ការ​ព្យាបាល​អ្នកជំងឺ​ត្រូវ​យកចិត្តទុកដាក់​ជាទី​បំផុត​មិន​ត្រូវធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​នោះ​ទេ


ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ព្យាបាល​អ្នកជំងឺ​ត្រូវ​យកចិត្តទុកដាក់​ជាទី​បំផុត​មិន​ត្រូវធ្វើ​ឱ្យ​អោយ​រួច​តែ​ពី​ដៃ​រហូត​ដល់​មាន​គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ​ដែល​មក​រក​សេវា​ព្យាបាល​ពី​យើង​នោះ​ទេ​» ។ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិ​យុ​ត្តរបស់​ក្រសួងសុខាភិបាល និង​ច្បាប់​ពាក់ព័ន្ធ​នានា​ដល់​អ្នក​ប្រកប​អាជីវកម្ម​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ផ្នែក​ឯកជន នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​១៥ ខែមករា​នេះ ។

លោក អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា ៖ ម្ចាស់​អាជីវកម្ម​ប្រកប​របរ​អាជីវកម្ម​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ផ្នែក​ឯកជន​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​តាម​គោលការណ៍ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ និង​មិន​ត្រូវ​ទុក​អ្នកជំងឺ​ឲ្យ​ហួសពេល​ក្នុង​ការ​ព្យាបាល​នោះ​ទេ ត្រូវ​តែ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជា​បន្ទាន់ នៅ​ពេល​ដឹង​ថា អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ហួស​សមត្ថភាព​នៃ​ការ​ព្យាបាល​របស់​ខ្លួន ។

កន្លង​ទៅ​ក៏​មាន​ម្ចាស់​សេវា​ឯកជន​មួយ​ចំនួន​ពុំ​ទាន់​ប្រតិបត្តិ​ត្រឹមត្រូវ​ដោយ​ទទួល​អ្នកជំងឺ​សម្រាក ព្យាបាល​បន្ទប់​ថែទាំ​ជំងឺ​ឯកជន​របស់​ខ្លួន ក្នុង​រយៈពេល​យូរ​ដោយ​មិន​គោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ដល់​អ្នកជំងឺ និង​ការ​យក​លុយ​ច្រើន​ពេក​ពី​អ្នកជំងឺ​ជាដើម ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សូម​ឱ្យ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ផ្នែក​ឯកជន និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​ត្រូវ​ពង្រឹង​លើ​វិជ្ជាជីវៈ​សុខា​ភិ​បា​ឲ្យ​បាន​ល្អ និង​ត្រូវ​ចាំ​ថា ៖ បើ​ការ​ព្យាបាល​របស់​យើង​ពូកែ​និង​មាន​ប្រសិទ្ធភាព​នោះ​អ្នកជំងឺ​នឹងរ​ត់ម​ករក​យើង​ដោយ​យើង​មិន​ពិបាក​រក​អ្នកជំងឺ​នោះ​ឡើយ ។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្តកំពង់ឆ្នាំង​មាន​វិស័យ​សេវា​ឯកជន​ដែល​មានច្បាប់​អនុញ្ញាត​សរុប​ចំនួន​៤៧៥​សម្រាប់​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ។

ប្រធាន​មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា ៖ លក្ខខណ្ឌ​នៃ​ការ​អនុញ្ញាត​ច្បាប់​ផ្ដល់​សេវា​ឯកជន គឺ​ទី ១- ម្ចាស់​សេវា​ត្រូវ​មាន​សញ្ញាប័ត្រ​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល ឬ​សញ្ញាបត្រ​មាន​តម្លៃ​ស្មើ ទី​២ -​ត្រូវ​មានការ​ទទួលស្គាល់​ពី​ក្រុមប្រឹក្សា​គណៈ​វិជ្ជាជីវៈ​នីមួយ​ៗ ៣-​ការ​បើក​បន្ទប់​ថែទាំ​អ្នកជំងឺ​ឯកជន​ត្រូវ​មាន​សញ្ញាប័ត្រ​គិលានុបដ្ឋាន​មធ្យម និង​ទី​៤ – ការ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ត្រូវ​មាន​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​មធ្យម ។

ការ​អនុញ្ញាត្តិ​ច្បាប់​ផ្ដល់​សេវា​ឯកជន​ក្រសួងសុខាភិបាល​បាន​ផ្ដល់​ជូន​អភិបាលក្រុង​ស្រុក​ជា​អ្នក​ផ្ដល់​ច្បាប់​អនុញ្ញាត្តិ ក្រោម​ការ​ផ្ដល់​យោបល់​ពី​ផ្នែក​សុខាភិបាល​ក្នុង​ដែន​សមត្ថកិច្ច​នីមួយ​ៗ និង​មានការ​ចុះ​ត្រួតពិនិត្យ​ថ្នាក់​មន្ទីរ​សុខាភិបាល និង​ស្រុក​ប្រតិបត្តិ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ