ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​សំណង់​នឹង​ផ្តល់​ជំនឿ​ជឿជាក់​ដល់​អ្នក​វិនិយោគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​មានការ​រីក​ចម្រើន ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គូសបញ្ជាក់​ថា ច្បាប់​សំណង់​ដែល​ទើប​ដាក់​ឱ្យ​អនុវត្ត ឬ​កំពុង​ជំរុញ​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​ទូទៅ​នេះ នឹង​ផ្តល់​ជំនឿ​ទុកចិត្ត​ទៅ​ដល់​វិនិយោគិន​ក្នុង​វិស័យ​សំណង់​នេះ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​មានការ​រីក​ចម្រើន ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គូសបញ្ជាក់​ថា ច្បាប់​សំណង់​ដែល​ទើប​ដាក់​ឱ្យ​អនុវត្ត ឬ​កំពុង​ជំរុញ​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​ទូទៅ​នេះ នឹង​ផ្តល់​ជំនឿ​ទុកចិត្ត​ទៅ​ដល់​វិនិយោគិន​ក្នុង​វិស័យ​សំណង់​នេះ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ ខណៈ​ថ្នាក់ដឹកនាំ​កំពូល​បង្ហាញ​ចេតនា​យក​ច្បាប់​ជា​ធំ​ក្នុង​ការ​ដឹកនាំ​វិស័យ​សំណង់ ។

លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ១៤​ខែមករា ឆ្នាំ ២០២០​នេះ​ថា វិស័យ​សំណង់​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​រហូត​ទៅ​ដល់ ១​ម៉ឺន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស្មើនឹង ៩៨% បើ​ប្រៀប​នឹង​ឆ្នាំ ២០១៨ មាន​តែ ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ច្បាប់​សំណង់​នេះ​ចាត់​ទុក​ថា​បាន​ផ្តល់​នូវ​ជំនឿ​ជឿជាក់​របស់​រាជរដ្ឋាភិបាល​ដល់​អ្នក​វិនិយោគ បោះទុន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានការ​សម្រុក​ច្រើន ដែល​តម្រូវ​ឱ្យ​ច្បាប់​សំណង់​នេះ​ឆ្លើយ​តប​ទៅ​និង​កិច្ចការ​ដែល​យើង​ចង់បាន ។

លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា «​ការ​ផ្សព្វផ្សាយ​ច្បាប់​សំណង់​នេះ គឺ​មាន​គោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​មហាជន ។ យើង​បាន​ធ្វើការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នៅ​ក្នុង​វិស័យ​សំណង់ ដើម្បី​ឱ្យ​គ្រូ​ទាំងនេះ​ចាត់ទុកជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់​ក្នុង​ការ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​សំណង់​» ។
លោក​បន្ត​ថា ការ​បណ្តុះបណ្តាល​នូវ​ច្បាប់​សំណង់​នេះ​ទៅ​ដល់​រូបវន្តបុគ្គល​ក៏​មាន​ន័យ​ថា ក្រុមហ៊ុន​ដែល​ទទួល​បានការ​ធ្វើ​អាជីវកម្ម​ទៅ​លើ​វិស័យ​មួយ​នេះ​ត្រូវ​មានការ​បញ្ជាក់​នៅ​វិញ្ញាបនបត្រ​ទទួលស្គាល់ នៅ​ពេល​ដែល​អត់​មាន​វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ​ក្រសួង គឺ​គណៈកម្មការ​នេះ​នឹង​ចុះ​ត្រួតពិនិត្យ​ឃើញ នឹង​មាន​ដីកា​របស់​ព្រះរាជអាជ្ញា និង​ធ្វើការ​កោះ​អ​ញ្ចើ​ញ ។ លោក​បន្ត​ថា «​កាលពីមុន​អត់​មានច្បាប់ តែ​មក​ដល់​បច្ចុប្បន្ន​មានច្បាប់ ហើយ​ជឿជាក់​ចុះ​ថា ខ្ញុំ​នឹង​អនុវត្ត​បាន យើង​ធ្វើ​ដូច្នេះ​ទើប​សម្រេច​បាន​នូវ​គោលបំណង​នៃ​ច្បាប់​សំណង់​នេះ​» ។

លោក​បញ្ជាក់​ទៀត​ថា ច្បាប់​សំណង់​នេះ​ត្រូវ​បាន​លើកកម្ពស់​វិស័យ​អចលនទ្រព្យ ដែល​ចាត់​ទុក​ថា​វិស័យ​អចលនទ្រព្យ គឺជា​ទុន ជា​សក្តានុពល​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គម ។ ច្បាប់​នេះ​ក៏​មាន​ផលប្រយោជន៍​ត្រួតពិនិត្យ និង​បញ្ជាក់​ផ្តល់​ភាព​ស្របច្បាប់​ទៅ​ដល់​បណ្តា​សំណង់​ដែល​បាន​សង់​រួច​កាលពី​អតីតកាល ជា​ពិសេស​ចាប់ពី​ឆ្នាំ ១៩៩៥ រហូត​ដល់​ឆ្នាំ ២០១៦ ដែល​ពី​មុន​អនុក្រឹត្យ​លេខ ៤២ និង ៨៦ ធ្លាប់​បាន​ចែង ។ អ៊ីចឹង​សំណង់​ដែល​ស្ថិត​ក្នុង​គំលាត​នេះ​នៅ​ពេល​ច្បាប់​សំណង់​ថ្មី​នេះ​ចេញ​ទៅ គឺ​ទុក​រយៈពេល ២​ឆ្នាំ ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ស្របច្បាប់​ថា សំណង់​នេះ​មាន​លក្ខណ​រឹង​មាំ​ហើយ​អាច​ចេញ​វិញ្ញាបនបត្រ​ស្របច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​គាត់​ស្នាក់​នៅ​ប្រកប​ទៅ​ដោយ​ទំនុកចិត្ត ឬ​អាច​ឱ្យ​គាត់​ដាក់​ជួល បញ្ចាំ​ដើម្បី​បាន​ចំណូល​បន្ថែម​ជូន​ប្រជាពលរដ្ឋ ។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី គោលបំណង​នៃ​ច្បាប់​នេះ​ត្រូវធ្វើ​ឱ្យ​មាន​សុវត្ថិភាព សន្តិសុខ​ដល់​ម្ចាស់​សំណង់ ដល់​អ្នក​ប្រើប្រាស់​សំណង់ និង​សាធារណជន ។ ធានា​ឱ្យ​ការ​អនុវត្ត​ច្បាប់​សំណង់​នេះ​ឱ្យ​ស្រប​ទៅ​តាម​ផែនការ​នគរូបនីយកម្ម មិនមែន​សំណង់​សង់​ខុស​ពី​នគ​រូប​នី​យ​បញ្ញត្តិ ។

យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ ២០២០ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី ២៥​ខែធ្នូ​២០១៩​កន្លង​មកនេះ​បង្ហាញ​ថា ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៤.៤៤៦​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង ១៨​លាន​ម៉ែត្រការ៉េ តម្លៃ​ប៉ា់ន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៩.៣៥៣.៦៩៧.៤៧៥​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ មាន​ចំនួន ៨៦៧​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង ១១​លាន​ម៉ែត្រការ៉េ​ត ហើយ​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៥.២២៨.៩៩២.៥២២​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៧៨,៨៨% ។

របាយការណ៍​នេះ​គូសបញ្ជាក់​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​សរុប​ក្នុង​នោះ​សមត្ថកិច្ច​ក្រសួង​មាន​ចំនួន ៤០៨​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ចំនួន ១៥​ម៉ឺន​ម៉ែត្រការ៉េ តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៨.៤៣៧.០៩៥.៧២២​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៨ មាន​ចំនួន ២៤៥​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង ១០​លាន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៤.៨២៩.១៧៣.៨៥៤​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើនឡើង ៧៤,៧១% ។

សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត មាន​ចំនួន ៤.០៣៨​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​ជាង ២​លាន​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៩១៦.៦០១.៧៥៣​ដុល្លារ​អាម​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៨ មាន​ចំនួន ២.៦២២​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង ១​លាន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិ​ន​យោគ​ប្រមាណ ៩៩.៨១៨.៦៦៨​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​ប្រមាណ ១២៩,២៥% ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ