តើ​សហគ្រិន​ស្ត្រី​កម្ពុជា​មាន​ប្រមាណ ៦៥,១​ភាគរយ​នៃ​សហគ្រិន​សរុប​កំពុង​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ ?


រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការ​នារី​បាន​ឲ្យ​ដឹង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ សហគ្រិន​ស្ត្រី​កម្ពុជា​ក៏​មិន​ខុស​គ្នា​ពី​សហគ្រិន​ស្ត្រី​នៅ​លើ​ពិភពលោក​នេះ​ដែរ គឺ​នៅ​តែ​មាន​ផលវិបាក​នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន ។ ជាក់ស្តែង​នៅ​កម្ពុជា សហគ្រិន​ស្ត្រី​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ប្រមាណ ៦៥,១ ភាគរយ​នៃ​សហគ្រិន​សរុប​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​អោយ​ស្ត្រី ចូលរួម​ក្នុង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​កាន់តែ​ខ្លាំង​ថែម​ទៀត ។

​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្ត្រី និង​សហគ្រិន​ស្ត្រី​» នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ នេះ លោក​ជំទាវ អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ជា​ពិសេស​សហគ្រិន​នៅ​កម្ពុជា ភាគច្រើន​ជា​ស្ត្រី ហើយ​ស្ត្រី​មាន​ផលវិបាក​ច្រើន ក្នុង​ការ​អភិវឌ្ឍន៍​សហគ្រាស និង​អាជីវកម្ម​របស់​ពួក​គេ ដូច្នេះ​ហើយ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​រិះរក​វិធីសាស្ត្រ​ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ពោល​គឺ​ត្រូវ​ជួយ​អភិវឌ្ឍន៍ ដល់​សហគ្រិន​ជា​ស្ត្រី អោយ​មាន​ភាព​ប្រកួតប្រជែង​ជាមួយ​សហគ្រិន​ជា​បុរស​ដែរ ។

លោក​ជំទាវ​បាន​បន្ត​ថា « ក្នុង​ចំណោម​សហគ្រាស​ដែល​ជា​មាន​ស្ត្រី​ជា​ម្ចាស់​ភាគច្រើន​នៅ​កម្ពុជា​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សហគ្រាស​ខ្នាត​តូច​ៗ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ក៏​ដូច​ជា​ឧបសគ្គ​ជា​ច្រើន នៅ​ក្នុង​ប្រតិបត្តិការ​ធុរកិច្ច​របស់​ខ្លួន ដូច​ជា​ការ​មិន​ទទួល​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ជំនាញ និង​ចំណេះដឹង​ថ្មី​ៗ​ក្នុង​ការ​អភិវឌ្ឍ​ធុរកិច្ច​ក៏​ដូច​ជា​ការ​ទទួល​បាន​នូវ​ការ​ការពារ​ពី​ច្បាប់​នៅ​មាន​កម្រិត​នៅឡើយ » ។ ​លោក​ជំទាវ​នាវ ច័ន្ទ​ថា​នា ទេសាភិបាល​រង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ប្រជាជន​កម្ពុជា​ប្រមាណ​៥៩​ភាគរយ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រើប្រាស់ ក្នុង​នោះ ១៧% ពី​គ្រឹះស្ថាន​ធនាគារ និង​៤២% ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេង​ៗ ១២% ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ២៩% ទៀត​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ ។ លោក​ជំទាវ​បាន​បន្ត​ថា ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​ឧបសគ្គ ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដោយសារ​តែ​ប្រាក់​ចំណូល​នៅ​មាន​កម្រិត ខ្វះខាត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កង្វះ​អ្នកវិភាគ​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​នានា ។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា « ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ រាជរដ្ឋាភិបាល​បាន​អនុម័ត​យុទ្ធសាស្ត្រ ស្ដី​ពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ ២០១៩ ឆ្នាំ ២០២៤ ។ យុទ្ធសាស្ត្រ​នេះ​នឹង​អាច​ជួយ​ដល់​សហគ្រិន​ស្ត្រី នៅ​កម្ពុជា ក្នុង​ដោះស្រាយ​នូវ​បញ្ហា​ហិរញ្ញវត្ថុ និង​អាច​ជួយ​អោយ​សហគ្រិន​ស្ត្រី អោយ​មានការ​អភិវឌ្ឍ​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត និង​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កាន់តែ​ច្រើន​ផង​ដែរ » ។

លោកស្រី​ជុំ ម៉ូ​នី​កា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ វី​សា​ប្រចាំ​ប្រទេសកម្ពុជា​បានអោយ​ដឹង​ថា ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​មួយ គឺ​ដើម្បី​ជួយ​ដល់​ស្ត្រី​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​នឹង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដល់​សហគ្រិន​ស្ត្រី និង​មួយទៀត​នោះ ក្រុមហ៊ុន​នឹង​យកចំណេះ​ដឹង​ពី​ជុំវិញ​ពិភពលោក​មក​ចែករំលែក​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​អោយ​ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គាត់​កាន់តែ​លូតលាស់ ។

​លោក​តាម​ប្រសាសន៍​លោក ចម ប្រសិទ្ធ​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បានអោយ​ដឹង​កន្លង​មក​ថា បច្ចុប្បន្ន​នេះ​សហគ្រាស​ទាំង​ធំ​ទាំង​តូច និង​មធ្យម​ក្ដី​នៅ​កម្ពុជា មាន​ប្រមាណ​ដល់​ជាង​៥០​ម៉ឺន​សហគ្រាស ក៏​ប៉ុន្តែ​មាន​សហគ្រាស​តែ​ប្រមាណ ៥% ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​ត្រឹមត្រូវ ដូច្នេះ​អ្នក​ដែល​មិន​បាន​ចុះបញ្ជី​ពិត​ណាស់​ប្រាកដជា​ពិបាក​ក្នុង​ការ​ស្វែងរក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ខ្លួន ៕ កែមសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ