ព្រំដែនខេត្តឧត្តរមានជ័យ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ដោយសារដើរជាន់មីនប្រភេទ៦៩ ផ្ទុះឡើងកក្រើក កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៧ មីនា ២០១១ ម្សិលមិញនេះ នៅចំណុចផែនទី២៥-៩៣ លើភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រភូមិអូរត្រាវ ឃុំគន្ទ្រង ស្រុកឃុនហាន ខេត្តស៊ីសាកេត ប្រទេសថៃ ចម្ងាយ១៣គីឡូម៉ែត្រពីព្រំដែនកម្ពុជា ។
បើតាមអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំខេត្តឧត្តរមានជ័យបានបញ្ជាក់ឱ្យដឹងថា បុរសទាំង៦នាក់ខាងលើ មាន១-ឈ្មោះស៊ឹម សេះ របួសដាច់ជើងទាំងពីរ ២-ឈ្មោះសេះ សាយ អ្នកទាំង២ជាឪពុក និងកូន របួសដាច់ជើងទាំងពីរ ៣-ឈ្មោះសាន លួន អាយុ១៦ឆ្នាំ របួសដាច់ជើងទាំងសងខាង ៤-ឈ្មោះហូយ កឺយ របួសបាក់ជើងខាងឆ្វេង ៥-ឈ្មោះញឹក របួសជើងឆ្វេងស្រាល និង៦-ឈ្មោះហេង ចំរើន របួសជើងឆ្វេងស្រាល ។ ប្រជាពលរដ្ឋខ្មែរទាំង៦នាក់នេះ រស់នៅក្នុងភូមិអភិវឌ្ឍន៍ ហៅភូមិសូន្យ៥ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សេចក្តីរាយការណ៍បានបញ្ជាក់ដែរថា ហេតុការណ៍នេះបានកើតឡើងខណៈពេលប្រជាពលរដ្ឋរងគ្រោះ៦នាក់ខាងលើនេះរួមជាមួយប្រជាពលរដ្ឋ៩នាក់ទៀត (ទាំងអស់១៥នាក់) ចូលទៅក្នុងទឹកដីថៃ ដើម្បីស៊ីឈ្នួលកាប់ឈើគ្រញូង និងអូសឈើឱ្យឈ្មួញដែលជួលពួកគេ ។ បច្ចុប្បន្នអ្នករបួសធ្ងន់ដាច់ជើង និងបាក់ជើងទាំង៤នាក់នោះ មិនដឹងពីវាសនាយ៉ាងណានោះទេ ព្រោះពួកគេទៅណាមិនរួច ហើយខណៈដែលរបួសមានសភាពធ្ងន់ធ្ងរ និងហូរឈាមច្រើននោះ អាជ្ញាធរថៃនៅមិនទាន់ចូលទៅយកពួកគេ ដើម្បីបញ្ជូនទៅខេត្តស៊ីសាកេត សង្គ្រោះនៅឡើយ ។ ជាមួយនេះដែរ ប្រជាពលរដ្ឋខ្មែរដែលរបួសស្រាល២នាក់នោះ ត្រូវបានប្រជាពលរដ្ឋខ្មែរផ្សេងទៀតបានគ្រាចូលមកដល់ដីខ្មែរបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ចំណែក៩នាក់ផ្សេងទៀតដែលមិនមានគ្រោះថ្នាក់នៅក្នុងការផ្ទុះមីននោះក៏បានចូលមកដល់ភូមិកំណើតវិញអស់ហើយដែរ ៕
ចែករំលែកព័តមាននេះ