាម​និងអំណត់​ខ្លាំង ទើប​អាច​ធ្វើ​ទៅ​បាន ។…

ខេត្តតាកែវ ៖ មុខរបរ​ត្បាញ​ពិតាន​នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ប្រឈម​នឹង​ការ​ឈាន​ទៅ​បាត់បង់​បន្តិច​ម្តង​ៗ​ហើយដោយសារ​គ្មាន​ទីផ្សារតម្រូវការ​ឡើយ ម្យ៉ាងវិញទៀត​ការ​ត្បាញ​ពិតាន​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់ ។ ហើយ​ការ​ត្បាញ​នេះ ទាល់តែ​អ្នកមាន​ភាព​ឧស្សាហ៍​ព្យាយាម​និងអំណត់​ខ្លាំង ទើប​អាច​ធ្វើ​ទៅ​បាន ។

លោកយាយ​យឹ​ម នាង អាយុ​៦៥​ឆ្នាំ រស់នៅ​ឃុំ​ក​ញ្ចា​ង ស្រុក​សំរោង ខេត្តតាកែវ បាន​រៀបរាប់​ប្រាប់​កោះ​សន្តិភាព​ថា ៖ ការ​ត្បាញ​ពិតាន​ពិតជា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់ ។ ការងារ​នេះ​ទាល់តែ​អ្នកមាន​ភាព​អំណត់​ខ្លាំង​ទើប​អាច​ធ្វើ​ទៅ​បាន ។ ការ​ត្បាញ​មាន​ភាព​លំបាក​មិនជា​បញ្ហា​ប៉ុន្មាន​ទេ សម្រាប់​ស្ត្រី​រស់នៅ​ស្រុក​សំរោង ខេត្តតាកែវ ដែល​ចេះ​ជំនាញ​ត្បាញ​ពិតាន​នេះ​ត​ពី​ដូនតា ប៉ុន្តែ​កត្តា​ទីផ្សារ​ឯណេះ​វិញ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​គេ​អស់កម្លាំង​ចិត្ត​ក្នុង​ការ​ត្បាញ​បន្ត​នោះ ។

គាត់​រៀបរាប់​ថា ពិតាន​គឺ​គេ​ត្បាញ​ពី​សរសៃសូត្រ​ដោយ​មាន​ចង​គោម នេះ​ជា​ភាសារ​សម្រាប់​អ្នក​ត្បាញ និង​ភាសារ​ធម្មតា​គេ​ហៅ​ចង​ម៉ូ​ដ ។ គេ​ត្បាញ​ពិតាន​ពី​រឿង​ពុទ្ធប្រវត្តិ ឬ​ពី​រូប​អ្វី​ផ្សេង​ៗ​ដែល​គេ​ចង់បាន ។ គាត់​ថា ពី​សម័យ​ដើម ខ្មែរ​និយម​យក​ពិតាន​ទៅ​ចង​នៅ​ខាងក្រោយ​រូប​ព្រះពុទ្ធ​បដិមា​ក្នុង​ព្រះ​វិហារ ។ ការ​ត្បាញ​ពិតាន​ពិតជា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ហើយ​ក៏​ត្រូវ​ចាយ​កម្លាំង​ច្រើន​ណាស់​ដែរ ។

លោកយាយ​រៀបរាប់​បញ្ជាក់​ថា ៖ អ្វី​ដែល​លោកយាយ​កត់សម្គាល់​ឃើញ​នា​ពេល​សម័យ​រីក​ចម្រើន​នេះ​ថា ក្មេង​ជំនាន់​ក្រោយ​មិនសូវ​ស្គាល់​ពិតាន​ទេ មក​ពី​យើង​មិនសូវ​បាន​បង្ហាញ​គាត់ ហើយ​ប្រពៃណី​ត្បាញ​ហូល មិន​បាន​បន្ត​ដល់​ក្មេង​ជំនាន់​ក្រោយ ។ ជំនាន់​មុនគេ​ត្បាញ​ពិតាន​ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ ដូច្នេះ​ក្មេង​កាលពី​មុនគេ​ស្គាល់​ទាំងអស់ ។ ឥឡូវនេះ​ប្រែ​ពី​ការ​ត្បាញ​ពិតាន​ទៅ​ប្រគេន​ព្រះសង្ឃ ទៅ​ជា​គូររូប​តាម​ពិតាន​ព្រះ​វិហារ​ទៅ​វិញ ដូច្នេះ​ក្មេង​ជំនាន់​ក្រោយ ស្គាល់​តែ​គំនូរ​ទេ » ។

អ្នកស្រី​សូ និមល ស្ថិត​ក្នុង​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ បាន​លើក​ឡើង​ថា​៖ ដោយសារ​ស្រឡាញ់​មុខរបរ​ត្បាញ​ពិតាន​ដែល​សល់​ពី​កេរ្តិ៍​ដូនតា ទើប​គាត់​ចាប់​យកមុខ​របរ​នេះ​រហូត​មក​ដល់​ពេល​នេះ បើ​ទោះបីជា​មិនសូវ​មាន​ទីផ្សារ​ក៏​ដោយ ។ គាត់​រៀបរាប់​ថា ការ​ត្បាញ​ពិតាន​នេះ​គឺ​ដំបូង​យើង​យក​អំបោះ​មក​អន្ទង​ឱ្យ​ស្មើគ្នា​ឱ្យ​អស់​បាន​យើង​ចាប់ផ្ដើម​ចង​រូប ។ គាត់​រៀបរាប់​ចង្អុល​ថា នេះ​ចង​រូប​ព្រះ​ចូល​និព្វាន ។ បើ​អ្នក​មិន​យល់​ពិតជា​ថា​គំនូរ​ស្អាត​ជាង តែ​នេះ​រាប់​សរសៃសូត្រ​ឱ្យ​ស្មើគ្នា ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​ចេញ​រូប​» ។

ជា​ការ​ពិត​ដំណើររឿង​ពុទ្ធប្រវត្តិ​មាន​ទាំង​រូប​មនុស្ស រូប​សត្វ​ច្រើន​ប្រភេទ រូប​ព្រៃឈើ​គ្រប់​សណ្ឋាន រូប​ទឹកជ្រោះ និង​រូប​សំណង់​ប្រាសាទ​ផ្សេង​ៗ ជាដើម ការ​ត្បាញ​ពិតាន​ក៏​ត្រូវ​ត្បាញ​ទៅ​តាម​រូប​ទាំងនោះ​ដែរ ។ វា​មិនមែន​ជា​រឿង​សាមញ្ញ​ទេ​ដើម្បី​បាន​រូប​ផ្សេង​ៗ​គ្នា គេ​ត្រូវ​រាប់​សរសៃសូត្រ​ម្ដង​មួយ​សរសៃ​ៗ ហើយ​ចងទៅ​តាម​រូប​ដែល​គេ​ត្រូវការ ។ គាត់​ថា ក្នុង​មួយ​ក្បិន​នេះ​មាន​ប៉ុន្មាន​ពាន់​ប៉ុន្មាន​ម៉ឺន​សរសៃ​… ហើយ​គេ​រាប់​សរសៃ​ប៉ុនគ្នា បើ​មិន​ស្មើ ចាក់​ទៅ​វា​បាត់​គោម បាត់​គ្រាប់ ។ គ្រាន់តែ​ការ​ចង​ម៉ូ​ដ​ត្រូវ​ចំណាយពេល​រាប់​ខែ​ទម្រាំ​រួច ហើយ​បើ​ម៉ូ​ដ​ណា​ស្អាត​ត្រូវការ​ពេល​កាន់តែ​យូរ​ថែម​ទៀត​៖ «​ពិបាក​មែនទែន​គ្រាន់តែ​ចង​ប្រើ​ពេល​រាប់​ខែ​» ។

អ្នកស្រី​និមល បាន​និយាយ​បន្ត​ទៀត​ថា​៖ ចង​មូ​៉​ត​រួច​ហើយ​ត្រូវ​យក​ទៅ​ជ្រលក់​ពណ៌​ផ្សេង​ៗ​គ្នា​ទៅ​តាម​រូប​នីមួយ​ៗ បន្ទាប់​មក​ទើប​យក​ទៅ ត្បាញ ។ គាត់​បាន​បញ្ចា​ក់ថា ក្នុង​មួយ​ថ្ងៃ​ពិតាន​ត្បាញ​បាន​ត្រឹមតែ​ពីរ​តឹក​ប៉ុណ្ណោះ​៖ «​ត្បាញ​សូត្រ​ខ្មែរ​មួយ​ថ្ងៃ​មិន​ចង់បាន​ពីរ​តឹក​ទេ ។ អ្នកបញ្ជា​ទិញ​មិនសូវ​ឱ្យធ្វើ​បួន​ម៉ែត្រ​ទេ ច្រើន​តែ​បញ្ជា​ទិញ​មួយ​ប្លង់​២​ម៉ែត្រ ឬ​មួយ​ម៉ែត្រ​ជាង​»​។ ត្រូវការ​ពេល​យូរ​ចាយ​កម្លាំង​ច្រើន លើ​ការ​ចង​គោម​ហើយ​ប្រឈម​បញ្ហា​ប៉ះពាល់​កែវភ្នែក​ផង ព្រោះ​ត្រូវ​ពិនិត្យ​គ្រប់​សរសៃសូត្រ​មិន​ហ៊ាន​ប្រហែស​ទេ ។ អ្នក​ត្បាញ​រូប​នេះ​ប្រាប់​ពី​តម្លៃ​ទៅ​តាម​ទំហំ​និង​ម៉ូ​ដ ដូច្នេះ​៖ «​ពិតាន​២​ម៉ែត្រ​តម្លៃ​ប្រាំ​រយ ឬ​ជិត​មួយ​ពាន់​ដុល្លារ​ផង​ដែរ ។ ហើយ​មាន​មួយ​ផ្ទាំង​នោះ លក់​បាន​តម្លៃ​មួយ​ពាន់​ដុល្លារ​ដែរ ព្រោះ​ត្បាញ​ពី​រឿង​ពុទ្ធប្រវត្តិ ហើយ​ធ្វើ​ផ្ទាំង​ធំ​មាន​ខ្នាត​ច្រើន ។

លោក​លាង សាលី ដែល​ប្រកប​មុខរបរ​ត្បាញ​ហូល ជា​ពិសេស​ត្បាញ​ពិ​ដាន​ប្រចាំ​ស្រុក​សំរោង បាន​និយាយ​ថា​៖ លោក​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ពិតាន​ខ្មែរ​ឱ្យ​កាន់តែ​ផុសផុល​ថែម​ទៀត​ផង​៖ «​បើសិនជា​នៅ​តែ​បន្ត​សភាព​ស្ងប់ស្ងាត់​ផ្នែក​វប្ប​ធ៌​ម​ប្រពៃណី​បែប​នេះ​ទៀត លោក​ព្រួយបារម្ភ​ថា ថ្ងៃក្រោយ​អាច​នឹង​បាត់បង់​តែ​ម្ដង ។ ទាល់តែ​មានការ​ចូលរួម​របស់​រាជរដ្ឋាភិបាល​ដើម្បី​ការពារ​និង​អភិរក្ស​វប្បធម៌​នេះ​បន្ត​ទៅ​ទៀត ។ បើសិនជា​រាជរដ្ឋាភិបាល​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ឱ្យ​គេ​យល់​ពី​តម្លៃ​ពិតាន ឱ្យ​គេ​ស្គាល់​បន្ត​ទៀត​កុំឱ្យ​បាត់បង់​» ។

សម័យ​ដើម ប្រជាជន​កម្ពុជា​ស្គាល់​ពិតាន​យ៉ាង​ច្បាស់ ព្រោះ​គេ​ធ្វើ​ពិ​ដាន​ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ទុកជា​សម្បត្តិ​វត្ត ។ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន កុំ​ថា​ឡើយ​តែ​ក្មេង សូ​ម្បី​តែ​មនុស្ស​ចាស់​មួយ​ចំនួន​មិន​ស្គាល​ពិតាន​នេះ​ថា​ជា​អ្វី​ដែរ ។ ទាំងនេះ​មិនមែន​មក​ពី​ពួក​គេ​មិន ចាប់អារម្មណ៍​នោះ​ទេ ប៉ុន្តែ​មក​ពី​សម័យ​សង្គ្រាម​បាន​បំផ្លាញ​ពិតាន រួម​ទាំង​ជីវិត​អ្នក​ដែល​ចេះ​ត្បាញ​ពិតាន​នេះ​ស្ទើរតែ​អស់​ទៅ​ហើយ ។ រហូត​មក​ដល់​ពេល​នេះ ការ​ផលិត​និង​ផ្សព្វផ្សាយ​ពី​ពិតាន ក៏​នៅ​មាន​កម្រិត​ទៀត ដូច​នៅ​សង្ឃឹម​តិច​ណាស់ ដែល​អាច​រក្សា​បាន​តម្លៃ​ពិតាន​ដែល​ត្បាញ​ដោយ​ដៃ ៕​

អត្ថបទសរសេរ ដោយ