រាជធានីភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ការទទួលបានព័ត៌មានគួរឲ្យទុកចិត្តបានស្ថិតនៅក្នុងវិស័យដីធ្លី ឬក្បាលដីស្ថិតក្នុងតំបន់ណាមួយនៅក្នុងប្រទេសគឺជាបញ្ហាដែលលំបាកសម្រាប់បំផុត ជាពិសេសសម្រាប់វិនិយោគិននិងប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រតិបត្តិការសេដ្ឋកិច្ចខាងវិស័យដីធ្លី ។
ក៏ប៉ុន្តែឈានមកដល់ដើមឆ្នាំ២០២០នេះ អាចនិយាយបានថាចំណុចនេះលែងជាបញ្ហាចោទទៀតហើយចំពោះអ្នកវិនិយោគនិងប្រជាពលរដ្ឋ ព្រោះថ្មីនេះស្ថាប័នពាក់ព័ន្ធខាងវិស័យដីធ្លីបានផ្តល់នូវភាពងាយស្រួលមួយនោះគឺប្រជាពលរដ្ឋនិងអ្នកវិនិយោគិននានាអាចនឹងទទួលបានព័ត៌មានជាក់លាក់, មានភាពងាយស្រួលនិងតម្លាភាព បន្ទាប់ពីក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកជាផ្លូវការហើយនោះ ។
លោក សន សៀប នាយកក្រុមហ៊ុន Key Real Estate មានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១០ ខែមករាកន្លងទៅនេះថា «ការណ៍ដែលក្រសួងប្រកាសផ្តល់ព័ត៌មានពីសុរិយោដី និងប្រកាសអំពីតម្លៃសេវាច្បាស់លាស់បែបនេះខ្ញុំគិតថាវាជាការផ្តល់នូវទំនិកចិត្តនិងផ្តល់ភាពងាយស្រួលទៅវិនិយោគិននិងប្រជាពលរដ្ឋយើង» ។
លោកនាយកបានគូសបញ្ជាក់បន្ថែមថា «ពីមុនការទទួលបានព័ត៌មានស្តីពីសុរិយោដីមិនសូវជាច្បាស់លាស់នោះទេ ហើយការទទួលបានព័ត៌មានទៀតសោធ ពេលយើងចង់ដឹងគឺបានដោយគេប្រាប់ផ្ទាល់មាត់ តែមកដល់សព្វថ្ងៃនេះការទទួលបានព័ត៌មានពីសុរិយោដីតាមរយៈប្រព័ន្ធអេឡិចត្រូនិកវាមានលក្ខខណៈជាក់លាក់ជាង អ្វីដែលទទួលបានព័ត៌មានតាមមាត់»។
ការផ្តល់សេវាព័ត៌មានសុរិយោដីដែលក្រសួងគិតកម្រៃសេវា២ម៉ឺនរៀល (ឬ ៥ ដុល្លារអាមេរិក) ក្នុងមួយប្រតិបត្តិការនេះ បើតាមលោក សន សៀប វាផ្តល់ទំនុកចិត្ត តម្លាភាពព័ត៌មានទៅដល់ប្រជាពលរដ្ឋនិងវិនិយោគិនបន្ថែមទៀតនាពេលអនាគត។
លោក ឡោ ដាវុធ អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា ការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកនេះ វាផ្តល់ភាពងាយស្រួលក្នុងការចូលមើលព័ត៌មានក្បាលដីលើសន្លឹកបណ្ណ, សេវាលឿនរហ័ស ចំណេញពេលវេលាដោយពុំចាំបាច់ធ្វើដំណើរទៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្តដើម្បីស្នើសុំ, មានទំនុកចិត្តខ្ពស់ចំពោះព័ត៌មានអំពីអត្តសញ្ញាណម្ចាស់ដី និងអត្តសញ្ញាណដី, ចៀសវាងពីការក្លែងបន្លំឬបំភ្លៃព័ត៌មានដែលមានលើបណ្ណ,ផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅនៅពេលមានការលក់ ទិញអចលនវត្ថុនិងផ្តល់ព័ត៌មានអំពីបន្ទុកនៅលើបណ្ណជាអាទិ៍ ការដាក់ហ៊ូប៉ូតែក ការដាក់បញ្ជាំ និងបន្ទុកផ្សេងៗដែលមាននៅលើបណ្ណ។
ជារួមពាក់ព័ន្ធការផ្តល់សេវាព័ត៌មានសុរិយោដីនេះ បើតាមលោក ឡោដាវុធ ប្រព័ន្ធនេះអាចប្រើប្រាស់បានទូទៅបើអ្នកប្រើប្រាស់ចេះភាសារខ្មែរ។ប្រព័ន្ធនេះអាចគ្របដណ្តប់ទាំងក្នុងប្រទេសនិងក្រៅប្រទេសឱ្យតែមានអ៊ិនធើណែត, មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមាន QR Code និងមានកាតធនាគារជាប្រភេទ Visa Card, Master Card និងUnion Pay។
យោងតាមសេចក្តីប្រកាសអន្តរក្រសួងរវាងក្រសួងស្តីពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកថ្មីៗនេះបង្ហាញ ឬប្រកាស អនុញ្ញាតឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ងនុវត្តការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោយដីតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។
ក្នុងសេចក្តីប្រកាសអន្តរក្រសួងក្នុងប្រការ២នៃប្រការទាំង១០ បានគូសបញ្ជាក់ថា ពាក្យ «ព័ត៌មានសុរិយោដី» សំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬគ្មានជាប់បន្ទុកនៃអចលនវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ជាំ ហ៊ីប៉ូតែក ដើម្បីធានាបំណុលអណ្តែតសិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សេវភាព ការរឹបអូស ការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្នដែលហាមឃាត់ការចាត់ចែងអចលនវត្ថុ ការហាមមិនឱ្យបែងចែកអចលនវត្ថុអវិភាគ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ