រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ2នាក់នាំគ្នាសម្ងំជក់ថ្នាំញៀន បែរជាបែកគំនិតជិះម៉ូតូ១គ្រឿងដើររកលួចកាច់.កម៉ូតូគេ ប៉ុន្តែចៃដន្យអស់លក្ខណ៍ត្រូវប្រជាពលរដ្ឋទាន់ ក៏នាំគ្នាក្របួចជាប់វាយម្នាក់មួយដៃ មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង2និង15នាទីទៀបភ្លឺ ថ្ងៃទី15 ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខជួលលេខ10 ផ្លូវ488 ស្ថិតក្នុងភូមិ3 សង្កាតើផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ និងបក្សពួកដែលត្រូវឃាត់ខ្លួនខាងលើនោះ ១-ឈ្មោះ ម៉ម រស្មី ភេទប្រុស អាយុ20ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ35ស្ទួន ផ្លូវ26 BT សង្កាត់បឹងទំពុន2 ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិវាល ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកធ្វើសកម្មភាពលួចកាច់.កម៉ូតូ និង២-ឈ្មោះ ជៀម វិសាល ភេទប្រុស អាយុ 21ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលនៅមុខផ្សារប៉េសេ សង្កាត់បឹងទំពុន2 ខណ្ឌមានជ័យ ។ ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី2004 ពាក់ស្លាកលេខ ក្រចេះ-1A-8815. ។
ចំណែកជនរងគ្រោះមានឈ្មោះ ស៊ុំ សុខវេន ភេទស្រី អាយុ20ឆ្នាំ មុខរបរលក់ដូរខោអាវ នៅផ្សារអូឡាំពិក ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FH-6489 ។
បើតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ម៉ូតូដែលចោរលួចកាច់.កនោះ គឺជាម៉ូតូរបស់ថៅកែខ្លួននោះទេ ហើយមុនកើតហេតុ គឺរូបខ្លួន និងមិត្តភ័ក្ដិម្នាក់ទៀតបានចេញពីផ្សារតាំងពីម៉ោង6ល្ងាច ហើយជិះទៅហូបអីនៅផ្សារទួលទំពូង ក៏ត្រឡប់មកដល់ផ្ទះវិញនៅម៉ោងប្រហែលជា7យប់ រួចក៏យកម៉ូតូនោះទៅទុកនៅផ្ទះថៅកែវិញដែលនៅជិតនឹងផ្ទះជួលរបស់ខ្លួនស្នាក់នៅ។
ជនរងគ្រោះបន្តថា តែពេលជិះម៉ូតូយកទៅទុកនោះ អត់មានអ្នកណាបើកទ្វារនោះទេ ខ្លួន និងមិត្តភក្តិក៏ជិះម៉ូតូយកមកទុកនៅបន្ទប់ជួលដែលគេស្នាក់នៅវិញ និងបានតេប្រាប់អ្នកបើកទ្វារឱ្យមកយកម៉ូតូទៅទុកផង ហើយក៏នាំគ្នាឡើងទៅសម្រាកបាត់អស់ទៅ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋក្បែរខាង ដោយប្រាប់ពួកខ្លួនថា ម៉ូតូខ្លួនត្រូវចោរលួចកាច់សោ.ក ។
តាមចម្លើយជនសង្ស័យឈ្មោះ ម៉ម រស្មី បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគេ និងបក្សពួកឈ្មោះ ជៀម វិសាល បាននាំគ្នាជក់គ្រឿងញៀននៅម្តុំផ្សារប៉េសេ ហើយក៏បែកគំនិតនាំគ្នាជិះម៉ូតូដើរលួចម៉ូតូប្រជាពលរដ្ឋ ។ ពេលនោះពួកគេជិះម៉ូតូតាំងពីផ្សារប៉េសេ រហូតមកដល់ស្ទឹងមានជ័យ និងជិះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញម៉ូតូជនរងគ្រោះទុកចោលនៅមុខផ្ទះ ដោយឃើញឱកាសល្អរូបគេក៏បានចុះទៅលួចកាច់.កម៉ូតូនោះ ចំណែកឈ្មោះ ជៀម វិសាល ជាអ្នកមើលផ្លូវ ។
ជនសង្ស័យបន្តថា ខណៈពេលធ្វើសកម្មភាពបានសម្រេចបម្រុងនឹងជិះចេញរត់គេចខ្លួន ស្រាប់តែមានបុរសម្នាក់ជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បី ដែលស្នាក់នៅជិតកន្លែងកើតហេតុនោះដែរ បានប្រទះឃើញគួរឱ្យសង្ស័យក៏ចូលមកឃាត់ខ្លួន និងស្រែកថា «ចោរៗ» ធ្វើឲ្យខ្លួនភ័យស្លន់ស្លោក៏ផ្តួលម៉ូតូចោលបម្រុងរត់គេចខ្លួន តែក៏ត្រូវបុរសអ្នករត់កង់បីនោះក្របួច.កអាវជាប់ ហើយក៏មានការប្រវាយប្រតប់គ្នាផ្អើលដល់ប្រជាពលរដ្ឋផ្សេងទៀតរស់នៅក្បែរនោះចេញមកជួយឃាត់ និងស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង ទើបប្រគល់ឱ្យសមត្ថកិច្ច និងឆែកឆេរឃើញមានឧបករណ៍កាច់.កម៉ូតូមួយកំប្លេរតែម្តង ។
ប្រភពដដែលបន្តថា ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ ជៀម វិសាល បានជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ម រស្មី បានហើយ សមត្ថកិច្ចក៏ប្រើនីតិវិធីជំនាញឱ្យជនសង្ស័យរូបនេះទូរស័ព្ទទៅបក្សខ្លួនម្នាក់ទៀតឱ្យមកយករូបគេវិញ ដោយយកលេសថា សមត្ថកិច្ចដោះលែងឱ្យរួចខ្លួនវិញ។ លុះមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ ជៀម វិសាល ក៏បានជិះម៉ូតូត្រឡប់មកវិញជាមួយបក្សពួកម្នាក់ទៀត ឈ្មោះ ពៅ វណ្ណា ហៅក្រៅ ឡាក់ អាយុ15ឆ្នាំ មុខរបរជាងឡាននៅផ្សារប៉េសេ ស្នាក់នៅផ្ទះលេខ25 ផ្លូវ271 សង្កាត់បឹងទំពុន1 ខណ្ឌមានជ័យ។ ពេលមកដល់កន្លែងកើតហេតុភ្លាម ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង រួចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ចំណែកជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ