ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ​ជំរុញ​ឲ្យ ប​.​ស​.​ស បន្ត​ធ្វើការ​អភិ​ឌ្ឍ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​បន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ក៏​ដូច​ជា​ផ្តល់​អនុសាសន៍​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បន្ត​ធ្វើការ​អភិវឌ្ឍ​ការងារ​ឲ្យ​កាន់តែ​ប្រសិទ្ធភាព​បន្ត​ទៅ​មុខ​ទៀត ។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ក៏​ដូច​ជា​ផ្តល់​អនុសាសន៍​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បន្ត​ធ្វើការ​អភិវឌ្ឍ​ការងារ​ឲ្យ​កាន់តែ​ប្រសិទ្ធភាព​បន្ត​ទៅ​មុខ​ទៀត ។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា​នេះ នៅ​សណ្ឋាគារ​តារា​អ៊ែ​រ​ផត ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ផ្ដល់​អនុសាសន៍​ដល់​បេឡា​ជាតិ​របប​សន្តិ​សង្គម (​ប​.​ស​.​ស​) ចំនួន​៥​ចំណុច ដើម្បី​បង្កើន​វឌ្ឍនភាព និង​ប្រសិទ្ធភាព​ឱ្យ​កាន់​ខ្លាំងក្លា​បន្ត​ទៀត ។ ដែល​អនុសាសន៍​ទាំងនោះ​រួម​មាន ទី​១. ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​រៀបចំ​ពិនិត្យ​កែសម្រួល​បទដ្ឋាន​គតិ​យុ​ត្ត​មួយ​ចំនួន​ឱ្យ​ស្រប​ទៅ​នឹង​វិសាលភាព​ច្បាប់​ថ្មី ។ សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ឱ្យ​បាន​ទាន់​ពេលវេលា ។

សហការ​រៀបចំ​ផ្សព្វផ្សាយ​អំពី​ការ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ការងារ ។ បន្ត​ផ្សព្វផ្សាយ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម ពិសេស គឺ​ការ​អប់រំ​អំពី​វិធានការ​ទប់ស្កាត់​ហានិភ័យ​ការងារ រួម​មាន ការ​ការពារ​គ្រោះថ្នាក់​ក្នុង​កន្លែង​ការងារ ការ​ការពារ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ និង​ការ​ការពារ​សុវត្ថិភាព​ដទៃ​ផ្សេង​ៗ​ទៀត ។ ទី​២. ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដោយ រៀបចំ​ពិនិត្យ​កែសម្រួល​បទដ្ឋាន​គតិ​យុ​ត្ត​មួយ​ចំនួន​ឱ្យ​ស្រប​ទៅ​នឹង​វិសាលភាព​ច្បាប់​ថ្មី ។ បន្ត​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល ។

សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ប្រចាំ​ភ្លាម​ៗ ជាមួយ​មូលដ្ឋាន​សុខាភិបាល​និយោជក និង​កម្មករនិយោជិត ។ ផ្សព្វផ្សាយ​គោលការណ៍​អនុវត្ត​ថ្មី​ៗ​ដល់​និយោជក មូលដ្ឋាន​សុខាភិបាល និង​កម្មករនិយោជិត​ឱ្យ​បាន​ទូលំទូលាយ និង​គ្រប់​រូបភាព ។ លើកកម្ពស់​សេវា​បង្ការ​សុខភាព​ដល់​កម្មករនិយោជិត តាម​រយៈ​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ផ្ទាល់​នៅ​នឹង​កន្លែង​ការងារ និង​គ្រប់​រូបភាព ។ ដាក់​ភ្នាក់ងារ​សម្របសម្រួល និង​បរិក្ខា​អេ​ឡិច​ត្រូ​និក​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​មាន​កម្មករនិយោជិត​ទៅ​ប្រើប្រាស់​សេវា​ច្រើន ។ ទី ៣. ជំរុញ​ការ​ដាក់​ឱ្យ​ដំណើរការ​ផ្នែក​ប្រាក់​សោធន​ដោយ​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​របប​ប្រាក់​សោធន​ក្នុង​ឆ្នាំ​២០២០​នេះ ។ ជំរុញ​ដល់​និយោជក ម្ចាស់​សហគ្រាស ធ្វើការ​ចុះ​បញ្ជិកា និង​បង់​ភាគទាន ។ ផ្តល់​នូវ​តាវកាលិក​ជូន​ដល់​សមាជិក​ឱ្យទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

ធ្វើការ​ផ្សព្វផ្សាយ​គោលការណ៍​អនុវត្ត​ថ្មី​ៗ​ដល់​និយោជក និង​កម្មករនិយោជិត​ឱ្យ​បាន​ទូលំទូលាយ និង​គ្រប់​រូបភាព ។ ទី​៤. ពង្រឹង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន​ត្រូវ​ជំរុញ​ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ផ្នែក​ហា​នី​ភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ​ឱ្យ​បាន​ក្នុង​ឆ្នាំ​២០២០ ។ បន្ត​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន​ជាប់​ជា​ប្រចាំ ។ សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ប្រចាំ​ភ្លាម​ៗ ជាមួយ​មូលដ្ឋាន​សុខាភិបាល និង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន ។

ទី​៥. ការ​អនុវត្ត​ការ​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​នៅ​ពេល​សម្រាលកូន​ក្នុង​នោះ និយោជក និង​កម្មករនិយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​ចុះ​ឈ្មោះ​នៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​នេះ ។ សម្របសម្រួល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​ស្ត្រី​សម្រាលកូន​ឱ្យ​បាន​ទាន់​ពេលវេលា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ