ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​អង្គ​ស្នួល​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​អាវុធ​ ជាតិ​អាល់​កុល​ និង​យាន​យន្ត

15 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ កម្លាំង​គណៈ​បញ្ជា​ការ​​ឯក​ភាព​ស្រុក​អង្គ​ស្នួល​ដឹក​នាំ​ដោយ​លោក​ទីម ​ទី រ៉ាដេត អភិ​បាល​រង​ស្រុក និង​លោក​ទិត្យ​ វង្ស​ អធិការ​ប៉ូលិស​ស្រុក​ បាន​ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ពិនិត្យជាតិ​អាល់​កុល ​​មធ្យោ​បាយ​ដឹក​ជញ្ជូន​ និង​យាន​យន្ត​គ្រប់​ប្រភេទនៅ​មុខ​សាលា​ស្រុក​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​កាល​ពី​ថ្ងៃ​ទី​២៨​ មីនា ចាប់​ពី​ម៉ោង​៤​រសៀល​រហូត​ដល់​ម៉ោង​៨​យប់​​។ ​នៅ​ក្នុង​ប្រតិ​បត្តិ​ការនេះ គឺ​កន្លែង​សមត្ថ​កិច្ច​អនុវត្ត​តាម​ផ្លូវ​ច្បាប់ដោយ​​ពុំ​មាន​ការ​យោគ​យល់​​​ទេ ទោះ​បី​ជា​មាន​ការ​អន្តរា​គមន៍​​តាម​រយៈ​ទូរ​ស័ព្ទ​ពី​ខាង​ណា​​ក៏​ដោយ​ ​។

លោក​ទីម​ ទីរ៉ា​ដេត ​​បាន​ថ្លែង​ថា ការ​ចុះត្រួត​ពិនិត្យ​នេះ​ធ្វើ​​ឡើង​ជា​រៀង​រាល់​យប់​ ដោយ​អនុវត្ត​តាម​អនុ​សាសន៍ដ៏​​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដើម្បី​សម្រួល​​សុវត្ថិ​ភាព​ចរា​ចរ​ណ៍​តាម​ដង​ផ្លូវ​ជូន​ប្រជា​ពល​រដ្ឋ​ កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បទ​ល្មើស​លួច​ ឆក់​ប្លន់​ ជាង​នេះទៀតត្រួត​ពិនិត្យ​​រថ​យន្ត​ដែល​ចាស់ៗ​ផង​ដែរ។ មន្ត្រី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ត្រួត​ពិនិត្យ​រាល់​លើក​ឈឺ​ក្បាល​ខ្លាំង​ណាស់​ ដោយ​សារ​តែ​ចាប់​ប៉ះ​ចំ​រថ​យន្ត​​ដែល​ថៅ​កែជា​​ឧក​ញ៉ា ឬឧត្តម​សេ​នីយ៍​​ហើយ​ទូរ​ស័ព្ទ​សុំ​អន្តរា​គមន៍ដោយ​មិន​​ចេះ​ខ្មាស​អៀន​ ខុស​ពី​ប្រជា​ពលរដ្ឋ​ធម្មតា​ដែល​ឱ្យ​សមត្ថ​កិច្ច​​ផាក​ពិន័យតាម​​ផ្លូវ​ច្បាប់​។ ជា​ពិសេស​រថ​យន្ត​ដឹក​ទំនិញ​ធំៗ​តែ​ម្តង មិន​ត្រឹម​តែ​ថៅ​កែ​ដែល​ជា​ឧក​ញ៉ា ឬ​ពាក់​ផ្កាយ​ប៉ុណ្ណោះ​ទេ ដែល​អន្តរា​គមន៍​នោះ សូម្បី​តែ​អ្នក​បើក​បរ​ និង​ព្រូ​ក៏​មាន​ចរិត​​ក្រអឺត​ក្រទម​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ទោះ​បី​ជា​បែប​ណា​ការ​អន្តរា​គមន៍​នោះ​មិន​ត្រូវ​បាន​យោគ​​យល់​អធ្យា​ស្រ័យ​ទេ កងកម្លាំង​​ទាំង​អស់​បាន​ធ្វើ​ការ​ផាក​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ឱ្យ​ទាល់​តែ​បាន​ទើប​អនុញ្ញាត​ឱ្យ​ទៅ​ ព្រោះ​រថ​យន្ត​ទាំង​នោះ​ផ្ទុក​លើ​ស​កំណត់​ខ្លះ​អត់​ស្លាក​លេខ​ក្រោយ ​អ្នក​បើក​បរ​ ​អត់​ពាក់​ខ្សែ​ក្រវាត់​ជាដើម​។ ក្នុង​សកម្ម​ភាព​នេះ គឺ​កង​កម្លាំង​​ទាំង​អស់​​អត់​មាន​ការ​ភ័យ​ខ្លាច​អ្វីឡើយ ព្រោះ​នេះ​គឺ​ជាការ​អនុវត្ត​តាម​អនុ​សាសន៍​របស់​សម្តេច​តេជោ​ និង​ដើម្បីសុវត្ថិ​ភាព​សង្គមតែ​​​ប៉ុណ្ណោះ ហើយ​​នៅ​ក្នុង​យុទ្ធ​នា​ការ​រយៈ​ពេល​៤​ម៉ោង​នេះ​កម្លាំង​គណៈ​បញ្ជា​ការ​ឯក​ភាពស្រុក​ធ្វើ​តេស្ត​ជាតិ​ស្រវឹង​​អ្នក​បើក​បរ​រថ​យន្ត​បាន​ចំនួន​១២០នាក់​ អ្នក​ជិះ​ម៉ូតូ​៨០​នាក់​ ប៉ុន្តែ​រក​ឃើញ​អ្នក​មាន​ជាតិ​អាល់​កុល​ដល់​កំរិត​ផាក​ពិន័យ​តែ​មួយ​នាក់​ប៉ុណ្ណោះ​។ ក្រៅ​ពី​នេះ​ ផាក​ពិន័យ​​អ្នក​ជិះ​ម៉ូតូ​អត់​កញ្ចក់​មើល​ក្រោយ​៤នាក់​​អត់​ពាក់​មួកសុវត្ថិ​ភាព​៣​នាក់​​​ រថយន្ត​ដឹក​សំពីង​សំពោង​​៥​គ្រឿង​ និង​អ្នក​បើក​បរ​អត់​ពាក់​ខ្សែ​ក្រវាត់៩នាក់ ៕