ប្រជាពលរដ្ឋ​ប្រាប់​មូលហេតុ​សុខចិត្ត​នៅ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ក៏​មិន​ចំណាកស្រុក​ទៅ​ប្រទេស​គេ


ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​ខេត្ត​ប៉ៃលិន​-​បាត់ដំបង​ម្នាក់​បាន​ប្រកាន់​ជំហរ​មិន​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដូច​ជា​ប្រទេស​ថៃ​ជាដើម ព្រោះ​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ច្រើន ដូច្នេះ​ពួក​គេ​សុខចិត្ត​ស៊ីឈ្នួល​ដក​ដំឡូង​មី​នៅ​ជិត​ផ្ទះ​ជួប​មុខ​ប្រពន្ធ កូន​ជា​រៀងរាល់ថ្ងៃ​ក៏​ពេញចិត្ត​ណាស់​ទៅ​ហើយ ។

បើ​តាម​ការ​លើក​ឡើង​របស់​កសិករ​ម្នាក់​ឈ្មោះ សេន ម៉ៅ រស់នៅ​ភូមិ​ស្វាយ​.​ស ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ជាប់​នឹង​ព្រំប្រទល់​ភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ ថា​លោក​ធ្លាប់​ទៅ​ធ្វើ​ការងារ​ជា​កម្មករ​នៅ​ឯ​ប្រទេស​ថៃ​ម្តង​រួច​មក​ហើយ​កាលពី​ជាង​១០​ឆ្នាំ​មុន ដោយ​ការ​ធ្វើ​ចំណាកស្រុក​នេះ​មិន​បាន​ស្របច្បាប់​ត្រឹមត្រូវ​នោះ​ទេ ទាំង​ការ​ឆ្លង​ដែន រក​ការងារ​ធ្វើ និង​ការ​រស់នៅ​ប្រទេស​គេ​ផង​នោះ វា​ពិតជា​មានការ​ពិបាក​គ្រប់​បែប​យ៉ាង ។

ការ​ធ្វើ​ការងារ​ក៏​លំបាក​ដោយ​១​ថ្ងៃ​ៗ ភ្នែក​ស្ទើរតែ​នៅ​លើ​ចិញ្ចើម ព្រោះ​ធ្វើការ​បណ្តើរ ក្រឡេក​មើល​ក្រែង​តម្រួត​ថៃ​ឃើញ​ដេញចាប់​ដាក់គុក​ច្រវាក់ និង​វាយ​ធ្វើបាប​ជាដើម ។ ជួនកាល​ការងារ​រលូន ជួនកាល​ថៅកែ​បោក​មិន​បើកប្រាក់​ឈ្នួល​ជូន ហើយ​ប្តឹង​តម្រួត​ឱ្យ​ចាប់​ថែម​ទៀត ។ ម្យ៉ាងវិញទៀត គេ​មិន​ឱ្យ​តម្លៃ​យើង​ឡើយ ដូច​ជា​គ្មាន​សិទ្ធ​សេរីភាព ពេល​ឈឺ​ថ្កាត់​ម្តង​ៗ អត់​ហា៑ន​ទៅ​មន្ទីរពេទ្យ​ស្រុក​គេ ការ​ដើរហើរ ហូប​ចុក រួម​ទាំង​សំពាធ​ការងារ​ជា​ច្រើន​ទៀត ត្រូវ​មេការ​ធ្វើបាប និង​គេញ​ចំណេញ​ប្រាក់​ថ្លៃ​ឈ្នួល​ការងារ ។ លោក​បន្ត​ទៀត​ថា ដូច្នេះ​ហើយ​ទើប​លោក​បាន​សម្លឹង​មើល​ការងារ​នៅ​ក្នុងស្រុក​វិញ​ដោយ​បច្ចុប្បន្ន​ការងារ​ក៏​ច្រើន​តម្លៃ​ប្រាក់​ឈ្នួល​ក៏​ឡើងថ្លៃ​គួរសម​មិន​ចាញ់​ការងារ​នៅ​ក្រៅប្រទេស​ឡើយ ។

លោក​បញ្ជាក់​ថា ឆ្លងកាត់​ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​បែប​ប្រថុយប្រថាន​ខាងលើ​នេះ​បាន​ធ្វើ​អោយ​រូប​លោក​រាងចាល និង​ផ្តាំ​ត​ៗ​គ្នា​ដល់​បងប្អូន កូនក្មួយ​កុំឱ្យ​ប្រាថ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ស្រុក​គេ​ឆ្ងាយ​ផ្ទះ​អោយ​សោះ​ព្រោះ​មាន​ឧបសគ្គ​ច្រើន ណាស់​ប្រឈម​នឹង​ការ​ជាប់គុក​ច្រវាក់ និង​មិន​ប្រាកដ​ថា​ទទួល​បាន​ប្រាក់​ច្រើន​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ ។ ចំណែក​ម្ចាស់​ចំការ​ដំឡូង​មី ឈ្មោះ ញ៉ា​ន បូ​រ៉ា អាយុ​២៨​ឆ្នាំ បាន​បញ្ជាក់​អោយ​ដឹង​ដែរ​ថា ÷ ទោះ​របរ​ដាំដំឡូង​មី មាន​ឆ្នាំ​ខ្លះ​ជោគជ័យ ចំណេញ​ប្រាក់​ច្រើន ពេល​ខ្លះ​ទៀត​ក៏​ខាតបង់ ចំណេញ​តិចតួច ឬ​រួចខ្លួន​ក៏​ដោយ ក៏​រូប​លោក​សប្បាយ​នឹង​ធ្វើ​វា ព្រោះ​ជា​ការងារ​ម្ចាស់​ការ​ដោយ​ខ្លួនឯង​គ្មាន​អ្នកគ្រប់គ្រង​និង​ដឹកមុខ ។ ម្យ៉ាងទៀត បាន​រួម​រស់នៅ​ជិត​ប្រពន្ធ កូន និង​ចៅ​ៗ​ថែម​ទៀត ។

លើស​ពី​នេះ​ឆ្នាំ​ថ្មី​នេះ ដំឡូង​មី​របស់​លោក​ទទួល​បាន​ផល​មិនល្អ​ដូច​ឆ្នាំ​កន្លង​ទៅ​ទេ គឺ​ចំណេញ​តិច​ព្រោះតែ​អាកាសធាតុ​ក្តៅ មិន​មាន​ភ្លៀង​ធ្លាក់​ច្រើន តែ​លោក​ក៍​មិន​បោះបង់​ការងារ​បង្កបង្កើន​ផល​នេះ​ដែរ​ដោយនៅ​តែ​សង្ឃឹម​ជា​និច្ច​ដោយ​សង្ឃឹមថា​នៅ​ថ្ងៃ​ណាមួយ​នឹង​ជោគជ័យ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ