ខេត្តមណ្ឌលគិរី ៖ គ្រឿងឈើសម្រាប់សាងសង់ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ដែលបម្រុងនិងលើកផ្គុំឡើង បែរជាត្រូវជនមិនស្គាល់មុខលួចដុតឆេះអស់មួយចំនួនកាលពីយប់ថ្ងៃទី១៥ មករា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិអរបួនលើ ឃុំអរបួន ស្រុកកោះញែក ។
លោក គុន សុផល ប្រធានអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិ ប្រចាំខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទីស្នាក់ការនេះត្រូវបានជនមិនស្គាល់មុខលួចដុតចំនួន២លើកមកហើយ ដោយលើកទី១នៅថ្ងៃទី៨ មករា ចំណែកលើកទី២គឺនៅថ្ងៃទី១៥ មករា ធ្វើឲ្យក្រុមការងារមិនអាចលើកផ្គុំឡើងធ្វើជាទីស្នាក់ការតាមការគ្រោងទុកនៅថ្ងៃទី១៩ មករា ខាងមុខនេះបានឡើយ។
លោក សុផល បន្តថា ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើត្រូវបានបង្កើតឡើងដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ឋត្រឹមត្រូវតាមច្បាប់ មានប្រជាពលរដ្ឋជាងបួនរយគ្រួសារកំពុងអាស្រ័យផល ហើយមានវិសាលភាពលើការគ្រប់គ្រងអភិរក្សដីព្រៃជាមួយមន្ត្រីជំនាញនានាក្នុងទំហំជាង៤ពាន់ហិកតា ។ បើតាមការបញ្ជាក់ពីលោក គុន សុផល នៅព្រឹកថ្ងៃទី១៦ មករា ក្រោយពីសមត្ថកិច្ចចុះពិនិត្យរួចរាល់ លោកនិងក្រុមការងារបានដាក់ពាក្យបណ្តឹងលើជនល្មើសដែលលួចដុតនោះហើយ តែអត្តសញ្ញាណជនបង្កនៅមិនទាន់កំណាត់បានច្បាស់នោះទេ។
ក្នុងនោះដែរ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក្រោមការគ្រប់គ្រងរបស់លោក កែវ សុភគ៌ បានថ្កោលទោសជនប្រព្រឹត្តដែលបានដុតបំផ្លាញទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ នៃដែនជម្រកសត្វព្រៃស្រែពក បានត្រូវជនកំហូចមិនស្គាល់មុខលួចចាក់សាំងដុតបំផ្លាញ បណ្ដាលឲ្យឆាបឆេះខូចខាតទាំងស្រុង តែមិនមានអ្នករងរបួសទេ។
សេចក្តីថ្លែងការណ៍បន្តថា ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ បានរួមចំណែកយ៉ាងសកម្មជាមួយនឹងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ទន្ទឹមនេះ ក្នុងនាមមន្ត្រីអនុវត្តច្បាប់នៃដែនជម្រកសត្វព្រៃស្រែពក, ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយនូវទង្វើបំផ្លិចបំផ្លាញដោយការចាក់សាំងដុតកម្ទេចទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ពីសំណាក់ជនខិលខូច៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ