ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​ ៖ ​សង្គ្រាម​ឈ្លានពាន​​របស់ថៃ​ថោកទាបបំផុត​…​កម្ពុជា​ត្រៀម​​លក្ខណៈ​​ រួចរាល់​​​សម្រាប់​អ្នកសង្កេត​ការណ៍…​ចុងក្រោយ​​នឹង​ទៅ​តុលាការ​អន្តរជាតិ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​នៃទិវា​វប្បធម៌​ជាតិលើកទី​​១៣ នៅ​សាល​​​សន្និសីទ​​​ចតុមុខ​​ កាលពីព្រឹកថ្ងៃទី​​៣ មីនា ​​២០១១ នេះ​ សម្តេច​​តេជោ​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានមាន​ប្រតិ​កម្ម​ខ្លាំងៗ​ចំពោះ​មហិច្ឆតា​អាក្រក់​​របស់ថៃថា ការបាញ់មកលើប្រាសាទ​ព្រះ​វិហារ​ពីសំណាក់​​ទាហាន​ថៃ​ជាង​​៤០០គ្រាប់​​កាំ​ភ្លើងធំ​​នោះ និង​ការបាញ់​​មកលើ​តំបន់​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​ មិនមែន​​ជា​ការ​ផ្ទុះអាវុធ​​ដោយ​គ្រាន់តែ​ខ្វែង​គំនិត​គ្នា​នោះ​ទេ​…​​ការពិតនេះ​ជា​សង្គ្រាម​…​ហើយសង្គ្រាម​នេះ​​មិនមែន​​ត្រឹម​តែ​ឈ្លានពាន​​ទឹកដី​​ប៉ុណ្ណោះទេ គឺឈ្លានពាន​​ដណ្តើម​​សម្បត្តិ​វប្បធម៌​​ថែមទៀត ​ដែលនេះ​​ជា​មហិច្ឆតា​ថោកទាបក្រៅតម្រា​​ ប្រាស​ចាក​ច្បាប់​​​ជាតិ និង​អន្តរជាតិ ។​

សម្តេច​​បានថ្លែង​ថា រូបសម្តេច​មានការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង ខណៈ​ដែលជួប​​សន្ទនា​ជាមួយ​លោកកូអុី​​ជីរ៉ូ ម៉ាត់ស៊ូរ៉ា ​​បេសកជន​ពិសេស​របស់​អង្គការ​យូណេស្កូ ​ហើយ​លោក​ម៉ាត​់ស៊ូរ៉ា ប្រាប់​ថា ​ភាគីថៃ​​គេទាមទារ​​ឱ្យ​​ដក​ប្រាសាទព្រះវិហារ​​ចេញពី​​​បញ្ជីបេតិ​កភណ្ឌពិភពលោក និង​បង្អាក់​ការ​​អភិវឌ្ឍ​លើ​តំបន់​ប្រាសាទ​ដ៏​ល្បីល្បាញ​នេះ​ ​ព្រោះ​ការ​​ដែលធ្វើ​​បែបនេះនាំ​ឱ្យ​​​មានការ​តានតឹង​ទាំង​នយោបាយ និង​​យោធា​រវាង​កម្ពុជា​-ថៃ ។ ​សម្តេចតេជោ​​បានលើកឡើង​​ថា ការ​ដាក់​បញ្ចូល​​ប្រាសាទព្រះវិហារទៅក្នុងបញ្ជី​​បេតិកភណ្ឌ​ពិភព លោក ​និង​ការអភិវឌ្ឍ​ប្រាសាទ​នេះ វាជា​បុព្វ​​​សិទ្ធ​ិរបស់​កម្ពុជា ដែលជា​រដ្ឋ​​អធិបតេយ្យ​ពេញ​លេញ ​គ្មាន​​​ពាក់ព័ន្ធ​​ជា​​មួយប្រទេសថៃ ​មក​ចូល​រួម​​​ហ៊ុន​ហាយអ្វី​ទេ​…​ហើយម្យ៉ាង​ទៀត​​ប្រាសាទ​ព្រះវិហារ​​មាន​តម្លៃ​​ជា​សាកល​​ត្រូវបានអនុ​ម័ត​​ចុះបញ្ជី​​បេតិកភណ្ឌ​ពិភពលោក ជាសម្បត្តិ​​វប្ប​ធម៌​​​ពិភព​លោក ​​ដោយគណៈ​កម្មការ​របស់​អង្គ​ការ​​យូណេស្កូជាង​​១៨០​ប្រទេសឯណោះ ​មិន​មែន​​ជា​ការ​​លេង​សើចសម្រាប់ថៃ​​ចង់​​បង្វិល​តាម​អំពើចិត្ត​​នោះទេ​។​ សូមរំលឹក​ថា កាលពី​ឆ្នាំ​​១៩៥៤​ថៃ​បានឈ្លានពាន​​លើ​ប្រាសាទព្រះវិហារ​​ម្ត​ង​រួច​​មកហើយ ប៉ុន្តែត្រូវ​បរាជ័យ​ទៅវិញ ​ដោយ​សារ​គ្មាន​​លក្ខណៈ​​គតិយុត្តិ​​គ្រប់គ្រាន់​​ និង​ចាញ់ក្តី​​កម្ពុជានៅតុលាការ​អន្តរជាតិ​​​ឆ្នាំ​​១៩៦២ ។​

សម្តេច​បានសង្កត់ធ្ងន់​ថា ឥឡូវនេះ​​កម្ពុជា​​បានត្រៀម​​លក្ខណៈ​រួចរាល់​​អស់​ហើយ សម្រាប់​​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​​ដែលមក​កាន់​តំបន់​​ជម្លោះ​​ឆាប់​ៗ​នេះ ​​គឺ​កម្ពុជា​ត្រៀម​​កន្លែង​​១៤​ចំណុច សម្រាប់​​អ្នកសង្កេត​ការណ៍​ទាំង​នោះ ដើម្បី​​បង្ក​លក្ខណៈ​​ងាយស្រួល​ដល់​​ពួកគេ​​បំពេញ​តួនា​ទី​​ពិនិត្យ​មើល​ការ​ខូចខាត ពិនិត្យមើល​ទ្រង់​ទ្រាយ​ជម្លោះ​ ពិនិត្យ​មើល​​​អ្នក​​បង្ករឿង ​និង​ពិនិត្យមើល​​ភាពគិតយុត្តិ​​របស់​​ប្រទេស​ភាគី​ជម្លោះ​​នីមួយៗ ​បើ​ទោះ​ជាភាគីថៃ​​មិនឆ្លើយ​​​តប​ទាន់ពេល​វេលា​​ក៏ដោយ ។​​ ចាប់ពីពេលនេះ​ទៅ ការ​​ចរចា​ទ្វេ​ភាគី​​ផ្សេងៗ ជាមួយថៃ គឺ​មានតែ​ពាណិជ្ជ​កម្ម​-សេដ្ឋ​កិច្ច​ ទេសចរណ៍​…​​ប៉ុណ្ណោះ ​ប៉ុន្តែ​​សម្រាប់​ជម្លោះ​​ព្រំដែន​​ និងការ​ចង់​​លេបត្របាក់​​ព្រះវិហារ គឺត្រូវ​​ធ្វើឡើង​​មានអ្នក​​ទី​៣ចូល​រួម​…​អាស៊ាន​​ ឬ​អន្តរ​​ជាតិ​…​និងជា​​ចុង​ក្រោយ​​​គឺត្រូវ​​ឆ្ពោះទៅ​​​កាន់​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ ដើម្បី​​ស្នើ​ឱ្យ​​​បក​ស្រាយសាលក្រម​ស្ថាពរ​ដែល​​តុលាការ​នេះ​​បាន​សម្រេច​តាំង​ពី​ឆ្នាំ​​១៩៦២​មកនោះ ៕