ខេត្តកំពង់ចាម ៖ ក្មេងស្រីតូចបានគេចផុតពីសេចក្តីស្លាប់បន្ទាប់ពីទទួលរងការចាប់រំលោភពីជនកំណាចម្នាក់ ។ ដោយសារនាងមិនស្លាប់ ទើបជនល្មើសត្រូវបានចាប់ខ្លួន ។ តាមប្រភពព័ត៌មានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុង លំនៅឋានរបស់កសិករឈ្មោះឡុច មួយលី ភេទ ស្រី អាយុ៥១ឆ្នាំ រស់នៅភូមិកោះប្រាក់ក្នុង ឃុំ កោះទទ្ទឹម ស្រុកកំពង់សៀម ដោយចោរបានឡើងលួចទ្រព្យសម្បតិ្ត និងរើកកាយជជុះខោអាវរប៉ាត់រប៉ាយពេញលើផ្ទះនៅចន្លោះម៉ោង៤ទៅ៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ មីនា ២០១១ យកបានលុយតែចំនួន២០ដុល្លារនិងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿងប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលឃោរឃៅនោះគឺចោរនោះបានបីចៅស្រីអាយុ៦ឆ្នាំរបស់ម្ចាស់ផ្ទះនាំយកទៅរំលោភសេពសន្ថវៈនៅក្នុងចំការថ្នាំខាងក្រោយផ្ទះយ៉ាងព្រៃផ្សៃដោយយកខ្សែអាវរងាចងបិទមុខជិតប៉ងសម្លាប់បំបិទមាត់ តែអាយុថ្លៃមិនស្លាប់ត្រូវបានជីតាតាមរកឃើញទាំងអាក្រាតកាយននលគកសន្លប់ក៏ប្រញាប់នាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។
តាមលោកអនុសេនីយ៍ឯក ចក់ សុខកៅ អធិការរងនគរបាលស្រុកកំពង់សៀមទទួលផែនយុត្តិធម៌បានប្រាប់ថា នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មីនា បុរសចំណាស់ឈ្មោះឆាន ឈា អាយុ៥៣ឆ្នាំ បានបើកទ្វារផ្ទះចុះមកហាន់ថ្នាំជក់ជាមួយប្រពន្ធ ឈ្មោះឡុច មួយលី អាយុ៥១ឆ្នាំ ដោយទុកឱ្យចៅស្រីអាយុ៦ឆ្នាំ នៅដេកលើផ្ទះក្នុងមុងតែម្នាក់ឯង។ លោកអធិការរងនគរបាលស្រុកកំពង់សៀម បានប្រាប់បន្តថា លុះនៅវេលាម៉ោង៥ទៀបភ្លឺស្រ្តីឈ្មោះឡុច មួយលី បានឡើងទៅលើផ្ទះស្រែកដាស់ចៅស្រីឱ្យទៅរៀនតែមិនបានឮមាត់ចៅស្រីឆ្លើយតបនោះទេ ។ ពេលនោះគាត់បានទៅបើកមុងមើលមិនឃើញចៅស្រី ក៏បានស្រែកហៅប្តីដែលកំពុងតែហាន់ថ្នាំនៅខាងក្រោមផ្ទះមកជួយរក និងបានបញ្ចាំងភ្លើងពិលរកមើលស្រាប់តែឃើញទូកំណាត់រហែកខោអាវរប៉ាត់រប៉ាយពេញលើផ្ទះ និងបាត់លុយអស់ចំនួន២០ដុល្លារព្រមទាំងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿងតែមិនឃើញចៅស្រីឡើយ ។ ដោយមិនអស់ចិត្តពួកគាត់បានតាមរកចៅស្រីនៅខាងក្រោមផ្ទះនិងជុំវិញផ្ទះនៅតែមិនឃើញ លុះដល់ម៉ោង៥និង៣០នាទីព្រឹកអ្នកស្រុកមកប្រាប់ថា ប្រទះឃើញចៅស្រីនៅក្នុងចំការថ្នាំខាងក្រោយផ្ទះ ទើបប្រញាប់ប្រញាល់ទៅមើលស្រាប់តែឃើញចៅស្រីសន្លប់ទាំងអាក្រាតកាយននលគក ដោយមានអាវរងាចងរុំបិទមុខជិត និងមានខ្សែអំបោះពណ៌សប្រវែងជិត១ម៉ែត្រចងរឹត.ក ទៀត ។ ភ្លាមនោះគាត់បានស្រាយខ្សែចេញហើយបានដឹកចៅស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ និងបានដាក់ពាក្យប្តឹងដល់សមត្ថកិច្ចផងដែរ ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តីរដ្ឋបាលឃុំកោះទទឹ្ទមបានធ្វើការស្រាវជ្រាវតាមរកមុខសញ្ញានៅក្នុងភូមិកោះប្រាក់ក្នុង តាមបញ្ជាលោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀម ។ កម្លាំងជំនាញបានតាមរុករកមុខសញ្ញាឈ្មោះជុន ផាន់ណា ហៅហើម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមជននេះបានរត់ឡើងលើផ្ទះប្រជាពលរដ្ឋក្នុងបំណងគេចខ្លួន តែត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បានហើយពេលឆែកឆេរខ្លួនឃើញមានលុយចំនួន២០ដុល្លារ និងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿងដែលលួចពីផ្ទះរបស់ស្រ្តីកសិករឈ្មោះឡុច មួយលី ទើបបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីសួរនាំ ។
ជនសង្ស័យឈ្មោះជុន ផាន់ណា ឆ្លើយសារភាពថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៧ មីនា រូបគេបានឡើងលួចទ្រព្យសម្បត្តិលំនៅឋានខាងលើ ហើយពេលចុះមកដីវិញឃើញក្មេងស្រីអាយុ៦ឆ្នាំកំពុងតែអង្គុយបត់ជើងនៅក្បែរជណ្តើរក៏ចាប់បីយកទៅរំលោភនៅខាងក្រោយផ្ទះ។ រំលោភរួចគេបានយកខ្សែចងរឹតកក្មេងស្រីនោះដើម្បីបំបិទមាត់រហូតសន្លប់ស្មានថាស្លាប់ក៏គេចខ្លួនដោយទុកនាងចោលក្នុងចំការ ។
តាមស្រ្តីចំណាស់ឈ្មោះ ឡុច មួយលី ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះបានប្រាប់ថា គាត់រកចៅស្រីឃើញនៅក្នុងចំការថ្នាំខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០០ម៉ែត្រក្នុងសភាពអាក្រាតកាយននលគកនិងមានចងបិទមុខទៀតផង ។ សំណាងល្អចៅស្រីមិនស្លាប់គ្រាន់តែសន្លប់ទើបប្រញាប់ប្រញាល់យកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ពេលចៅស្រីដឹងខ្លួននាងចេះតែស្រែកយំរវើរវាយរកឪពុកម្តាយដែលរស់នៅភ្នំពេញប្រកបរបរកាត់ដេរសម្លៀកបំពាក់ ។ ក្នុងករណីនេះគាត់បានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន១៥.០០០ដុល្លារ និងឱ្យផ្តន្ទាទោសជនល្មើសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ៕
ចែករំលែកព័តមាននេះ