ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស-ស្រី​៣នាក់​ពីបទ​ជួញដូរ​ថ្នាំញៀន

15 ឆ្នាំ មុន

ក្រុងប៉ោយ​ប៉ែត​ ៖ សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែតបាន​​ចាប់​​ឃាត់​ខ្លួន​​ជនសង្ស័យប្រុស-​ស្រី​​៣នាក់​​​ពី​បទ​ជួញ​ដូរ​ថ្នាំញៀន​ កាលពី​ថ្ងៃទី​​​៧ មីនា​ វេលា​ម៉ោង​​១០ព្រឹក​ ​នៅ​ចំណុច​ចំណត​រថយន្ត​ ស្ថិត​ក្នុងភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត ។​

ទាក់ទិន​នឹង​ករណី​ខាង​លើ​នេះ​ លោក​អនុ​សេនីយ៍ទោ​ព្រហ្ម ពិសិដ្ឋ​ នាយ​ផ្នែក​​​ព្រហ្មទណ្ឌ​ ​ក្រុង​បាន​​ឱ្យ​ដឹងថា ​​មុន​នឹង​​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​​ជន​សង្ស័យ​ទាំង​៣​​នាក់​​ខាង​លើ​នេះ​ គឺកាលពី​វេលា​ម៉ោង​​១០​ព្រឹកថ្ងៃទី​៧ មីនា ប៉ូលិស​​​ចរាចរ​ដែល​ឈរជើង​​ត្រួតពិនិត្យ​​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ​​បាន​​ចាប់​ឃាត់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ​យ៉ន សំនៀង អាយុ​២១ឆ្នាំ ​ជិះម៉ូតូ​ម៉ាក​អាយខន ពណ៌​ផ្កាឈូក លាយ​ខ្មៅ​ អត់​មាន​ពាក់មួក​សុវត្ថិភាព​ បន្ទាប់ពី​​យុវជន​ម្នាក់​នេះ​បាន​​ព្យាយាម​ជិះម៉ូតូ​គេច​​​ខ្លួន​ដោយ​បើក​បំបុក​ប៉ូលិស​​​ទើប​ត្រូវ​ចាប់​ឃាត់​ខ្លួនធ្វើ​ការ​ឆែក​ឆេរ​ឃើញ​ថ្នាំញៀន​​ប្រភេទ​​​ម៉ា​ទឹកកក​​១ថង់តូច​នៅជាប់​នឹង​ខ្លួន​​របស់គេ​ ។ នៅពេល​​​សួរនាំ​ទៅ​យុវជន​​​​​រូបនេះ​​បាន​​ឆ្លើយ​ប្រាប់​សមត្ថ​កិច្ច​ថាថ្នាំញៀន​​នេះ​រូបគេ​បាន​ទិញ​ពីផ្ទះ​​​មួយ​នៅក្នុង​ភូមិ​​​ខាង​​លើ​ ហើយ​​សមត្ថ​កិច្ច​ក៏​បាន​រាយការណ៍​​ជូន​ថ្នាក់​លើ​ដើម្បី​សុំ​យោបល់ ។

លោក​អនុសេនីយ៍​ទោ​ព្រហ្ម​ ពិសិដ្ឋ បាន​​បន្ត​ថា ក្រោយ​​ពី​មាន​​បទបញ្ជា​និង​មាន​ដីកា​ឯកភាព​​​ពី​ស្ថាប័ន​តុលាការ​​​លោក​ស៊ុន សាវុធ​ អធិការ​​រង​និងរូប​លោក​បាន​នាំកម្លាំង​ទៅ​ឆែកឆេរលំនៅ​ឋាន​​​របស់​​ឈ្មោះ​ឃុន ពឹង ជាម្ចាស់​​ផ្ទះ​ហើយ​​បានឃាត់​ខ្លួន​ស្ត្រី២​នាក់​​ទៀត​ ម្នាក់​ឈ្មោះ​​​ចុង សៀវ អាយុ​២៩ឆ្នាំ​ និង​ម្នាក់ទៀត​ឈ្មោះស៊ីម ស៊ីណាត អាយុ​៤៣ឆ្នាំ​ ពួកគេស្ត្រីទាំងពីរ​នាក់​ជាប់​សង្ស័យ​ពាក់ព័ន្ធជួញដូរ​​​ថ្នាំញៀន​​ ។ ក្នុង​ការ​​ឆែកឆេរ​នោះ​សមត្ថ​កិច្ច​​បាន​រកឃើញ​​និង​​​រឹបអូស​បាន​ថ្នាំញៀន​​ប្រភេទ​​ម៉ាទឹកកក​​ចំនួន​១៤៦​ថង់តូច​ និង​៥ថង់ធំ​ រួមទាំង​ទូដែក​១​ និង​​កាមេរ៉ា​​​សុវត្ថិភាព​ដែល​ម្ចាស់​ផ្ទះ​ដាក់​សម្រាប់​មើល​​​សកម្មភាព​​តាម​ផ្លូវ ។ ​​លោក​អនុសេនីយ៍​​ឯក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​​ប៉ែត​ បាន​ឱ្យ​ដឹងថា ​ចំពោះ​​ជន​សង្ស័យ​​ប្រុស-ស្រី​ទាំង​៣​នាក់​ រួមទាំង​វត្ថុតាង​​​សមត្ថ​កិច្ច​​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការ ៕