ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿងរ៉ាវ​ផ្តើម​និង​បញ្ចប់​របស់​ស្នេហ៍​វ័យ​ចំណាស់​ភេទ​ដូច​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយបាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ខណ្ឌមានជ័យបាន​នាំ​ស្ត្រី​ដៃដល់​ទៅ​យក​ចិ​ញ្ចៀនពេជ្រ​ដែល​បាន​យក​ទៅ​បញ្ចាំ​នៅ​ហាង​មួយ​ក្នុង​ផ្សារ​ចាស់ នៅ​រសៀល​ថ្ងៃ​១៣ មករា ២០២០ ​ដែល​មាន​តម្លៃ​បញ្ចាំ​ចំនួន​២.០០០​ដុល្លារ ។ ការ​រក​ឃើញ​ចិ​ញ្ចៀននេះ​បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយបាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ខណ្ឌមានជ័យបាន​នាំ​ស្ត្រី​ដៃដល់​ទៅ​យក​ចិ​ញ្ចៀនពេជ្រ​ដែល​បាន​យក​ទៅ​បញ្ចាំ​នៅ​ហាង​មួយ​ក្នុង​ផ្សារ​ចាស់ នៅ​រសៀល​ថ្ងៃ​១៣ មករា ២០២០ ​ដែល​មាន​តម្លៃ​បញ្ចាំ​ចំនួន​២.០០០​ដុល្លារ ។ ការ​រក​ឃើញ​ចិ​ញ្ចៀននេះ​បាន​បង្ហាញ​ថា ការ​ចោទ​ជន​រង​គ្រោះ​ធ្វើ​
ឱ្យ​បាត់​ចិ​ញ្ចៀន​នោះ មិនមែន​ជា​ការ​ពិត​ទេ តែ​ជន​ដៃដល់​ជា​អ្នក​ប្លន់​សម្លាប់​យក​ចិ​ញ្ចៀន​ជន​រង​គ្រោះ ។ ប្រភព​​ដដែល​បញ្ជាក់​ថា នៅ​សល់​ចិ​ញ្ចៀន​ពេជ្រ​មួយ​វង់​ទៀត ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។

សូមបញ្ជាក់ថា នៅ​វេលា​ព្រឹក​ព្រលឹមថ្ងៃដដែល ​ព័ត៌មាន​បាន​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​សារ​តែ​រឿង​ឃាតកម្ម​ដែល​ស្មាន​មិន​ដល់​មួយ គឺ​ស្ត្រី​ជា​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា បាន​​ជាប់​ចោទ​សម្លាប់​ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស ។ ​រឿង​ក្តី​នេះ​ មិន​ជាប់​ទាក់ទិន​តារាចម្រៀង​រូប​នេះ​ទេ តែ​ដោយសារ​តែ​ស្ត្រី​ជា​ម្តាយ​របស់​តារាចម្រៀង​នាង ពេជ្រ សូលី​កា ទើប​រឿង​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ផង​ដែរ ។

អំពើ​ឃាតកម្ម​មួយ​នេះ​បាន​កើតឡើង រវាង​គូ​ស្នេហា​វ័យ​ចំណាស់​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​ហិង្សា​បញ្ចប់ជីវិត​តួ​ប្រុស និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ក្នុងផ្ទះ​លេខ L42A ស្ថិត​ក្នុង​បុរី​វីឡា​ថោ​ន ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ។

ស្ត្រី​ដៃដល់​ឈ្មោះ ស៊ិ​ន ស្រី​នាង (​តួអង្គ​ជា​ប្រពន្ធ​) ​អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​ ។ ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ងិ​ន សុខ​លី (​តួអង្គ​ជា​ប្តី​) អាយុ​៥០​ឆ្នាំ មុខរបរ​លក់​កាហ្វេ​នៅ​ផ្សារ​ដេប៉ូ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក តាម​ប្រភព​ខ្លះ​ថា​ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​ផង​ដែរ ។ ទាំង​២​នាក់​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​៩​ឆ្នាំ​កន្លង​មក​ហើយ ។

នាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម លោក វុ​ឌ្ឍ ផូ​សារ​វ័​ន្ត ឱ្យ​ដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ទី​១២ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ទទួល​ទូរស័ព្ទ​រាយការណ៍​មក​ថា មាន​មនុស្ស​ខ្យល់​.​គ ស្លាប់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ លោកនាយ​ប៉ុស្តិ៍ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ និង​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​កោសល្យវិច័យ ដើម្បី​ពិនិត្យ​លើ​សាកសព តើ​សព​ពិតជា​ត្រូវ​ស្លាប់​ដោយសារ​ខ្យល់គ ឬ​ក៏​ត្រូវ​ស្លាប់​ដោយ​ឃាតកម្ម​ណាមួយ ។ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក លទ្ធផល​បាន បញ្ជាក់​ថា សព​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់ គឺ​ពុំ​បាន​ស្លាប់​ដោយសារ​អាកា​រៈ​ខ្យល់គ​នោះ​ឡើយ គឺ​ដោយសារ​ការ​សម្លាប់ ឬ​ឃាតកម្ម ។

បន្ទាប់​ពី​លទ្ធផល​ពិនិត្យ​ឃើញ​ថា សព​ត្រូវ​បាន​ស្លាប់​ដោយសារ​គេ​សម្លាប់​ហើយ​នោះ នៅ​រសៀល​ថ្ងៃខែ​ដដែល សមត្ថកិច្ច​បាន​សម្រេច​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ស៊ិ​ន ស្រី​នាង ដែល​គេ​ដឹង​ថា​ ជា​តួអង្គ​ប្រពន្ធ​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម​ដើម្បី​សួរនាំ ។ ក្រោយ​សមត្ថកិច្ច ធ្វើការ​សាកសួរ​ដេញដោល​យ៉ាង​ល្អិតល្អន់​តាម​ជំនាញ​អស់​ជា​ច្រើន​ម៉ោង​រួច​មក ស្ត្រី​ជា​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ទទួលស្គាល់​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​សម្លាប់ ដៃគូ​ស្នេហា​ភេទ​ដូច​គ្នា​ប្រាកដ​មែន ដោយ​បាន​ចាប់​ចងជើង​ចងដៃ រួច​រុញ​ក្បាល​ឱ្យ​ផ្កាប់មុខ​នឹង​ខ្នើយ រហូត​ថប់ដង្ហើម​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ខណៈ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ ។

តាម​ការ​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ជា​ជន​ដៃដល់​អះអាង​ថា ដើមចម​ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​សម្លាប់​ជន​រង​គ្រោះ គឺ​ដោយសារ​រឿង​បាត់​ចិញ្ចៀនពេជ្រ​២​វង់ ដែល​មាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ដែល​ជន​ដៃដល់​ខំ​សន្សំ​លុយកាក់​ទិញ​ឱ្យ​តួ​ប្រុស​ពាក់ ហើយ​ជន​រង​គ្រោះ​មិនដឹង​យក​ចិញ្ចៀនពេជ្រ​នោះ ទៅ​ណា បានជា​បាត់​មិន​ដែល​ឃើញ​ពាក់ ។ លុះ​ពេល​សួរនាំ​ទៅ​ជន​រង​គ្រោះ ​ក៏​ពុំ​ព្រម​ឆ្លើយ​ប្រាប់ ជា​ហេតុ​ធ្វើ​ឱ្យ​កើត​ចិត្ត​ខឹងសម្បា ទើប​ឈាន​ដល់​ការ​ប្រើ​ហិង្សា​សម្លាប់​តែ​ម្តង ខណៈ​ពេល​នោះ​ពួក​គេ​នៅផ្ទះ​តែ​២​នាក់ ។

ស្ត្រី​ជា​ជនសង្ស័យ​សារភាព​បន្ត​ថា គាត់​និង​ស្ត្រី​រង​គ្រោះជា​តួ​ប្រុស បាន​ចាប់ដៃ​គ្នា​រកស៊ី​ចងការ​ប្រាក់ ដោយ​រូប​គាត់​ជា​អ្នក​សន្សំ​ប្រាក់​កាស​ឱ្យ ឯ​ជន​រង​គ្រោះ​យក​ទៅ​ចងការ​ឱ្យ​គេ​នៅ​តាម​ផ្សារ ហើយ​នៅ​ពេល​បាន​លុយ​ពីមុខ​របរ​ចងការ គឺ​ត្រូវ​បង្វិល​យក​មក​ឱ្យ​ខ្លួន​វិញ តែ​មិន​ដែល​បាន​លុយ​មួយ​សេន​ឡើយ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មកនេះ គឺ​តែងតែ​យក​លុយ​ការ​ប្រាក់​មក​ឱ្យ មិន​ដែល​គ្រប់​ចំនួន​នោះ​ទេ ចេះ​តែ​ថយ​ចុះ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ។ លើស​ពី​នោះ ចិញ្ចៀនពេជ្រ​ចំនួន​២​វង់ ក៏​ត្រូវ​បាត់ គឺ​បាត់​ម្តង​១​វង់​ៗ ហើយ​ក៏​ពុំ​ដឹង​ថា​បាត់​ទៅ​ណា ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ចំណងស្នេហា​រវាង​គូសង្សារ​ស្រី​ស្រឡាញ់​ស្រី​ទាំង​២​នេះ គឺ​ឧស្សាហ៍​កើត​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ណាស់ ហើយ​លើស​ពី​នោះ គឺ​រាល់​ជម្លោះ​ដែល​បាន​កើតឡើង គឺ​កើត​ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ​តែ​ម្តង ដោយ​ស្ត្រី​ដៃដល់​កើត​ចិត្ត​សង្ស័យ​លើ​ជន​រង​គ្រោះ​ថា អាច​មាន​ស្រី​ថ្មី​បោះបង់​ចោល​ខ្លួន ទើប​លុយកាក់​ដែល​រកបាន​ចេះ​តែ​បាត់បង់ និង​ថមថយ និង​បាត់​ទាំង​ចិញ្ចៀន​២​វង់ ដែល​ជា​ញើស​ឈាម​របស់​ខ្លួន ដែល​ខំ​សន្សំ​លុយ​ទិញ​ឱ្យ​ទៀត​ផង ។

សូម​បញ្ជាក់​ថា អ្នក​ទាំង​២​ទើបតែ​បាន​មក​ជួល​ផ្ទះ​នៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ បាន​រយៈពេល​៤​ខែ​ប៉ុណ្ណោះ ដោយ​កន្លង​មក​ពួក​គេ​រស់នៅ​ជាមួយ​គ្នា ឯ​ផ្សា​រញ៉ែ ក្បែរ​ផ្សារ​ដេប៉ូ ក្នុង​ខណ្ឌទួលគោក​ឯណោះ ។ តាម​ប្រភព​ថា ចំណងស្នេហា​រវាង​ពួក​គេ​ទាំង​២​នាក់ គឺ​ពុំ​សូវ​បាន​ស្នាក់​នៅ​ជាមួយ​គ្នា​ជាប់លាប់​ទេ គឺ​ចេញ​ចូល​ទៅ​មក ពោល​គឺ​ទាល់តែ​ចង់​ជួប​គ្នា ឬ​ត្រូវ​ទូទាត់​លុយកាក់​លើ​ការ​រកស៊ី​ទើប​ជួប​គ្នា ។ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​នាំ​ខ្លួន​ជន​ដៃដល់ យក​ទៅ​ធ្វើ​ត្រាប់​ពី​សកម្ម​ភាព​ដែល​បាន​សម្លាប់​នៅ​ចំណុច​ផ្ទះ​កើតហេតុ ដោយ​សមត្ថកិច្ច​បាន​យក​រូប​ម៉ា​នី​កាំ​ង តំណាង​ឱ្យ​ជន​រង​គ្រោះ និង​នាំ​ខ្លួន​ស្ត្រី​ដៃដល់​មាន​ពាក់​ម៉ាស់​មុខ​មក​ធ្វើ​ត្រាប់ ទៅ​តាម​ការ​សារភាព​របស់​ខ្លួន ។

បន្ទាប់​ពី​ធ្វើ​ត្រាប់​រួច សមត្ថកិច្ច​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​កាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​វិញ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង ប​ញ្ចូ​នៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ចាក់​អង្រែ​ក្រោម ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

អ្វី​ជា​ការ​កត់សម្គាល់ ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ បើ​តាម​ការ​អះអាង​បញ្ជាក់​ពី​មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជន​ដៃដល់ គឺជា​ម្តាយបង្កើត របស់​តារាចម្រៀង​វ័យក្មេង​អ្នក​នាង ស៊ិ​ន សូលី​កា ហៅ ពេជ្រ សូលី​កា ដែល​មហាជន​ស្គាល់​ថា​ ជា​តារា​ចម្រៀន​មាន​ប្រជាប្រិយ​មួយ​រូប ហើយ​រូប​នាង​ក៏​ទើបតែ​ភ្ជាប់ពាក្យ​កាលពី​ពេល ថ្មី​ៗ កាលពី​ចុងឆ្នាំ​២០១៩ កន្លង​ទៅ និង​មាន​ព័ត៌មាន​ថា​នាង​មាន​ផ្ទៃពោះ​ផង​ដែរ ។ ពិតជា​ខ្លោចចិត្ត​អាណិត​តារា​រូប​ស្រស់​នេះ​មិន​គួរ​ណា​ម្តាយ​ធ្វើអំពើ​បែប​នេះ​សោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្រី្ត​ដែល​ធ្វើខ្លួន​ជា​ប្រុស​និង​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា និង​មានមុខរ​បរជា​អ្នក​ចងការ​ប្រាក់​មាន​លុយកាក់​សល់​ច្រើន ។ ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​គ្នា​ជាមួយនឹង​ស្ត្រីជន​ដៃដល់​ជា​យូរ​មក​ហើយ តែ​មានការ​លាក់លៀម​ពី​ក្រុម​គ្រួសារ ។
ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មិន​ដែល​ធ្លាប់​បាត់​ចេញពីផ្ទះ​មួយ​យប់​ទល់​ភ្លឺ​ម្តងណា​នោះ​ទេ ទើបតែ​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ជា​យប់​ដែល​ត្រូវ​ស្លាប់​នេះ ជន​រង​គ្រោះ​បាន​បាត់​ដំណឹង ទូរស័ព្ទ​ចូល​ក៏​មិន​ទទួល ធ្វើ​ឱ្យ​ពួក​គាត់​ជា​សាច់ញាតិ​ឆ្ងល់​ហើយ​បារម្ភ ។

លុះដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ក៏​ស្រាប់តែ​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​លេចឮ​ដំណឹង​តាម​ទូរស័ព្ទ​ត​ៗ​គ្នា​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅផ្ទះ​កើតហេតុ​ខាងលើ ដែល​ជា​ផ្ទះ​វីឡា​របស់​ជន​ដៃដល់​ស្នាក់​នៅ​ដោយ​មិនដឹង​មូលហេតុ ។ គ្រាន់តែ​ទទួល​ដំណឹង​បែប​នេះ ពួក​គាត់​ជា​សាច់ញាតិ នាំ​គ្នា​ទៅ​ដល់​ផ្ទះ​កើតហេតុ ព្រោះ​សាច់ញាតិ ក៏​ស្គាល់​ផ្ទះ​របស់​ជន​ដៃដល់​នេះ​ដែរ ។

ពេល​ទៅ​ដល់​ផ្ទះ​កើតហេតុ​ស្ត្រី​ជា​ជន​ដៃដល់​បើកទ្វារ​ឱ្យ​ចូល ហើយ​និយាយ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់ បន្ទាប់​ពី​ហូប​បាយ​ហើយ សង្ស័យ​ខ្យល់គ គាត់​ក៏​ទៅ​មើល​នៅ​ក្នុងផ្ទះ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​កើយ​ខ្នើយ ត្រឹមត្រូវ​និង​មាន​ស្នាម​នៅ​ក ស្នាម​ចងដៃ​ចងជើង ព្រមទាំង​បាត់​ចិ​ញ្ចៀនពេជ្រ​២​វង់ តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ និង​ខ្សែ​ក ព្រមទាំង​លុយ​មួយ​ចំនួន​ទៀត​ហើយ​ភ្លាម​ៗ​នោះ​ដែរ ពួក​គាត់​ជា​សាច់ញាតិ មិន​អស់ចិត្ត ក៏​សុំ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​កោសល្យវិច័យ ព្រមទាំង​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ ទើប​រក​ឃើញ​ពី​ការ​ពិត​ស្តី​ពី​ឃាតកម្ម​នេះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា សព​ជន​រង​គ្រោះ គឺ​ស្លាប់​ដោយសារ​ផ្ទប់​ដង្ហើម (​ឃាតកម្ម​) និង​មាន​ស្លាកស្នាម​នៅ​លើ​ខ្លួនប្រាណ​ដោយ​ប្រើ​ហិង្សា​ជាង​១០​កន្លែង​ទៀត ទើប​សមត្ថកិច្ច​ឃាត់ខ្លួន ស្ត្រី​ដែល​ជា​សង្សារ​របស់​ស្ត្រី​រង​គ្រោះ​យក​ទៅ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​តែ​ម្ដង​ដែល​ទីបំផុត​ក៏​សារភាព ។ តាម ​សាច់ញាតិ​បាន​ចោទ​ថា ស្ត្រី​ដៃដល់​នេះ បាន​ជំពាក់​លុយ​ជន​រង​គ្រោះ​ជិត​៣០០០​ដុល្លារ ហើយ​ជន​រង​គ្រោះ​ធ្លាប់​ប្រាប់​សាច់ញាតិ​ថា ពេល​ដែល​គាត់​ទូរស័ព្ទ​ទារ​លុយ​ម្តង​ៗ​គេ​តែងតែ​គំរាម​រក​សម្លាប់​គាត់​ជា​ច្រើន​ដង​មក​ហើយ ។

សាច់ញាតិ​បាន​ប្រាប់​ទៀត​ថា ឈប់​ទារ​លុយ​នោះ​ទៅ ឲ្យ​យក​ទៅ​ចុះ​តែ​ជន​រង​គ្រោះ​នៅ​តែ​តាម​ទារ ហើយ​ក៏​ស្រឡាញ់​ជន​ដៃដល់​នេះ​ផង​ដែរ​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ថ្វាយ​ដង្គំ ខណ្ឌ​៧​មក​រា ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ