សង្គមនីមួយៗភាគច្រើនឲ្យតម្លៃខ្ពស់លើអ្នកដឹកនាំក្រុមដែលមានសមត្ថភាពធ្វើការជាក្រុមខ្ពស់ដែលអាចបង្កើតបរិស្ថានការងារមួយដែលមនុស្សគ្រប់គ្នាចូលរួម។ ប្រាកដណាស់ ការធ្វើការជាក្រុមជាកត្តាសំខាន់សម្រាប់អាជីវកម្ម និងក្រុមហ៊ុនថ្មីៗ ហើយអាជីវករដែលជោគជ័យភាគច្រើនជាមនុស្សដែលពូកែធ្វើការជាមួយមនុស្សផងដែរ។
ផ្ទុយមកវិញ អ្នកដែលចូលចិត្តធ្វើការតែម្នាក់ឯងត្រូវបានអ្នកដទៃលាបពណ៌មិនល្អលើ ប៉ុន្តែអ្នកជំនាញផ្នែកចិត្តសាស្ត្របានឲ្យដឹងថា មនុស្សទាំងនេះបែរជាមានគុណសម្បត្តិល្អៗជាច្រើនសម្រាប់អាជីវកម្មដូចជាភាពច្នៃប្រឌិត ការដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំជាដើម។
១. ភាពច្នៃប្រឌិត
នៅពេលដែលអ្នកត្រូវគិតរកដំណោះស្រាយដែលច្នៃប្រឌិត ការចំណាយពេលនៅម្នាក់ឯងដើម្បគិតគឺជាវិធីសាស្ត្រដ៏ល្អមួយ។ ឧទាហរណ៍ដូចជាលោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ជាដើមដែលតែងតែចំណាយពេលប៉ុន្មានសប្តាហ៍នៅម្នាក់ឯងយ៉ាងតិចណាស់ក៏២ដងក្នុងមួយឆ្នាំដែរដើម្បីសិក្សា និងគិត។
យោងទៅតាមអ្នកជំនាញផ្នែកចិត្តសាស្ត្រ និងអ្នកនិពន្ធសៀវភៅ The Call of Solitude បានឲ្យដឹងថា ខណៈដែលមនុស្សដទៃជំរុញទឹកចិត្តពួកយើង ព័ត៌មានផ្តល់ចំណេះដឹងដល់យើង និងការហ្វឹកហាត់ជំរុញដល់ការអនុវត្ត ពួកយើងនៅតែត្រូវការពេលវេលានៅម្នាក់ឯងដើម្បីគិតឲ្យយល់ គិតឃើញអ្វីថ្មីៗ និងគិតឃើញចម្លើយថ្មីៗផងដែរ។
២. ការស្គាល់ខ្លួនឯងច្បាស់
អ្នកប្រាជ្ញប្រទេសក្រិចជាអ្នកដែលឲ្យតម្លៃខ្ពស់លើការត្រួតពិនិត្យមើលខ្លួនឯង។ សម្រាប់ពួកគេ វាស្ទើរតែមិនសមហេតុសមផលឡើយសម្រាប់មនុស្សម្នាក់ដែលរៀនពីអ្វីផ្សេងខណៈដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់។ ក្នុងនាមជាអាជីវករ វាក៏សំខាន់សម្រាប់អ្នកក្នុងការស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់លាស់ដែរ ដើម្បីដឹងពីចំណុចខ្លាំង និងខ្សោយររបស់ខ្លួន និងផ្នែកផ្សេងៗដែលពួកយើងចង់ពង្រឹងឲ្យកាន់តែល្អប្រសើរឡើងជាដើម។
៣. ភាពជាអ្នកដឹកនាំ
ភាពជាអ្នកដឹកនាំត្រូវការឲ្យមនុស្សម្នាក់នៅម្នាក់ឯងក្នុងកម្រិតណាមួយដែរ។ អ្នកដឹកនាំត្រូវតែធ្វើការសម្រេចចិត្តដែលសំខាន់ និងភាគច្រើនដោយប្រញាប់។ ពួកគេត្រូវតែណែនាំ និងបង្ហាញផ្លូវដល់មនុស្សដោយយោងទៅតាមទស្សនៈវិស័យ និងតម្លៃដែលពួកគេប្រកាន់ខ្ជាប់។ ដូច្នេះពួកគេត្រូវការពេលវេលានៅម្នាក់ឯងដើម្បីដឹងច្បាស់ពីរូបភាពដែលខ្លួនចង់ឲ្យក្រុមការងារខ្លួនសម្រេច ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ