ខេត្តកោះកុង ៖ គ្រាន់តែទាស់ពាក្យសំដីគ្នារឿងទិញស្រាបន្តិចបន្តួចបានក្លាយជាអ្នកទោសដោយសារប្រើអំពើហិង្សាចាក់គេនឹងដែកបំពង់ទីបចុងស្រួចបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវនាំចូលសំរាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២ មីនា នៅក្រោយអនុវិទ្យាល័យទីរួមខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ជនរងគ្រោះឈ្មោះប៉ើ សៅលីញ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករស៊ីឈ្នួលកាប់ជ្រូក មានទីលំនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ត្រូវជនល្មើសឈ្មោះញឹក ទឹមផល្លី ហៅខៀវ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ចាក់នឹងដែកបំពង់ទីបត្រង់ក្បាល និងចង្កេះ។
សមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីបង្កហេតុរួចជនសង្ស័យរត់គេចខ្លួនបាត់ លុះព្រឹកឡើងថ្ងៃទី៣ មីនា ទើបសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ឃាត់ខ្លួនបាន ហើយបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ ប្រភពដដែលបន្តទៀតថា ជនសង្ស័យ និងជនរងគ្រោះទាស់ពាក្យសំដីគ្នារឿងទិញស្រា។ ជនរងគ្រោះឈ្មោះប៉ើ សៅលីញ អង្គុយផឹកស្រានៅតូបអ្នកលក់ ហើយពេលជនសង្ស័យដើរទៅទិញស្រា ឌឺដងពាក្យសំដីដាក់គ្នាទៅវិញទៅមក ទើបកើតជាអំពើហិង្សាបែបនោះ៕


ចែករំលែកព័តមាននេះ